(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស ជំរុញឲ្យមេបញ្ជាការអាវុធហត្ថទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ចំពោះការហូបចុក អនាម័យ កន្លែងស្នាក់នៅ កន្លែងធ្វើការ ការស្លៀកពាក់ឯកសណ្ឋាន មន្ដ្រីរបស់ខ្លួនឲ្យបានល្អ។
នេះបើតាមឲ្យដឹងពី លោកឧត្តមសេនីយ៍ឯក វង្ស ពិសេន មេបញ្ជាការរង និងជានាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ថ្លែងក្នុងកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច ការងារកងរាជអាវុធហត្ថប្រចាំខែកក្កដា និងដាក់ចេញទិសដៅខែសីហា ឆ្នាំ២០១៧ នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ ទីកន្លែងសាលប្រជុំសេនាធិការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស។
កិច្ចប្រជុំនោះ មានការអញ្ជើញចូលរួមពីសំណាក់ លោកឧត្តមសេនីយ៍ នាយរងសេនាធិការដ្ឋាន ស្នងការ ស្នការរង និងនាយទាហាន នៃកងរាជអាវុធហត្ថតាមបណ្តាអង្គភាព បញ្ជាការដ្ឋានទូទាំងប្រទេសជាច្រើនរូបទៀតដែរ។
លោកឧត្តមសេនីយ៍ឯក វង្ស ពិសេន បានឲ្យដឹងថា កងរាជអាវុធហត្ថបានចូលរួមចំណែករក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សហការពង្រឹងការអនុវត្តច្បាប់ ស្រាវជ្រាវ និងបង្ក្រាបបទល្មើសព្រហ្មទណ្ឌ ជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះមហន្តរាយផ្សេង និងចូលរួមការងារសង្គមជួយសាងសង់ រុះរើផ្ទះប្រជាពលរដ្ឋ ចែកអំណោយដល់ប្រជាពលរដ្ឋជួបការលំបាក។ល។
លើសពីនេះទៀត ដោយមានការដឹកនាំគ្រប់គ្រងផ្ទាល់ពី នាយឧត្តមសេនីយ៍ សៅ សុខា បានយកចិត្តទុកចិត្តសាងសង់ហេដ្ឋារចនាសម្ព័ន្ធគ្រប់បញ្ជាការដ្ឋានរាជធានី ខេត្ត មូលដ្ឋានក្រុង ស្រុក ខណ្ឌ និងរហូតដល់ស្នាក់ការ និងត្រូវធ្វើការហ្វឹកហ្វឺនបណ្តុះបណ្តាល អប់រំរៀនសូត្រជាប្រចាំទាំងទ្រឹស្តី និងការអនុវត្តជាក់ស្តែង ជាពិសេសបានបញ្ជូននាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថ ចូលរួមសិក្ខាសាលាក្នុងនិងក្រៅប្រទេស។ រីឯការងារធានាវិញបានបំពាក់សម្ភារៈ ឧបករណ៍ និងបើកចែកស្បៀង ប្រាក់បៀវត្សទាន់ពេលវេលា។
នាយឧត្តមសេនីយ៍ មេបញ្ជាការកងរាជអាវុធហត្តលើផ្ទៃប្រទេស តែងតែរំលឹកដល់ប្រធានស្ថាប័ន មេបញ្ជាការអង្គការទាំងអស់ ឲ្យយកចិត្តទុកដាក់ខ្ពស់ចំពោះការហូបចុកឆ្អែត អនាម័យ កន្លែងស្នាក់នៅ កន្លែងធ្វើការ ការស្លៀកពាក់ឯកសណ្ឋាន និងរួមគ្នាដោះស្រាយចំពោះអាវុធហត្ថដែលជួបការលំបាក ជាពិសេសការបរិច្ចាគថវិកាជាមួយគ្នាក្នុងមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថ ដើម្បីរំលែកទុក្ខដល់ក្រុមគ្រួសារអាវុធហត្ថពលី មរណៈ៕