Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទេសរដ្ឋមន្រ្តី អៀង មូលី ដឹកនាំគណ:ប្រតិភូកម្ពុជា ចូលរួមក្នុងសន្និសីទ អំពីជំងឺអេដស៍នៅប៉ារីស

25-07-2017 11:30

(ភ្នំពេញ)៖ ទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានដឹកនាំគណ:ប្រតិភូកម្ពុជា អញ្ជើញចូលរួមក្នុងសន្និសីទអន្តរជាតិស្តីពីជំងឺអេដស៍ លើកទី៩ ឆ្នាំ២០១៧ (AIS2017) នៅទីក្រុងប៉ារីស ប្រទេសបារាំង ដែលប្រារព្ធឡើងពីថ្ងៃទី២៣ ដល់២៦ ខែកក្កដា ឆ្នាំ២០១៧។

សន្និសីទនេះ រៀបចំដោយសង្គមអន្តរជាតិ ស្តីពីជំងឺអេដស៍បារាំង (International AIDS Society) មានអ្នកចូលរួមចំនួនប្រមាណ ៦,០០០នាក់ ដែលជាអ្នករៀបចំនយោបាយ និងយុទ្ធសាស្រ្តជាតិ អ្នកស្រាវជ្រាវវេជ្ជសាស្រ្ត អ្នកផ្ទុកជំងឺអេដស៍ ព្រមទាំងតំណាងសង្គមស៊ីវិល មកពីជុំវិញពិភពលោក ដើម្បីចែករំលែកបទពិសោធន៍ និងវិធីសាស្រ្តថ្មីៗក្នុងការប្រយុទ្ធជាមួយជំងឺអេដស៍។

បន្ទាប់ពីចួលរួមក្នុងកិច្ចប្រជុំពេញអង្គ ស្តាប់បទអន្តរាគមន៍ ដែលបង្ហាញពីលទ្ធផលថ្មីៗ នៃការសិក្សាស្រាវជ្រាវ អំពីជំងឺអេដស៍រួចមក លោកទេសរដ្ឋមន្រ្តី បានជួបពិភាក្សាការងារជាមួយអ្នកជំនាញបារាំង Jean Spiri ប្រធានមជ្ឈមណ្ឌលផ្សព្វផ្សាយព័ត៌មានអំពីជំងឺអេដស៍ប្រចាំតំបន់ Ile-de-France, Antoine Peigney ប្រធានផ្នែកសុខភាពនៃ Expertise France និងឯកអគ្គរដ្ឋទូត Michele Boccoz ទទួលបន្ទុកប្រយុទ្ធនឹងមេរោគអេដស៍/ជំងឺអេដស៍ និងជំងឺឆ្លង ដោយមានការចូលរួមពីវេជ្ជបណ្ឌិត Eric Fleutelot អ្នកតំណាងរដ្ឋាភិបាលបារាំងផ្នែកជំងឺឆ្លងនៅតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលមានទីស្នាក់ការនៅទីក្រុងបាងកក។

លោកទេសរដ្ឋមន្រ្តី បានពិភាក្សាជាមួយភាគីបារាំង អំពីការរៀបចំមជ្ឈមណ្ឌលព័ត៌មាន ពីជំងឺអេដស៍ ដែលគ្រោងនឹងរៀបចំនៅទីស្តីការអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ អំពីកម្មវិធីផ្តួចផ្តើម៥% ដែលបារាំងរួមចំណែក ក្នុងមូលនិធិសកល និងអំពីកិច្ចហប្រតិបត្តិការរវាងបារាំងនិងកម្ពុជាក្នុងការប្រយុទ្ធនឹងជំងឺអេដស៍៕