(ភ្នំពេញ)៖ ក្រុមជនជាប់ចោទស្រី-ប្រុស ចំនួន៥នាក់ ដែលជាប់ពាក់ព័ន្ធនឹងបទល្មើសប្លន់ជាច្រើនករណី នៅរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧នេះ ត្រូវបានប្រធានក្រុមប្រឹក្សាជំនុំជំរះ សាលាដំបូងរាជធានីភ្នំពេញ ប្រកាសសាលក្រមសម្រេចផ្តន្ទាទោសនូវបទល្មើសឧក្រិដ្ឋចំនួន៦បទល្មើស ដែលមានទោសក្នុងម្នាក់រហូត ដល់ជាង១០០ឆ្នាំ។
ជនជាប់ចោទទាំងនោះមានប្រុស៣នាក់ និងស្រី២នាក់ ដែលរួមមាន ទី១៖ ឈ្មោះ សេត ម៉ាត់រ៉ូហ្សេត អាយុ២២ឆ្នាំ ដាក់ពន្ធនាគារចំនួន១២៨ឆ្នាំ លួចមានស្ថានទម្ងន់ទោស ប្រព្រឹត្តហិង្សាបណ្តាលឲ្យមរណភាពជនរងគ្រោះ កាន់កាប់អាវុធដោយខុសច្បាប់ និងពីបទមិនរាងចាល ទី២៖ ឈ្មោះ ប៉ែន ចំណាប់ អាយុ១៨ឆ្នាំ ដាក់ពន្ធនាគារ១២០ឆ្នាំ និងទី៣៖ ឈ្មោះ អ៊ឹម សុភ័ក្រ អាយុ២៣ឆ្នាំ ដាក់ពន្ធនាគារចំនួន១២០ឆ្នាំ។ ចំណែកស្ត្រី២នាក់ទៀត មានឈ្មោះ ពេជ្រ សូណែត អាយុ២២ឆ្នាំ និងឈ្មោះ ញ៉ែម កន្និដ្ឋា អាយុ២០ឆ្នាំ ចំនួន១០៩ឆ្នាំ លួចមានស្ថានទម្ងន់ទោស ប្រព្រឹត្តហិង្សាបណ្តាលឲ្យមរណភាពជនរងគ្រោះ កាន់កាប់អាវុធដោយខុសច្បាប់ និងពីបទមិនរាងចាល និងបង្គាប់ឲ្យចាប់ឃុំខ្លួនឈ្មោះ អេង អារីពីន។
ជនជាប់ចោទទាំង៤នាក់ ក្នុងចំណោមពួកគេត្រូវបានចាប់ខ្លួននៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ ២០១៥ ចំណែកម្នាក់ទៀតឈ្មោះ អ៊ឹម សុភ័ក្រ ត្រូវបានចាប់ខ្លួនមួយខែក្រោយមក។ ពួកគេទាំងអស់គ្នា គឺជាបក្ខពួកក្រុមចោរប្លន់ ដែលកម្លាំងអាវុធហត្ថរាជធានីភ្នំពេញបានបាញ់ស្លាប់២នាក់ នៅភ្នំប្រសិទ្ធិ៍កាលពីឆ្នាំមុន។
បើតាមអង្គហេតុកាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៥ ក្រុមចោរមួយក្រុមបានប្លន់បាញ់ជនរងគ្រោះឈ្មោះ ឌិន តារារិទ្ធិ អាយុ២១ឆ្នាំ ចំក្បាលបណ្តាលឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែងក្នុងខណ្ឌទួលគោក ដើម្បីយកម៉ូតូម៉ាកឌ្រីមស៊េរី ២០១៥។ ក្រោយមកកម្លាំងអាវុធហត្ថបានតាមចាប់ជនសង្ស័យ បានទាំងអស់ដែលមានឈ្មោះដូចខាងលើ។
នៅពេលនាំកម្លាំងសមត្ថកិច្ចទៅដល់ទីនោះ អាវុធហត្ថបានបាញ់តដៃជាមួយក្រុមជនសង្ស័យ២នាក់ រហូតដល់ស្លាប់ឈ្មោះ ម៉ី និងឈ្មោះ លីម។ ឈ្មោះ ម៉ី គឺជាសង្សាររបស់ ពេជ្រ សូណែត រីឯ ឈ្មោះ លីម ជាសង្សាររបស់ ញ៉ែម កន្និដ្ឋា។ ឈ្មោះ ពេជ្រ សូណែត និង ញ៉ែម កន្និដ្ឋា ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅទីនោះ។
ដំណាក់កាលសួរដេញដោល ជនជាប់ចោទទាំង៥នាក់ រួចមកមេធាវីរបស់ពួកគេបានសុំឲ្យតុលាការដោះលែងពួកគេ ប៉ុន្តែព្រះរាជអាជ្ញា សេង ហៀង រក្សាបទចោទដដែល ហើយសាលក្រមនៃសំណុំរឿងនេះ ត្រូវបានលើកយកមកប្រកាសនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧ បើកសិទ្ធិប្តឹងឧទ្ធណ៍តាមកំណត់ច្បាប់៕