(ភ្នំពេញ)៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧នេះ បានប្រកាសបើកយុទ្ធនាការរយៈពេល៣០ថ្ងៃ ដើម្បីរៃអង្គាសថវិកាចូលរួមសាងសង់ចេតិយ៍ លោកបណ្ឌិត កែម ឡី។ យុទ្ធនាការនេះ នឹងចាប់ផ្តើមពីថ្ងៃទី០១ រហូតដល់ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧។
លោក ពេជ្រ ស្រស់ បានបញ្ជាក់យ៉ាងដូច្នេះថា «ការរៃអង្គាសថវិកានេះ គឺខ្ញុំផ្តើមចេញពីក្រុមការងារបក្ស និងអ្នកគាំទ្រ រហូតដល់បងប្អូនពលរដ្ឋធម្មតា ហើយខ្ញុំនឹងចាប់ផ្តើមយុទ្ធនាការរៃអង្គាសថវិកានេះគឺចាប់ពីថ្ងៃទី០១ ខែ សីហា ឆ្នាំ ២០១៧ រហូតដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧ ខាងមុខនេះ, ដោយចាប់ផ្តើមចេញពីខេត្តត្បូងឃ្មុំ និងបន្តតាមបណ្តាខេត្តនានា ដើម្បីឆ្ពោះមកកាន់ភ្នំពេញ»។
លោក ពេជ្រ ស្រស់ ក៏បានបញ្ជាក់ដែរថា យុទ្ធនាការនេះមិនពាក់ព័ន្ធរឿងនយោបាយនោះឡើយ គឺជារឿងចូលបុណ្យសុទ្ធសាធ។
នាថ្មីៗនេះប្អូនប្រុសលោកបណ្ឌិត កែម ឡី គឺ លោក កែម រិទ្ធីសិទ្ធ បានអំពាវនាវស្វែងរកថវិកាពីសប្បុរសជននានា ដើម្បីសាងសង់ចេតិយ៍ ជូនលោកបណ្ឌិតកែម ឡី។ ក្រោយការអំពាវនាវនេះ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចចូលរួមឧបត្ថម្ភថវិកាចំនួន៥ម៉ឺនដុល្លារ ដើម្បីឱ្យក្រុមគ្រួសារយកទៅសាងសង់ចេតិយជូនសពលោកបណ្ឌិត កែម ឡី។
ថវិកាទាំង៥ម៉ឺនដុល្លាររបស់សម្តេចតេជោ ហ៊ុន សែន ត្រូវបានលោក លឹម ជាវុត្ថា នាយកប្រតិបត្តិអង្គភាព Fresh News និងក្រុមការងារ បានយកទៅប្រគល់ជូន ដល់ផ្ទះក្រុមគ្រួសារ លោកបណ្ឌិត កែម ឡី ស្ថិតនៅភូមិអង្គតាកុប ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ៕