(ភ្នំពេញ)៖ គ្រូបរទេសម្នាក់ដែលបង្រៀននៅសាលាអន្តរជាតិ GOLDEN BRIDGE ដែលនាំកូនសិស្សអាយុ៥ឆ្នាំ ទៅរួមភេទដល់ផ្ទះ ត្រូវនគរបាលជំនាញ នៃនាយកដ្ឋាន ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃក្រសួងមហាផ្ទៃ បានសម្រេចធ្វើការឃាត់ខ្លួនហើយ បន្ទាប់ពីការសួរនាំទៅក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ បានរកឃើញថា ជនបរទេសរូបនេះពិតជាបានជាប់ព័ន្ធនឹងបទល្មើសនេះមែន។ នេះបើតាមមន្រ្តីជាន់ខ្ពស់នៃតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧នេះ។
មន្រ្តីជាន់ខ្ពស់ នៃតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញរូបនេះ បានបញ្ជាក់ថា «បន្ទាប់ពីសួរនាំទៅ កម្លាំងនគរបាលជំនាញ បានសម្រេចធ្វើការឃាត់ខ្លួន ហើយកាលពីល្ងាចម្សិលមិញ ដោយសាររកឃើញថា ជននេះពិតជាបានជាប់ព័ន្ធ នឹងបទល្មើសនេះមែន ហើយនឹងចាត់ការតាមនីតិវិធីបន្តទៀត ដោយកសាងសំណុំរឿងបញ្ជូនទៅតុលាការ»។ ជាមួយគ្នានេះសម្រាប់សំណុំរឿងខាងលើ គឺមានការសួរនាំលម្អិតថែមទៀតផង។
គិតត្រឹមរសៀលនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧នេះ កម្លាំងនគរបាលក្រសួងមហាផ្ទៃ បាននិងកំពុងបន្តសាកសួរបន្ថែមលើគ្រូបង្រៀនបរទេសរូបនោះ។
សូមបញ្ជាក់ថា កម្លាំងនគរបាលនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ក្រសួងមហាផ្ទៃ កាលពីល្ងាចថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ បានចុះទៅឃាត់ខ្លួនបុរសជនជាតិបរទេសម្នាក់ អាចជាជនជាតិអង់គ្លេស ដែលបង្រៀននៅសាលាអន្ដរជាតិ GOLDEN BRIDGE International School ស្ថិតនៅសាខាខណ្ឌទួលគោក បន្ទាប់ពីបែកធ្លាយរឿងអាស្រូវជនបរទេសរូបនេះ បាននាំក្មេងស្រីជាសិស្ស សាលាអាយុទើប៥ឆ្នាំ នាំទៅរួមភេទដល់ផ្ទះ។
មន្ដ្រីនគរបាលបានប្រាប់ថា ជនសង្ស័យត្រូវបានចាប់ខ្លូន ខណៈពេលចេញពីសាលារៀន ហើយជនបរទេសរូបនេះមានឈ្មោះ Mark Andrew Smith។
ការចុះទៅឃាត់ខ្លួនបុរសជនជាតិបរទេសរូបនេះ បន្ទាប់ពីធ្លាយព័ត៌មាន និងបានបង្ហោះចែកចាយនៅលើបណ្ដាញសង្គម Facebook របស់ស្ដ្រីវ័យចំណាស់ម្នាក់ មានគណនីឈ្មោះ «Vriya MC» ដែលបានរៀបរាប់ពីហេតុការណ៍មួយនេះ បន្ទាប់ពីឪពុកម្ដាយក្មេងស្រីរងគ្រោះបានប្រាប់ទៅស្ដ្រីរូបនេះ ប៉ុន្ដែពួកគេមិនហ៊ានដាក់ពាក្យបណ្ដឹងទៅសមត្ថកិច្ច គ្រាន់តែបានទៅជួបជាមួយនាយកសាលាដែលជាជនជាតិខ្មែរ៕