(តាកែវ)៖ អភិបាលខេត្តតាកែវលោក ឡាយ វណ្ណៈ បានណែនាំឲ្យអភិបាលក្រុង ស្រុក និងមន្ទីរអប់រំ រៀបចំកន្លែងផ្ញើកង់ ម៉ូតូដល់សិស្សដែលមកចូលរួមប្រឡងទុតិយភូមិ «បាក់ឌុប» នាពេលខាងមុខនេះ ដោយមិនតម្រូវឲ្យយកថ្លៃផ្ញើកង់ម៉ូតូនោះទេ។
លោក ឡាយ វណ្ណៈ ថ្លែងបែបនេះខណៈដែលលោក បានអញ្ជើញចូលរួមនៅក្នុងកិច្ចប្រជុំពិភាក្សាជាមួយមន្រ្តីអង្គភាពប្រឆាំងអំពើពុករលួយ និងមន្រ្តីពាក់ព័ន្ធដើម្បី ត្រៀមរៀបចំការប្រឡងទុតិយភូមិ ឆ្នាំសិក្សា២០១៧ នៅទី២៥ ខែកក្ដដា ឆ្នាំ២០១៧នេះ នៅសាលាខេត្តតាកែវ។
លោក ឡាយ វណ្ណៈបានបន្តថា កាលពីឆ្នាំកន្លងទៅ មានការរអ៊ូរទាំ និងមានការរិះគន់ពំសំណាក់អាណាព្យាបាលសិស្សព្រមទាំង ប្រព័ន្ធសង្គមហ្វេសប៊ុក ពាក់ព័ន្ធផងពាក់ព័ន្ធ ទៅនឹងការយកថ្លៃផ្ញើកង់ម៉ូតូ ពីសិស្សមកចូលរួមប្រឡងទុតិយភូមិ «បាក់ឌុប» ក្នុងតម្លៃមួយដ៏ថ្លៃហួសហេតុ ពោលកន្លែងខ្លះយកថ្លៃផ្ញើម៉ូតូមួយគ្រឿងរហូតដល់២ពាន់រៀល។
លោកអភិបាលខេត្ត បានសង្កត់ធ្ងន់ថា «ឆ្នាំនេះយើងមិនត្រូវឲ្យមានបាតុភាពអាក្រក់នេះកើតឡើងដូចបណ្ដាលឆ្នាំមុនៗ ទៀតនោះទេ យើងត្រូវតែទប់ស្កាត់ កុំឲ្យឈ្មួញខិលខូច ឆ្លៀតឱកាសកេងចំណេញពីសិស្ស»។
លោកអភិបាលខេត្តតាកែវ ក៏បានប្រាប់ដល់អភិបាលក្រុង ស្រុក ដែលមានមណ្ឌលប្រឡងធ្វើសំណើមកសាលាខេត្ត ពីការឧបត្ថមដល់កម្លាំង សមត្ថកិច្ចនគបាល និងកងរាជអាវុធហត្ថដែលជាអ្នកយាមកង់ម៉ូតូរបស់សិស្សដែលមកចូលរួមប្រឡងទុតិយភូមិ ដោយការផ្ញើកង់ ម៉ូតូនេះ គឺហាមដាច់ខាតមិនឲ្យមានការយកប្រាក់នោះទេ បញ្ហាឧបត្ថម្ភដល់សមត្ថកិច្ចជាអ្នកមើលការខុសត្រូវ កង់ម៉ូតូ គឺសាលាខេត្តជាអ្នកចេញទាំងអស់៕