(ភ្នំពេញ)៖ តាមរបាយការណ៍ស្ដីពីសកម្មភាពការងាររបស់ អគ្គនាយកដ្ឋានកម្ពុជា ត្រួតពិនិត្យទំនិញនីហរណ័-អាហរ័ណ និងបង្ក្រាបការក្លែងបន្លំ (កាំកុងត្រូល) សម្រាប់ឆមាសទី១ ឆ្នាំ២០១៧ បានឲ្យដឹងថា ក្នុងរយៈពេលនេះទំនិញក្លែងក្លាយ ខូចគុណភាព ផុតកំណត់រយៈពេល ប្រើប្រាស់...ល... ដែលដាក់លក់តាមផ្សារចំនួន៩២១ ផ្សារ ទូទាំងប្រទេសបានចំនួន១២,៩១៣គីឡូក្រាម ហើយយកមកកម្ទេចចោល។

របាយការណ៍ខាងលើនេះ បានបង្ហាញឲ្យដឹងនៅក្នុងកិច្ចប្រជុំបូកសរុបសកម្មភាព ការងារត្រួតពិនិត្យទំនិញ នីហ័រណ អាហរ័ណ និងបង្ក្រាបការក្លែងបន្លំ ប្រចាំឆមាសទី១ ឆ្នាំ២០១៧ ដែលរៀបចំធ្វើឡើងក្រោមអធិបតីភាពលោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧នេះ។

ក្នុងរបាយការណ៍ បានបញ្ជាក់ថា ការចុះពិនិត្យផ្សារនៅតាមបណ្ដារាជធានី និងខេត្ត ក្នុងប្រទេសត្រូវបានផ្ដោសលើសកម្មភាពរួមមាន៖ ធ្វើតេស្ដិ៍បឋមរកសំណល់ថ្នាំសំលាប់ សត្វល្អិត (ពិសេសលើបន្លែ និងផ្លែឈើ ស្រស់) ដែលបណ្ដាលមកពីការប្រើប្រាស់ថ្នាំកសិកម្ម ពុំស្របនឹងការតម្រូវក្នុងផលិតផល និងសំណល់សារធាតុគីមី ក្នុងផលិតផលម្ហូបអាហារ (សារធាតុបន្ថែម, សារធាតុគីមីហាមឃាត់, លោហធាតុពុល ។ល។ ព្រមទាំងយកគំរូមកវិភាគ​នៅមន្ទីរពិសោធន៍ផងដែរ។

របាយការណ៍ដដែល បានបន្ថែមទៀតថា ត្រួតពិនិត្យអនាម័យ និងរបៀបនៃការរៀបចំដាក់តាំងលក់ផលិតផល (ម្ហូបអាហារ និងសារធាតុគីមី, ថ្នាំកសិកម្ម...), ត្រួតពិនិត្យកម្រិតជាតិ អ៊ីយ៉ុងដដែលមាននៅក្នុងអំបិល, ត្រួតពិនិត្យសុពលភាពនៃការប្រើប្រាស់ (ថ្ងៃ-ខែ-ឆ្នាំផលិត ឫថ្ងៃ-ខែ-ឆ្នាំផុតកំណត់ប្រើប្រាស់)​ និងស្លាកសញ្ញាលើសសំបកវេចខ្ចប់។

នៅក្នុងកិច្ចប្រជុំខាងលើនេះ លោករដ្ឋមន្រ្តីបានជំរុញឲ្យមន្រ្តីកាំកុងត្រូលទាំងអស់ សហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីធ្វើការទប់ស្កាត់ ហើយយកទៅដុតកម្ទេចចោល តែត្រូវមានការចូលរួមព្រះរាជអាជ្ញា និងថ្នាក់ដឹកនាំខេត្តផងដែរ។

ជាមួយគ្នានេះបើតាមមន្រ្តីកាំកុងត្រូល នៅខាងសីហាខាងមុខ អគ្គនាយកដ្ឋានកាំកុងត្រូល នឹងទទួលបានរថយន្តពិសោធន៍ចល័តមួយគ្រឿងទៀត ដើម្បីពិនិត្យសាំងនៅតាមស្ថានីយ៍ប្រេង ឥន្ទនៈផងដែរ៕