(កំពង់ធំ)៖ ដោយមានការយកចិត្តទុកដាក់ ពីសំណាក់អាជ្ញាធរស្រុកស្ទោង ដើម្បីរៀបចំសណ្តាប់ធ្នាប់ចរាចរណ៍ ផ្លូវថ្នល់ និងជាការថែរក្សាបញ្ហាអនាម័យ និងបញ្ជៀសទឹកដកនៅតាមដងផ្លូវជាតិនៅក្នុងស្រុកស្ទោង អាជ្ញាធរបានយកគ្រឿងចក្រមកពង្រាប និងលុបបំពេញចំណុចខូចខាតនៅក្នុងទីប្រជុំជនក្នុងស្រុក នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧។
លោក សៀង ម៉ាប់ អភិបាលរងស្រុកស្ទោង បានដឹកនាំសហការី និងមន្រ្តីគណៈកម្មការសណ្តាប់ធ្នាប់ស្រុក នាំគ្រឿងចក្រកាយដី និងសំរាម នៅតាមចំណីផ្លូវ ដែលបង្ករឲ្យមានផលប៉ះពាល់ ខូចដល់បរិស្ថាន ហើយបានបំពេញដីបន្ថែមលើចំនុចខូចខាត ដើម្បីកែសោភ័ណភាពក្នុងស្រុកឡើងវិញ ដើម្បីបញ្ជៀសបញ្ហា បណ្តាលឲ្យគ្រោះថ្នាក់ចរាចរណ៍កើតឡើង នៅក្នុងទីរួមស្រុក ស្ថិតនៅភូមិលាបទង កំពង់ក្តី និងឈើទាល ឃុំកំពង់ចិនត្បូង ។
អភិបាលរងស្រុក បានឲ្យដឹងថា ការរំដោះទឹកចេញផ្លូវជាតិ៦ចាស់ ក្នុងទីប្រជុំស្រុកស្ទោង ដើម្បីសម្រួលក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ពិសេសសិស្សនុសិស្ស និងត្រៀមសម្រាប់ពុទ្ធបរិស័ទកាន់បិណ្ឌនាពេលខាងមុខនេះ ក៏ដូចជាការឆ្លើយតបការត្រៀមបង្ការ ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ ជាយថាហេតុ។
លោកបានបន្តថា ទទឹមនឹងការនាំគ្រឿងចក្រមកកាយរំដោះទឹកចេញពីចិញ្ចើមថ្នល់ជាតិលេខ៦ចាស់នេះ គឺមានការចូលរួមសហការ ពីសំណាក់មហាជនជាច្រើន រួមទាំងបានជួយឧបត្ថម្ភគាំទ្រឲ្យមានសកម្មភាព សំអាតបរិស្ថាន ដើម្បីលើកកម្ពស់សោភ័ពភាពស្រុក ក្នុងនោះក៏មានការឧបត្ថម្ភពីសំណាក់លោក លោក អាំង រ៉ាណេ (ជាងធុង ម៉ាស៊ីនក្រឡឹង) ដែលបានជួយឧបត្ថម្ភទឹកផ្លែឈើ១កេះ សប្បុរសជនឯទៀត មានការជួយឧបត្ថម្ភជាហូហែរ ដោយសារចង់ចូលរួមអភិវឌ្ឍន៍ភូមិឃុំ ស្រុកឲ្យមានអនាម័យល្អ៕