(បន្ទាយមានជ័យ)៖ លោក សួរ បវរ អភិបាលខេត្តបន្ទាយមានជ័យ ព្រមទាំងមន្ត្រីរាជការ ប្រជាពលរដ្ឋ និងសិស្សានុសិស្ស នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧នេះ បានប្រារព្ធពិធីអបអរសាទរ បុណ្យរុក្ខទិវា ជំរុញឲ្យមានការដាំកូនឈើឡើងវិញ សម្រាប់ជាគុណប្រយោជន៍ដល់ សង្គមជាតិ ក្នុងនោះកូនឈើប្រណិត៣ប្រភេទ ជិត២០០០ដើមរួមមាន៖ បេង ធ្នង់ និងកូនក្រញូង ត្រូវបានយកទៅដាំ ក្នុងបរិវេណ វត្តប្រាសាទ ស្រះកណ្តាលខ្ចាស់ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
លោក សួន បវរ បានថ្លែងថា «ព្រៃឈើគឺមានទំនាក់ទំនងជាសាវ័ន្ត ជាមួយជីវិតនៅលើភពផែនដី ព្រៃឈើបានផ្តល់ ប្រយោជន៍ជាច្រើន ដែលមិនអាចប៉ាន់ស្មាន់ បានដល់មនុស្សជាតិ ហើយព្រៃឈើមិនត្រឹមតែមានតម្លៃខាងសេដ្ឋកិច្ច និងសង្គម ប៉ុណ្ណោះទេ តែថែមទាំងបាន ជួយរក្សាលំនឹង បរិស្ថាន ធម្មជាតិ ធ្វើឲ្យអាកាសធាតុ កាន់តែមានភាពប្រសើរឡើងរក្សានិយ័តភាព ប្រភពទឹកការពារទីជម្រាលការពារ ជីវចម្រុះ។ ជាមួយគ្នានេះ ព្រៃឈើមានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធ ជាមួយវិស័យហកសិកម្ម។ ជាកត្តាសត្យានុម័តបម្រែបម្រួល អាកាសធាតុមួយផ្នែក គឺបណ្តាលមកពីកត្តាព្រៃឈើ និងអតុល្យភាព នៃបរិស្ថានធម្មជាតិ ឈើផ្តល់នូវភាពបៃតង ភាពស្រស់បំព្រង និងជាមរតកដ៏មានតម្លៃ សម្រាប់កូនចៅជំនាន់ក្រោយ ព្រមទាំងបានផ្តល់ផល ប្រយោជន៍ដទៃទៀត សម្រាប់សកលលោក និងប្រទេសយើងទាំងមូល»។
លោក សួន បវរ បានបន្តថា រុក្ខទិវាពលកម្មដាំកូនឈើជាទិវាប្រពៃណីជាតិ គឺជាការអនុវត្តន៍ចក្ខុវិស័យ រយៈពេលវែងរបស់រាជរដ្ឋាភិបាល ក្នុងកិច្ចការពារធនធានធម្មជាតិ ជាពិសេសក្នុងគោលដៅគាំទ្រ ដល់សកម្មភាពថែរក្សាការពារព្រៃឈើសត្វព្រៃ។ ព្រៃឈើគឺជាសម្បត្តិ ធម្មជាតិដ៏មានសារសំខាន់ មិនត្រឹមតែទ្រទ្រង់ជីវិតរបស់មនុស្ស និងសត្វតែប៉ុណ្ណោះទេ ថែមទាំងផ្តល់នូវគុណប្រយោជន៍ដ៏ធំធេងជា ច្រើនទៀត ក្នុងការប្រកបមុខរបរ ការស្នាក់នៅដំណើរ ទេសចរណ៍កំសាន្តសោភ័ណ្ឌភាព ភាពត្រជាក់ត្រជុំជាដើម។ ព្រៃឈើផ្តល់នូវតុល្យ ភាពរក្សាលំនឹងបរិស្ថានធម្មជាតិ និងការពារស្ថិតស្ថេរនៃពិភពផែនដីរបស់យើង ព្រៃឈើ អាចកាត់បន្ថយយ៉ាងច្រើននូវគ្រោះធម្មជាតិ ដូចជាភាពរាំងស្ងួត ទឹកជំនន់ ការកើនឡើងនូវកំដៅ ទប់ស្កាត់ការហូរច្រោះ។ល។
លោកអភិបាលខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋ សិស្សានុសិស្ស មន្ត្រីរាជការ និងកងកម្លាំងទាំងអស់ ឲ្យចេះស្រឡាញ់ព្រៃឈើ ជួយដាំកូនឈើឡើងវិញ បន្ទាប់ពីមានការបាត់បង់កន្លងមក ពីព្រោះព្រៃឈើមានតម្លៃធំធេងសម្រាប់មនុស្សជាតិជាសរសៃឈាមក្នុងវិស័យ កសិកម្ម ទេសចរណ៍ ជាអាយុជីវិតរបស់ប្រជាកសិករ និងជាប្រភពកំណើនសេដ្ឋកិច្ច។ ដូច្នេះយើងត្រូវរួមគ្នាថែរក្សា ការពារព្រៃឈើ និងសត្វព្រៃ នាំគ្នាជួយដាំដើមឈើឲ្យបានគ្រប់ៗគ្នានិងគ្រប់ទីកន្លែងផងដែរ។
សូមបញ្ជាក់ថា រដ្ឋបាលខេត្ត និងមន្ត្រីរាជការបានយកកូនឈើប្រមាណជាង១០០០ដើម មានបេង ធ្នង់ និងក្រញូង នឹងត្រូវដាក់ដាំក្នុង រុក្ខទិវាឆ្នាំនេះ ដាស់ស្មារតីប្រជាពលរដ្ឋចូលរួមដាំដើមឈើឡើងវិញ។
លោក អភិបាលខេត្ត បានបន្តផ្ដាំផ្ញើទៅដល់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ជាពិសេសខណ្ឌរដ្ឋបាលព្រៃឈើខេត្ត ធ្វើយ៉ាងណា ត្រូវខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ក្នុងការដាក់ចេញនូវវិធានការគ្រប់គ្រងទៅលើកាអភិវឌ្ឍវិស័យ ព្រៃឈើជាចម្បងនិងត្រូវផ្សព្វផ្សាយ ច្បាប់ លិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធ លើវិស័យព្រៃឈើឲ្យបានទូលំទូលាយ ដល់គ្រប់ ស្រទាប់អ្នកពាក់ព័ន្ធ ត្រូវជំរុញការអនុវត្តច្បាប់ និងចាត់វិធានការស្រាវជ្រាវ ទប់ស្កាត់សកម្មភាពអនាធិបតេយ្យក្នុងវិស័យ ព្រៃឈើ និងធ្វើការបង្ក្រាបបទល្មើសព្រៃឈើនិងសត្វព្រៃឲ្យ បានម៉ឺងម៉ាត់ និងមានប្រសិទ្ធភាពខ្ពស់ផងដែរ៕