(ត្បូងឃ្មុំ)៖ ស្នងការនគរបាលខេត្តត្បូងឃ្មុំ លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧នេះថា លោកនឹងធ្វើការស្រាវជ្រាវ ហើយត្រៀមចាត់វិធានការ ក៏ដូចជាការទប់ស្កាត់ បន្ទាប់ពីមានព័ត៌មានថា មានឈ្មួញវៀតណាមសម្រុកមកដើរទិញ និងកាប់ដើមកៅស៊ូ ស្វាយចន្ទី អាកាស្យា នាំចេញតាមច្រករបៀង ក្នុងស្រុកមេមត់ នាំឲ្យប៉ះពាល់ ចំណូលជាតិយ៉ាងខ្លាំង ដោយពួកគាត់មិនឆ្លងកាត់តាមច្រកអន្តរជាតិ។
លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំមិនទាន់បានទទួលព័ត៌មានលម្អិត នៅឡើយទេ ប៉ុន្តែបើមានករណី ខុសច្បាប់នេះមែន ខ្ញុំនឹងស្រាវជ្រាវបន្ថែម ដើម្បីចាត់វិធានការ និងធ្វើការទប់ស្កាត់»។ ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ស្នងការ ក៏បានស្នើសុំជួបអ្នកដែលផ្តល់ព័ត៌មាន អំពីការនាំចេញតាមច្រករបៀងទាំងនេះ ពីសំណាក់ក្រុមឈ្មួញវៀតណាម ដើម្បីបានមូលដ្ឋាន បន្ថែមងាយស្រួលធ្វើការស៊ើបអង្កេតបន្តទៀត។
សូមបញ្ជាក់ថា អ្នករកស៊ីកែច្នៃដើមកៅស៊ូ ដើមស្វាយចន្ទី និងដើមអាកាស្យាជាដើម នៅក្នុងខេត្តត្បូឃ្មុំ បានលើកឡើងពីផលប៉ះពាល់ យ៉ាងធ្ងន់ធ្ងរ សម្រាប់របររកស៊ីរបស់ពួកគេ បន្ទាប់ពីក្រុមឈ្មួញវៀតណាម តាំងពីដើមឆ្នាំ២០១៧ បានសម្រុកមកដើរទិញពីប្រជាពលរដ្ឋ តាមចំការ និងជួលឲ្យកាប់ ជួលឲ្យដឹកជញ្ជូន សម្រុកនាំចេញតាមច្រករបៀង ស្ទើរតែទាំងអស់ ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដោយមិនបាន បង់ពន្ធជូនរដ្ឋនោះឡើយ។
ក្រុមអ្នករកស៊ីដែលបានចងក្រងជាសមាគម បានសុំអន្ដរាគមន៍តាំងពីអភិបាលខេត្តមុន គឺលោក ប្រាជ្ញ ចន្ទ និងថែមទាំងដាក់លិខិតទៅ រដ្ឋមន្ដ្រីក្រសួងកសិកម្ម លោក វេង សាខុន ដើម្បីជួយទប់ស្កាត់ការនាំចេញឈើទាំងនេះ ដោយមិនបានកែច្នៃឆ្ពោះទៅប្រទេសវៀតណាម តាមច្រករបៀង ប៉ុន្ដែអន្ដរាគមន៍ទាំងនេះ មិនទទួលបានលទ្ធផលនោះឡើយ។
តំណាងសមាគមរោងចក្រកែច្នៃឈើកៅស៊ូ ក្នុងខេត្តត្បូងឃ្មុំ ដែលមានរោងចក្រ៥-៦កន្លែង លោក សុខ លាងស្រេន នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧នេះ បានថ្លែងប្រាប់ អង្គភាពព័ត៌មាន Fresh News ពីផលលំបាករបស់ពួកគេ ក្នុងការស្វែងរកទិញ ឈើកៅស៊ូ តាមការបញ្ជា ទិញពីក្រុមហ៊ុននានា ដោយហេតុផលថា ឈ្មួញវៀតណាមបានសម្រុក មកទិញ ពីប្រជាពលរដ្ឋឲ្យតម្លៃថ្លៃ ប៉ុន្ដែពួកគេធ្វើការកាប់ដឹកជញ្ជូន តាមច្រករបៀងស្ទើរតែទាំងអស់ក្នុងស្រុកមេមត់ ដូចជា៖ ច្រកអូនជ្រូក ច្រកដា និងច្រកក្រវៀនជាដើម គេចពីការបង់ពន្ធតាមរយៈការនាំ ចេញតាមច្រកអន្ដរជាតិ ដែលធ្វើឲ្យបាត់បង់ចំណូលរដ្ឋយ៉ាងច្រើន។
តំណាងសមាគមរូបនេះ បានបញ្ជាក់ថា ក្រុមរបស់លោកបានដឹកជញ្ជូននាំចេញតាមច្រកត្រពាំងផ្លុង ជាច្រកអន្ដរជាតិដោយ១ថយន្ដ ប្រភេទសណ្ដោងរ៉ឺម៉ក់ ត្រូវបង់ជូនរដ្ឋក្នុង១ ម៉ែត្រគូប២០ដុល្លារ ប៉ុន្ដែក្រុមឈ្មួញវៀតណាម ពេលលួចដឹកជញ្ជូនតាមច្រករបៀងបង់ផ្លូវក្នុងមួយឡាន១២ម៉ឺនរៀលប៉ុណ្ណោះ។
