(ភ្នំពេញ)៖ ស្ត្រីវ័យចំណាស់ម្នាក់ដែលអះអាងថា ខ្លួនរងភាពអយុត្តិធម៌ ពាក់ព័ន្ធសំណុំរឿងជម្លោះដីធ្លី ដ៏រុំារ៉ៃ នៅក្រុងព្រះសីហនុ តាំងពីឆ្នាំ២០០៦មកនោះ បានចេញមកស្នើសុំឲ្យតុលាការកំពូល ពិនិត្យនិងពិចារណាការពិត និងផ្តល់យុត្តិធម៌ជូនអ្នកស្រី ខណៈដែលអ្នកស្រីជាម្ចាស់កម្មសិទ្ធិដីធ្លីស្របច្បាប់ មានអាជ្ញាធរដឹងឮ និងទទួលស្គាល់ បែរជារងភាពអយុត្តិធម៌ចាញ់ក្តីភាគីម្ខាងទៀត នៅសាលាឧទ្ធរណ៍ ដែលមានតែលិខិតទិញលក់ទទួលស្គាល់តែភាគីអ្នកទិញ និងអ្នកលក់ប៉ុណ្ណោះ គ្មានអាជ្ញាធរដឹងឮនោះឡើយ។
ថ្លែងប្រាប់អង្គភាព Fresh News នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧នេះ អ្នកស្រី ហ៊ឹម សុវណ្ណរី បានអះអាងថា ក្នុងទំនាស់ដីធ្លីនេះមានទីតាំងនៅភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ កើតឡើងតាំងពីឆ្នាំ២០០៦ បង្កឡើងភាគីម្ខាងទៀត ឈ្មោះ ហេង វណ្ណា ដែលបានដាក់កម្លាំងមកឈូសឆាយ រំលោភយកដីរបស់គាត់ ទាំងគាត់មានប័ណ្ណកម្មសិទ្ធិស្របច្បាប់ ហើយត្រូវអាជ្ញាធរ និងប្រជាពលរដ្ឋនៅទីនោះ ដឹងរឿងច្បាស់។ ដោយរឿងក្តីនេះ បន្តប្តឹងផ្តល់រហូតឡើងដល់ តុលាការកំពូលនៅពេលនេះ។
អ្នកស្រីបញ្ជាក់ថា តាមពិតទៅដីជម្លោះនេះ អ្នកស្រីបានទិញស្របច្បាប់ពីឈ្មោះ ស៉ីវ អេង ដោយប្លង់កម្មសិទ្ធិត្រឹមត្រូវ នឹងបានលក់បន្តឲ្យឈ្មោះ គឹម ពុទ្ធា ប៉ុន្តែឈ្មោះ គឹម ពុទ្ធា នៅតែឲ្យអ្នកស្រីជាអ្នកគ្រប់គ្រងជំនួស។ អ្នកស្រីបានបន្តថា បន្ទាប់ពីមានការរំលោភបំពាន អ្នកស្រីបានប្តឹងផ្តល់ជាបន្តបន្ទាប់ តាំងពីសាលាដំបូង រហូតដល់តុលាការកំពូល។ នៅសាលាដំបូង អ្នកស្រីបានឈ្នះក្តីលើឈ្មោះ ហេង វណ្ណា ប៉ុន្តែអ្នកស្រីបែរជាចាញ់ក្តី នៅសាលាឧទ្ធរណ៍ទៅវិញ។ នៅពេលនេះ រឿងក្តីបានស្ថិតក្នុងចំណាត់ការរបស់តុលាការកំពូល ហើយត្រូវប្រកាសសាលដីការនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧ស្អែកនេះ។
អ្នកស្រី ហ៊ឹម សុវណ្ណរី បានបន្តថា ក្នុងនាមអ្នកស្រីជាជនរងគ្រោះក្នុងរឿងរ៉ាវអយុត្តិធម៌ជម្លោះដីធ្លីនេះ បានសូមអំពាវនាវឲ្យតុលាការកំពូល វែកញែកឲ្យបានច្បាស់លាស់ និងយុត្តិធម៌ ចំពោះអ្នកកាន់គតិយុទ្ធស្របច្បាប់ និងអ្នកដែលមានតែលិខិតទិញលក់ ដែលផ្តិតមេដៃតែអ្នកលក់ និងអ្នកទិញ គ្មានអាជ្ញាធរដឹងឮនោះ។ អ្នកស្រី ហ៉ឹម សុវណ្ណរី បានបង្ហាញនូវក្តីសង្ឃឹមថា តុលាការកំពូលនឹងផ្តល់ភាពយុត្តិធម៌ និងរកឃើញការពិត៕
ឯកសារកម្មសិទ្ធិដែល អ្នកស្រី ហ៉ឹម សុវណ្ណរី អះអាងថា ខ្លួនកាន់កាប់ស្របច្បាប់
ឯកសារកម្មសិទ្ធិភាគីម្ខាងទៀតដែល អ្នកស្រី ហ៉ឹម សុវណ្ណរី អះអាងថា មានតែអ្នកលក់ និងអ្នកទិញ គ្មានអាជ្ញាធរដឹងឮ