(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រមូលចំណូលពន្ធបង់ចូលថវិកាជាតិបានចំនួន ១,១៩២លានដុល្លារអាមេរិក នៅឆមាសទី១ ឆ្នាំ២០១៧នេះ កើនឡើង៣២.១៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០១៦។
តួលេខចំណូលពន្ធនៅឆមាសទី១នេះ ត្រូវបង្ហាញឡើងនៅក្នុង កិច្ចប្រជុំបូកសរុបលទ្ធផល ប្រមូលចំណូលពន្ធប្រចាំខែមិថុនា និងប្រចាំឆមាសទី០១ ឆ្នាំ២០១៧ របស់អគ្គនាយដ្ឋានពន្ធដារ ក្រោមអធិបតីភាពលោកបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អមដោយលោក ជូ វិជិត្ត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ និងមានការចូលរួមពីមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។
ក្នុងកិច្ចប្រជុំនោះ លោក គង់ វិបុល បង្ហាញអំពីលទ្ធផលគ្រប់គ្រងប្រមូលចំណូលពន្ធសម្រាប់ខែមិថុនា និងប្រចាំឆមាសទី០១ ឆ្នាំ២០១៧ ដោយសម្រេចបាននូវជោគជ័យគួរជាទីមោទនៈ។ ជាលទ្ធផល សម្រាប់ខែមិថុនា ឆ្នាំ២០១៧ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលបានចំណូលពន្ធ-អាករគ្រប់ប្រភេទបានចំនួន ៥១០ពាន់លានរៀល ស្មើនឹងប្រមាណជា ១២៧.៦២លានដុល្លារអាមេរិក។
លោកអគ្គនាយកបានបញ្ជាក់ទៀតថា សម្រាប់រយៈពេល០៦ខែ ឆ្នាំ២០១៧ ចំណូលពន្ធ-អាករសរុប ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន មានចំនួន ៤,៧៦៩.៦២ពាន់លានរៀល ស្មើនឹងប្រមាណជា ១,១៩២.៤០ លានដុល្លារអាមេរិក បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០១៦ មានការកើនឡើង ១,០៦០.២៥ ពាន់លានរៀល ស្មើនឹងប្រមាណជា ២៦៥.០៧ លានដុល្លារ ឬស្មើនឹងអត្រាកំណើន ៣២.១៤%។
លោកបណ្ឌិតសភាចារ្យ ទេសរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ណែនាំ ដល់លោក គង់ វិបុល ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានពន្ធដារ និងសមាជិកអង្គប្រជុំ ដូចខាងក្រោម៖
* បន្តការអប់រំផ្សព្វផ្សាយឱ្យ បានកាន់តែទូលំទូលាយ និងឱ្យបានកាន់តែជ្រួតជ្រាបថែមទៀត ក្នុងចំណោមមជ្ឈដ្ឋានអ្នកជាប់ពន្ធ ពាក់ព័ន្ធនឹងវិធាននិងនីតិវិធី នៃការបង់ពន្ធតាមប្រភេទពន្ធនីមួយៗ ជាពិសេស ពន្ធដែលពាក់ព័ន្ធ នឹងវិស័យអចលនទ្រព្យ ដើម្បីចៀសវាងមានការយល់ច្រឡំ ដែលនាំទៅដល់បញ្ហាផ្សេងៗកើតមានជាយថាហេតុ
* ពង្រឹងការគ្រប់គ្រងប្រមូលចំណូលពន្ធ ធ្វើយ៉ាងណាធានាបាននូវប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងរក្សាបាននូវអាកប្បកិរិយាទន់ភ្លន់ ទាំងពាក្យសម្តីទៅកាន់អ្នកជាប់ពន្ធ និងទាំងការអនុវត្តវិធានពន្ធដារ
* ពង្រឹងនិងប្តេជ្ញាផ្តល់សេវាជូន អ្នកជាប់ពន្ធឱ្យបានកាន់តែប្រសើរ តាមរយៈការពង្រឹងសមត្ថភាពមន្ត្រី និងបំពាក់សម្ភារៈបរិក្ខាបច្ចេកវិទ្យា ព្រមទាំងពង្រឹងកិច្ចសហការជាមួយ គ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ ទៅតាមការចាំបាច់
* បន្តធ្វើបច្ចុប្បន្នភាពអចលនទ្រព្យ សម្រាប់ពន្ធលើអចលនទ្រព្យ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស សំដៅធ្វើយ៉ាងណា ឱ្យការប្រមូលពន្ធប្រភេទនេះ ប្រព្រឹត្តទៅដោយរលូន
* យកចិត្តទុកដាក់ពន្យល់ណែនាំ អ្នកជាប់ពន្ធតូច និងលើកទឹកចិត្តពួកគាត់ឱ្យមកចុះបញ្ជី សម្រាប់អ្នកជាប់ពន្ធដែលមានផល របរប្រចាំចាប់ពី ២៥០លានរៀល ចៀសវាងដាច់ខាតការសំទ្បុតគំរាមផ្សេងៗអ្នកជាប់ពន្ធ
* ខិតខំបន្តកិច្ចសហការជាមួយ បណ្តាប្រទេសជាដៃគូនានា ដើម្បីជំរុញការងាររៀបចំកិច្ចព្រមព្រៀងចៀសវាងការ យកពន្ធត្រួតឱ្យទទួលបានជោគជ័យ និងប្រសិទ្ធភាពខ្ពស់
* បន្តរៀបចំលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យពន្ធដារ ដើម្បីឆ្លើយតប និងសម្រួលដល់ការងារគ្រប់គ្រង ប្រមូលចំណូលពន្ធឱ្យទទួល បានប្រសិទ្ធភាពខ្ពស់ និងមានភាពងាយស្រួលច្បាស់លាស់ សម្រាប់ការអនុវត្ត។
លោកបណ្ឌិតសភាចារ្យ ទេសរដ្ឋមន្ត្រី អូន ព័ន្ធមុន្នីរ័ត្ន បានវាយតម្លៃខ្ពស់ និងថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំគ្រប់អង្គភាពក្រោមឱវាទ អគ្គនាយកដ្ឋានពន្ធដារ ដែលបាននិងកំពុងចូលរួមយ៉ាងសកម្ម ខិតខំប្រឹង ប្រែងប្រមូលចំណូល រហូតទទួលបានលទ្ធផលយ៉ាងល្អប្រសើរ។
លោកទេសរដ្ឋមន្ត្រី ក៏បានផ្តល់ការណែនាំបន្ថែម ដល់គ្រប់អង្គភាពឱ្យបន្តខិតខំ ពង្រឹងការអនុវត្តច្បាប់ វិន័យការងារ និងត្រូវមានភាពទន់ភ្លន់ម៉ឺងម៉ាត់ ក្នុងការឆ្លើយតបទៅកាន់អ្នកជាប់ពន្ធ ធ្វើយ៉ាងណាឱ្យអ្នកជាប់ពន្ធសប្បាយចិត្ត មិនសម្តែងការរអ៊ូរទាំនិងផ្តល់កិច្ចសហការល្អក្នុងការបង់ពន្ធជូនរដ្ឋ៕