(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បានទទួលស្គាល់ថា ពិតជាមានរថយន្តមួយចំនួន ដែលបើកចូលកន្លែងថ្លឹងរថយន្ត ហើយបានបើកចេញវិញ ដោយមិនទទួលការពិនិត្យឲ្យបានត្រឹមត្រូវ តាមលក្ខណៈបច្ចេកទេស របស់ក្រសួងបានកំណត់ ប៉ុន្តែចំពោះករណីនេះ លោកនឹងចាប់វិធានការក្តៅ ចំពោះមន្ត្រីដែលកាន់ការនៅកន្លែងថ្លឹងរថយន្តទាំងនោះ និងជនដែលបានបើកបរ ចូលកន្លែងថ្លឹងហើយមិនបានពិនិត្យ។
ថ្លែងបញ្ជាក់បែបនេះ ក្នុងឱកាសដែលទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល អញ្ជើញជាអធិបតី សម្ពោធមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត សាខាបឹងស្នោរ នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ ២០១៧នេះ ស្ថិតនៅ តាមបណ្តោយផ្លូវជាតិលេខ ១ ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
លោក ស៊ុន ចាន់ថុល បានបញ្ជាក់យ៉ាងច្បាស់ថា «មានការលើកឡើងថា រថយន្តមួយចំនួនចូលកន្លែងថឹ្លងឡានអចល័តដែលក្រសួងមាន ចូលហើយមិនបានថ្លឹងទេ ហើយចេញទៅវិញ ហើយថ្ងៃនេះ ខ្ញុំសូមជម្រាបមុខអ្នកសារព័ត៌មានថា មានមែន! ខ្ញុំសូមសារភាពថាមានមែន។ ក្រសួងបានដឹងពីបញ្ហាទាំងនេះ ដោយសារតែមានការបំពាក់កាមេរ៉ាសុវត្ថិភាព នៅទូទាំងគ្រប់ខេត្តក្រុងទាំង២៤កន្លែង នៃកន្លែងថ្លឹងឡាន»។
លើសពីនេះ លោកបានព្រមានដល់មន្ត្រីទាំងអស់ដែលធ្វើរឿងបែបនេះ និងមន្រ្តីដែលកាន់ការនៅតាមស្ថានីយទាំងអស់ទូទាំងរាជធានីខេត្ត ឲ្យមានការប្រយ័ត្នប្រយែងចំពោះបញ្ហានេះ ដោយសារក្រសួងមានរូបភាព និងវិដេអូគ្រប់គ្រាន់ទាំងអស់ នៅសកម្មភាពទង្វើរបស់មន្រ្តី និងអ្នកចូលមកកាន់កន្លែងថ្លឹងឡានផ្ទាល់ផងដែរ។
លោករដ្ឋមន្ត្រី បានស្នើទៅម្ចាស់យានយន្ត ដែលដឹកលើសចំណុះ និងរថយន្តដែលល្មើសច្បាប់ ដោយមិនបានត្រួតពិនិត្យតាមលក្ខណៈបច្ចេកទេសទាំងអស់ មេត្តាជួយថែរក្សាផ្លូវ ព្រោះផ្លូវថ្នល់ទាំងអស់នេះហើយ ជាសម្បត្តិជាតិ មេត្តាកុំលើសទំងន់ ព្រោះវាបណ្តាលឲ្យផ្លូវ នាំឲ្យខាងបង់ថវិកាជាតិផងដែរ ហើយក៏គួរតែបំបាត់នូវពាក្យរិះគន់ថា «ផ្លូវនៅកម្ពុជាធ្វើជាប់» ផងដែរ។
តាមការបញ្ជាក់របស់ក្រសួងសាធារណការ បានបញ្ជាក់ដែរថា កាលពីកន្លងទៅ ក្រសួងក៏បានចាត់វិធានការ ទៅដល់មន្ត្រី ដែលមិនគោរពទៅតាមបទបញ្ជា ដោយប្តូរចេញផងដែរ៕