(សៀមរាប)៖ អាជ្ញាធរជាតិអប្សរា តាមរយៈគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចសហគមន៍ និងបេតិកភណ្ឌអង្គរហៅកាត់ថា ACHA បានសហការ ជាមួយអង្គការ អ្នកកសាងសមត្ថភាព LOCAB បានបើកវគ្គបណ្តុះបណ្តាលស្តីពី ការប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ ដើម្បីការអភិវឌ្ឍ ប្រកបដោយនិរន្តរភាព ដល់មន្ត្រីបច្ចេកទេសរបស់ខ្លួន នៅមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧នេះ។

គោលបំណងចម្បង នៃវគ្គបណ្តុះបណ្តាលនេះ គឺផ្តល់ចំណេះដឹងមូលដ្ឋានដល់មន្ត្រី បុគ្គលិកបច្ចេកទេសនៃអាជ្ញាធរជាតិអប្សរា ដែលនឹងធ្វើការផ្ទាល់ជាមួយប្រជាពលរដ្ឋ ក្នុងតំបន់អង្គរ ហើយណែនាំប្រជាពលរដ្ឋអំពីផលប្រយោជន៍ នៃការប្រើប្រាស់ថាមពលពន្លឺ ព្រះអាទិត្យទាំងសម្រាប់ជីវភាពរស់ប្រចាំថ្ងៃ និងមុខរបរកសិកម្មជាដើម។

លោក ហង់ ពៅ អគ្គនាយរងទទួលបន្ទុកនាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរ ជាតិអប្សរា ថ្លែងក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនេះថា ការជំរុញឲ្យប្រជាពលរដ្ឋក្នុងតំបន់ អង្គរប្រើប្រាស់នូវថាមពលពន្លឺព្រះអាទិត្យ សម្រាប់ជីវិតប្រចាំថ្ងៃរបស់ពួកគាត់ គឺដើម្បីរួមចំណែក ក្នុងការថែរក្សាបរិស្ថាន ទេសភាពវប្បធម៌នៃតំបន់អង្គរ និងជាពិសេស គឺជួយសម្រួលដល់ជីវភាពរស់នៅរបស់ពួកគាត់ផ្ទាល់ទៀតផង។

លោក ហង់ ពៅ បានបន្តថា ចាប់តាំងពីឆ្នាំ២០១២ អាជ្ញាធរជាតិអប្សរា តាមរយៈគម្រោង ACHA ដែលទទួលបានជំនួយពីប្រទេស ញូវហ្ស៊ីឡែន បានបង្កើតគម្រោងស្ថានីយ៍ សាកអាគុយដោយប្រើប្រាស់បន្ទះសូឡា ជូនសហគមន៍ក្នុងតំបន់អង្គរបានចំនួនបីកន្លែង ហើយ ទី១នៅភូមិលាងដៃឃុំលាងដៃ ស្រុកអង្គរធំ មានចំនួន១២ផ្ទាំង ទី២នៅភូមិទួល ក្រឡាញ់ ឃុំខ្នារសណ្តាយស្រុកបន្ទាយស្រី មានចំនួន ១៦ផ្ទាំង និងទី៣នៅ ភូមិល្បើក ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប មានចំនួន១៦ផ្ទាំង។

មិនត្រឹមតែជួយដល់បញ្ហាបរិស្ថានក្នុងតំបន់អង្គរទេ ស្ថានីយទាំងនេះក៏បានជួយ សម្រួលជីវភាពប្រជាពលរដ្ឋបានច្រើន ដោយប្រជាពលរដ្ឋ ត្រូវចំណាយថវិកាតិចជាងការ បញ្ចូលអាគុយដោយប្រើម៉ាស៊ីនទូទៅ។ ម្យ៉ាងទៀត ថវិកាដែលទទួលបានពីគម្រោងនេះ ក៏ត្រូវបានផ្តល់ជូន ប្រជាពលរដ្ឋក្នុងសហគមន៍របស់ពួកគាត់ផ្ទាល់ គឺមួយផ្នែកបានទៅ ម្ចាស់ទីកន្លែង មួយផ្នែកទៀតបានទៅគណៈកម្មការគ្រប់គ្រង និងមួយផ្នែកទៀតគឺប្រើ ប្រាស់សម្រាប់ការងារក្នុងសហគមន៍ផ្ទាល់តែម្តង។

បច្ចុប្បន្ន តាមរយៈគម្រោងនេះដដែលអាជ្ញាធរជាតិអប្សរា បានផ្តល់នូវម៉ាស៊ីនដែលប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ ជូនដល់ប្រជាពលរដ្ឋ ដើម្បីឲ្យពួកគាត់អាចយកទៅប្រើប្រាស់ក្នុងការបូមទឹកស្រោចស្រពដំណាំ កសិកម្មដើម្បីបង្កើនជីវភាពរស់នៅបន្ថែមទៀត៕