(ភ្នំពេញ)៖ ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧នេះ បានអំពាវនាវដល់ប្រជាជនខ្មែរក្នុង និងក្រៅប្រទេសទាំងអស់ ឱ្យចូលរួមថវិកាក្នុងយុទ្ធនាការ៣០ថ្ងៃរបស់លោក ដើម្បីរៃអង្គាសថវិកាសាងសង់ចេតិយ៍របស់ លោកបណ្ឌិត កែម ឡី ។
ការអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពីប្រធានគណបក្សយុវជនកម្ពុជា បានប្រកាសបើកយុទ្ធនាការរយៈពេល៣០ថ្ងៃ ដើម្បីរៃអង្គាសថវិកាចូលរួមសាងសង់ចេតិយ៍ លោកបណ្ឌិត កែម ឡី បន្ទាប់ពីទទួលព័ត៌មានថា ក្រុមគ្រួសារបងប្អូន លោក កែម ឡី កំពុងខ្វះខាតថវិកាក្នុងការសាងសង់ចេតិយ៍នេះ។ យុទ្ធនាការនេះ នឹងចាប់ផ្តើមពីថ្ងៃទី០១ រហូតដល់ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧។
សូមបញ្ជាក់ថា នាថ្មីៗនេះប្អូនប្រុសលោកបណ្ឌិត កែម ឡី គឺ លោក កែម រិទ្ធីសិទ្ធ ក៏បានអំពាវនាវស្វែងរកថវិកាពីសប្បុរសជននានា ដើម្បីសាងសង់ចេតិយ៍ ជូនលោកបណ្ឌិតកែម ឡី។ ក្រោយការអំពាវនាវនេះ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចចូលរួមឧបត្ថម្ភថវិកាចំនួន៥ម៉ឺនដុល្លារ ដើម្បីឱ្យក្រុមគ្រួសារយកទៅសាងសង់ចេតិយជូនសពលោកបណ្ឌិត កែម ឡី។
ថវិកាទាំង៥ម៉ឺនដុល្លាររបស់សម្តេចតេជោ ហ៊ុន សែន ត្រូវបានលោក លឹម ជាវុត្ថា នាយកប្រតិបត្តិអង្គភាព Fresh News និងក្រុមការងារ បានយកទៅប្រគល់ជូន ដល់ផ្ទះក្រុមគ្រួសារ លោកបណ្ឌិត កែម ឡី ស្ថិតនៅភូមិអង្គតាកុប ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ៕