(កំពង់ស្ពឺ)៖ បន្ទាប់ពីត្រឡប់មកប្រទេសកម្ពុជាវិញ ជាមួយនឹងជោគជ័យដ៏ថ្មីបន្ថែមទៀតសម្រាប់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខេត្តកំពង់ស្ពឺ នៅល្ងាចថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧នេះ លោក វ៉ី សំណាង អភិបាលខេត្ត បានឲ្យដឹងថា វិនិយោគិនហុងកុង មានជំនឿចិត្តយ៉ាងមុតមាំលើរាជរដ្ឋាភិបាលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន រួមទាំងមានការសហការយ៉ាងប្រសើររវាងទីក្រុងហុងកុង និងកម្ពុជា។
លោក វ៉ី សំណាង បានបញ្ជាក់ថា ជាលទ្ធផលក្នុងដំណើរទស្សនៈកិច្ចនេះ ខេត្តកំពង់ស្ពឺ នឹងទទួលបានវិនិយោគិនថ្មីៗចំនួន១០កន្លែងបន្ថែមទៀត ដែលអាចផ្តល់ការងារជូនប្រជាពលរដ្ឋ ប្រមាណជាង១ម៉ឺននាក់ផងដែរ។
អភិបាលខេត្តបន្តថា ក្នុងនាមលោកជាថ្នាក់ដឹកនាំមានមោទនភាពយ៉ាងក្រៃលែង ដែលលទ្ធផលទទួលបានផ្លែផ្កាយ៉ាងគាប់ប្រសើរ ហើយវិនិយោគិនហុងកុងបានចាត់ទុកកម្ពុជា ជាដែនដីមានសន្តិភាព និងងាយស្រួលបន្តាក់ទុនរកស៊ី ដោយឡែកកំពង់ស្ពឺ ក៏ជាទឹកដីសុវណ្ណភូមិ ជាតំបន់សម្បូរប្រជាពលរដ្ឋរស់នៅ ប្រកបការងាររកស៊ីដោយស្លូតបូតទៀងត្រង់ និងមានសន្តិសុខគាប់ប្រសើរ។
លោកបានបញ្ជាក់ថា នៅពេលជួបក្រុមវិនិយោគវាយនភណ្ឌ នៅទីក្រុងហុងកុង ក្រុមការងារបានជំរាបជូនថា កម្ពុជាមានសន្តិភាព មានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលផ្នែកវិនិយោគនេះហើយ ទើបមានវិនិយោគច្រើនគេជឿទុកចិត្ត លើរដ្ឋាភិបាល ជាពិសេសមានវិនិយោគធំៗជាច្រើន បានរកស៊ីនៅកម្ពុជា មិនតែប៉ុណ្ណោះក្រុមនិយោជិកធំៗបានសរសើរ និងគាំទ្រចំពោះអាជ្ញាធរខេត្តកំពង់ស្ពឺ ដែលមានការគ្រប់គ្រងបានល្អ ហើយមានកម្មករ-កម្មការិនីច្រើនក្នុងខេត្តនេះកត្តាបាច់ដល់ការវិនិយោគ។
ដោយឡែកថ្នាក់ដឹកនាំបន្ត យកចិត្តទុកដាក់ជាមួយវិនិយោគ ធ្វើឲ្យវិនិយោគមិនមានទំនុកចិត្ត និងរីកចម្រើនលើមុខរបរ និងមានជំនឿចិត្តយ៉ាងមុតមាំ ទៅលើការដឹកនាំប្រកបរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
បន្ថែមពីនេះ លោកអភិបាលខេត្តកំពង់ស្ពឺ បានប្រាប់ដល់វិនិយោគហុងកុងថា កម្ពុជាមាននាយករដ្ឋមន្ត្រី ប្រកបដោយការគោរពស្រឡាញ់ ពីប្រជាពលរដ្ឋកម្ពុជា ដែលបានដឹកនាំប្រទេសពីសង្គ្រាម និងបាតដៃទទេ មកមានអ្នកវិនិយោគទុនជាច្រើន និងផ្តល់ការងារជូនពលរដ្ឋគ្រប់ទិសទីទូទាំងប្រទេស កាត់បន្ថយភាពក្រីក្រ និងមានការអភិវឌ្ឍន៍ផងដែរ៕