លោក សុខ លាងស្រេន ចង់ឲ្យអភិបាលខេត្តថ្មី របស់ខេត្តត្បូងឃ្មុំ ហៅប្រធាននគរបាលប៉ុស្ដិ៍ដែលគ្រប់គ្រងតាមច្រករបៀងទាំងអស់ មកណែនាំ និងធ្វើការទប់ស្កាត់ឲ្យ មានប្រសិទ្ធិភាព ដើម្បីកុំឲ្យរដ្ឋខាត់បង់ថវិកាយ៉ាងច្រើនតាមរយៈឈ្មួញវៀតណាមទាំងនេះមកប្រមូល ទិញនិងដឹកជញ្ជូនឈើមូលដែលមិនទាន់កែច្នៃ យ៉ាងអាណាធិបតេយ្យបែបនេះ។
ដោយឡែក ឈ្មួញខ្មែរ ដែលជាប្រធានរោងចក្រម្នាក់ទៀត នៅខេត្តត្បូងឃ្មុំនោះ សូមមិនបញ្ចេញឈ្មោះ ក៏បានលើកឡើងពីផលប៉ះពាល់ យ៉ាងធ្ងន់ធ្ងរ ដោយសារតែឈ្មួញ វៀតណាម ចូលមកទិញ និងកាប់ដឹកជញ្ជូនឈើកៅស៊ូ ស្វាយចន្ទីជាដើមនេះ នាំចេញតាមច្រករបៀង ខណៈដែលក្រុមរបស់លោកដឹកជញ្ជូនចេញតាមច្រកអន្ដរជាតិ មានការបង់ពន្ធជូនរដ្ឋត្រឹមត្រូវ។
លោកបានឲ្យដឹងថា ក្នុងឈើមួយម៉ែត្រគូប គឺត្រូវបង់ពន្ធជូនរដ្ឋចំនួន១៥ភាគរយ ហើយការពីមិនទាន់មានក្រុមឈ្មូញវៀតណាមចូលមក ទិញនោះ ក្នុងមួយខែៗការនាំចេញឈើកៅ ស៊ូកែច្នៃ មិនតិចជាង១ម៉ឺនម៉ែត្រគូបនោះឡើយ ប៉ុន្ដែឥឡូវមានការថយចុះរហូតជាង៥០ ភាគរយ។
លោកថា ករណីនេះ លោកធ្លាប់បានសុំអន្ដរាគមន៍ពីអភិបាលខេត្តមុន តាំងពីខែមីនា ឆ្នាំ២០១៧មកម្ល៉េះ ប៉ុន្ដែគ្មានប្រសិទ្ធិភាព ហើយសម្រាប់ អភិបាលខេត្តត្បូងឃ្មុំថ្មី លោកក៏បានសុំឲ្យជួយទប់ស្កាត់ ក៏មិនទាន់មានលទ្ធអ្វីដែរ។
សម្រាប់តំណាងសមាគមរោងចក្រកែច្នៃ ឈើកៅស៊ូ និងស្វាយចន្ទី មិនយល់ទាស់នោះទេ ហើយក៏ត្រេកអរដែលឈ្មួញវៀតណាម ហ៊ានឲ្យតម្លៃថ្លៃ ដើម្បីទិញពីប្រជាពលរដ្ឋ ប៉ុន្ដែសូមឲ្យការដឹកជញ្ជូននាំចេញរបស់ពួកគេ ធ្វើឡើងតាមច្រកអន្ដរជាតិ។
យោងតាមលិខិតដែលដាក់ជូនទៅរដ្ឋមន្ដ្រីក្រសួងកសិកម្ម «ពួកគេបានស្នើឲ្យអន្ដរាគមន៍មកអភិបាលខេត្ត ដើម្បីមានវិធានការជួយ ផ្សព្វផ្សាយដល់មន្ដ្រី តាមប៉ុស្ដិ៍រដ្ឋបាលឃុំ និងស្ថាប័នតាមច្រករបៀងក្នុងស្រុកមេមត់ទាំងមូល ដើម្បីទប់ស្កាត់ជនជាតិវៀតណាម ចូលមកទិញដើមកៅស៊ូពីប្រជាជនខ្មែរ ហើយជួលឡានខ្មែរដឹកនាំចេញឈើមូលខាងលើ យ៉ាងអាណាធិបតេយ្យចូលទឹកដីវៀតណាម មកអនុវត្តតាមច្បាប់នាំចេញ»។ នៅក្នុងលិខិតនេះពួកគេ បានលើកឡើងពីផលប៉ះពាល់ដល់ការងាររបស់កម្មករខ្មែរ ហើយជាពិសេសនោះ បាត់ចំណូលរដ្ឋតែម្ដង។
ជាមួយនឹងលិខិតសុំអន្ដរាគមន៍ខាងលើនេះ រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃនេះថា លោកពុំទាន់បានទទួលលិខិតនេះនៅឡើយទេ សុំឲ្យទាក់ទងអគ្គនាយកដ្ឋានកៅស៊ូ។
បន្ថែមលើនេះ លោករដ្ឋមន្ដ្រីបានទទួលស្គាល់ថា ពិតជាពិបាកគ្រប់គ្រង បើសិនមានការលួចនាំចេញ តាមច្រករបៀងពីព្រោះមាន ការពាក់ព័ន្ធនឹងសមត្ថកិច្ចផ្សេង ដូច្នេះមិនដឹងជាធ្វើយ៉ាងមិចនោះឡើយ ប៉ុន្ដែលោកបញ្ជាក់ថា ការនាំចេញឈើកៅស៊ូកែច្នៃ ត្រូវបានអនុញ្ញាតិឲ្យតែមានច្បាប់ត្រឹមត្រូវ៕