(ភ្នំពេញ)៖ ទោះបីជាមានការប្រជុំថ្នាក់កំពូល នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧នេះ ប៉ុន្តែគណបក្សសមរង្ស៊ី មិនទាន់សម្រេចប្តូរឈ្មោះថ្មី នៅឡើយទេ ហើយកិច្ចប្រជុំពាក់ព័ន្ធនឹងការប្តូរឈ្មោះនេះ នឹងបន្តទៅថ្ងៃក្រោយ។ នេះបើតាម លោក ចេប គឹមអ៊ាង សមាជិកព្រឹទ្ធសភា មកពីគណបក្សសមរង្ស៊ី។
លោក ចេប គឹមអ៊ាង បានបញ្ជាក់ប្រាប់ Fresh News ឱ្យដឹងថា កិច្ចប្រជុំរបស់គណបក្សសមរង្ស៊ី នៅព្រឹកមិញនេះ គឺគ្រាន់តែជាកិច្ចប្រជុំ បូកសរុបលទ្ធផលប្រចាំខែប៉ុណ្ណោះ មិនទាន់លើកយកប្រធានបទប្តូរឈ្មោះ មកពិភាក្សានៅឡើយទេ ហើយថា ការពិភាក្សាអំពីការ ប្តូរឈ្មោះ នឹងឡើងនៅពេលក្រោយ។
ទោះជាយ៉ាងណា នៅក្នុងកិច្ចប្រជុំព្រឹកមិញនេះ មានសមាជិកជាន់ខ្ពស់គណបក្សសមរង្ស៊ី មួយចំនួនបានអវត្តមាន។ លោក សោ ចានដេត សមាជិកព្រឹទ្ធសភាមកពីគណបក្សសមរង្ស៊ី បានបញ្ជាក់ថា លោក មិនបានចូលរួមប្រជុំនៅព្រឹកមិញនោះទេ ដោយអះអាងថា លោកត្រឡប់ ពីខេត្តមិនទាន់។
សូមបញ្ជាក់ថា គម្រោងប្តូរឈ្មោះរបស់ គណបក្សសមរង្ស៊ី ត្រូវបានធ្វើឡើងស្របពេលដែល ច្បាប់ស្តីពីគណបក្សនយោបាយ ដែលទើបនឹងធ្វើ វិសោធនកម្មថ្មី បានឆ្លងផុតព្រឹទ្ធសភា ហើយអាចនឹងត្រូវអនុម័ត នៅពេលឆាប់ៗនេះ។
ច្បាប់ថ្មីនេះត្រូវបានកែប្រែចំនួន ៥មាត្រា ក្នុងនោះមាត្រា ៦ថ្មី(ពីរ) មាត្រា១១(ថ្មី) មាត្រា៤៤ថ្មី(ពីរ) មាត្រា៤៥ថ្មី(ស្ទួន) និងមាត្រា៤៨ថ្មី (សួន) ជាដើម។ មាត្រា៦ ថ្មី(ពីរ) បានកំណត់ថា គណបក្សនយោបាយមិនត្រូវឃុបឃិត ឬប្រើប្រាស់សារជាសំឡេង រូបភាពឯកសារជា លាយលក្ខណ៍អក្សរ ឬសកម្មភាព របស់ទណ្ឌិតជាប់ទោសបទឧក្រិដ្ឋ ឬពីបទមជ្ឈឹម ដើម្បីជាផលប្រយោជន៍នយោបាយខ្លួនឡើយ។
ដោយឡែក មាត្រា៤៨ថ្មី (សួន) ក៏បានកំណត់មិនអនុញ្ញាតឱ្យ គណបក្សនយោបាយណា មានឈ្មោះ ឬរូបរបស់រូបវ័ន្តបុគ្គលផងដែរ៕