(ភ្នំពេញ)៖ ទីបំផុត នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧នេះ ក្រុមប្រឹក្សាធម្មនុញ្ញ បានចេញសេចក្តីសម្រេចមួយ ដោយទទួលស្គាល់ចំពោះសេចក្តីស្នើ វិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយថា ស្របតាមរដ្ឋធម្មនុញ្ញ។
តាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ បានឱ្យដឹងថា ច្បាប់ស្តីពីវិសោធនកម្មច្បាប់ គណបក្សនយោបាយ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ដែលរដ្ឋសភា បានអនុម័ត នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ នាសម័យប្រជុំរដ្ឋសភាលើកទី៨ នីតិកាលទី៥ និងព្រឹទ្ធសភា បានពិនិត្យ និងឱ្យយោបល់ឯកភាពទាំងស្រុងលើទម្រង់ និងគតិច្បាប់ដោយឥតកែប្រែ និងចាត់ទុកជាការប្រញាប់ ក្នុងសម័យប្រជុំជាវិសាមញ្ញ នីតិកាលទី៣ នាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ ត្រូវបានប្រកាសថាស្របនឹងរដ្ឋធម្មនុញ្ញ។
សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ក៏បានបញ្ជាក់ដែរថា នេះគឺជាសេចក្តីសម្រេចជាស្ថាពរ បិទផ្លូវតវ៉ា ហើយមានអនុភាពអនុវត្តទៅលើអំណាចទាំងអស់ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ និងត្រូវចុះផ្សាយក្នុងរាជកិច្ច។
សូមបញ្ជាក់ថា សេចក្តីស្នើវិសោធនកម្ម ច្បាប់ស្តីពីគណបក្សនយោបាយ ត្រូវបានផ្តួចផ្តើមឡើងជាថ្មី ដោយក្រុមតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា។
ច្បាប់ថ្មីនេះត្រូវបានកែប្រែចំនួន ៥មាត្រា ក្នុងនោះមាត្រា ៦ថ្មី(ពីរ) មាត្រា១១(ថ្មី) មាត្រា៤៤ថ្មី(ពីរ) មាត្រា៤៥ថ្មី(ស្ទួន) និងមាត្រា៤៨ថ្មី (សួន) ជាដើម។ មាត្រា៦ ថ្មី(ពីរ) បានកំណត់ថា គណបក្សនយោបាយមិនត្រូវឃុបឃិត ឬប្រើប្រាស់សារជាសំឡេង រូបភាពឯកសារជា លាយលក្ខណ៍អក្សរ ឬសកម្មភាព របស់ទណ្ឌិតជាប់ទោសបទឧក្រិដ្ឋ ឬពីបទមជ្ឈឹម ដើម្បីជាផលប្រយោជន៍នយោបាយខ្លួនឡើយ។
ដោយឡែក មាត្រា៤៨ថ្មី (សួន) ក៏បានកំណត់មិនអនុញ្ញាតឱ្យ គណបក្សនយោបាយណា មានឈ្មោះ ឬរូបរបស់រូបវ័ន្តបុគ្គលផងដែរ៕
សូមអានខ្លឹមសារលម្អិត របស់ក្រុមប្រឹក្សាធម្មនុញ្ញខាងក្រោមនេះ៖