(ព្រះវិហារ)៖ សេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News ប្រចាំនៅខេត្តព្រះវិហារ បានឲ្យដឹងថា បន្ទាប់ពីភ្លៀងមួយមេធំ នៅយប់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧នេះ បណ្ដាលឲ្យទឹកលិចស្ទើរគ្រប់ស្រុក-ក្រុង រួមមានមន្ទីរខ្លះដែរនៅខេត្តព្រះវិហារ តែមិនបណ្ដាលឲ្យប្រជាពលរដ្ឋណាម្នាក់រងគ្រោះថ្នាក់នោះទេ ពោលគឺគ្រាន់តែខូចខាតសម្ភារៈក្នុងផ្ទះមួយចំនួនប៉ុណ្ណោះ។
មិនបង្អង់យូរនោះទេ នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧នេះ លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ ដឹកនាំមន្ដ្រីក្រោមឱវាទចុះពិនិត្យមើលស្ថានភាព ទឹកលេចជាក់ស្ដែងតែម្ដង ដើម្បីងាយស្រួលជួយសង្គ្រោះប្រជាពលរដ្ឋ ទៅរកទីទួលសុវត្ថិភាពភ្លាមៗ។
យ៉ាងណាមិញ ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងពីស្ថានភាពអាកាសធាតុ និងស្ថានភាពទឹកជំនន់ ដោយសារឥទ្ធិពលព្យុះទី៨ ឈ្មោះ សុនកា ដែលធ្វើឲ្យកម្ពុជា នឹងមានភ្លៀងធ្លាក់ខ្លាំង ហើយស្ថានភាពទឹកជំនន់នឹងហក់ឡើងខ្ពស់ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែកក្កដា។
ហេតុដូច្នេះហើយ ចាប់ពីថ្ងៃទី២៥-២៧ ខែកក្កដា ឆ្នាំ២០១៧ សូមបងប្អូនប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រទាំងអស់ បង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់បំផុត ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតឡើងជាយថាហេតុ។ ដោយឡែក ប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេមេគង្គលើ ទន្លេសេសាន សេកុង ស្រែពក ព្រមទាំងផ្លូវទឹកនានាក្នុងតំបន់ខ្ពង់រាប សូមបង្កើនការយកចិត្តទុកដាក់ចំពោះស្ថានភាពទឹកជំនន់ ដែលនឹងហក់ឡើងក្នុងពេលដ៏ខ្លីខាងមុខនេះ៕