(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងថា រាជរដ្ឋាភិបាលចាំបាច់ត្រូវមានមន្ត្រីរាជការ ដែលមានសមត្ថភាព ដើម្បីធ្វើការងារអធិការកិច្ច និងដោះស្រាយបញ្ហាប្រកបដោយយុត្តិធម៌ តួយ៉ាងដូចនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧នេះ ក្រសួងទេសចរណ៍ បានបណ្ដុះបណ្ដាលមន្ត្រីរបស់ខ្លួនចំនួន ១០៧នាក់ លើជំនាញអធិការកិច្ចទេសចរណ៍ រយៈពេល១ថ្ងៃ នៅគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
លោក ថោង ខុន បានថ្លែងថា វគ្គបណ្តុះបណ្តាលមន្ត្រី អធិការកិច្ចនាពេលនេះ មានសារៈសំខាន់ណាស់ ព្រោះថា ទន្ទឹមនឹងកំណើននៃមូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍ ការប្រកួតប្រជែង និងបញ្ហាមិនប្រក្រតីជាច្រើន បាននិងកំពុងកើតមាន ដែលមានលក្ខណៈជារូបវន្តបុគ្គល និងនីតិបុគ្គលរបស់ប្រតិបត្តិករទេសចរណ៍ និងប្រតិបត្តិករទេសចរណ៍។
លោកបន្តថា «ដូច្នេះក្រសួងចាំបាច់ត្រូវមានមន្ត្រីដែលមានសមត្ថភាព ទទួលការងារអធិការកិច្ច និងដោះស្រាយដោយយុត្តិធម៌នូវបញ្ហាប្រឈមទាំងអស់នោះ»។
លោករដ្ឋមន្រី្តបានក្រើនរំលឹកថា មន្ត្រីអធិការកិច្ចទេសចរណ៍ត្រូវអនុវត្តន៍តួនាទីស្របតាមច្បាប់ ព្រោះថា មន្ត្រីអធិការកិច្ចមានភារកិច្ច ៣ចំណុច រួមមាន ពង្រឹងការអនុវត្តច្បាប់ ទេសចរណ៍ រួមទាំងច្បាប់ពាក់ព័ន្ធនានា ស្រាវជ្រាវស៊ើបអង្កេត និងធ្វើប្រតិបត្តិការបង្ក្រាបបទល្មើសវិស័យទេសចរណ៍ និងបង្កើនសមត្ថភាពក្នុងការយល់ដឹងអំពីច្បាប់ទេសចរណ៍ និងច្បាប់ពាក់ព័ន្ធដទៃទៀត ព្រោះថា មន្ត្រីអធិការកិច្ច បើមិនយល់អំពីច្បាប់នោះ ប្រតិបត្តិការ និងប្រឈមការខុសឆ្គងមិនខាន។
លោករំលឹកថា មន្ត្រីអធិការកិច្ចមិនចេះតែធ្វើអ្វីតាមចិត្តនឹកឃើញនោះទេ ហើយត្រូវមានបញ្ជាពីប្រធានស្ថាប័ននីមួយៗ ទើបអាចចេញបទប្រតិបត្តិការអធិការកិច្ចបាន។
លោករដ្ឋមន្ត្រីបានអំពាវនាវដល់មន្ត្រីអធិការកិច្ច រួមទាំងសាម៉ីស្ថាប័នដែលពាក់ព័ន្ធ ត្រូវរួមសហការគ្នា អនុវត្តន៍ឲ្យបានម៉ឺងម៉ាត់ និងគ្រប់ជ្រុងជ្រោយនៃច្បាប់ ទាក់ទងវិស័យទេសចរណ៍ ដើម្បីរួមចំណែកក្នុងការលើកកម្ពស់ការអភិវឌ្ឍន៍វិស័យទេសចរណ៍ និងទាក់ទាញភ្ញៀវទេសចរឲ្យបានកាន់តែច្រើនចូលមកទស្សនាកម្ពុជា ស្របតាមគោលនយោបាយដ៏ត្រឹម ត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា។
នៅឆ្នាំ២០២០ វិស័យទេសចរណ៍នឹងបង្កើនការងារដល់ពលរដ្ឋជិត៧លាននាក់ ខណៈវិស័យនេះក៏បានរួមចំណែក ៣% ក្នុង GDP។ ឆ្នាំ២០១៦កន្លងទៅ កម្ពុជាទទួលបានទេសចរអន្តរជាតិជាង ៥លាននាក់ ក្នុងកំណើន៥% និងនាំថវិកាប្រមាណ ៣,២១២លានដុល្លារអាមេរិក ចាក់បញ្ចូលក្នុងសេដ្ឋកិច្ចជាតិ។
ដោយឡែករយៈពេល៥ខែ ឆ្នាំ២០១៧នេះ កម្ពុជាទទួលទេសចរអន្តរជាតិជាង ២លាននាក់ កើនឡើង ១២.៥%៕