(ភ្នំពេញ)៖ មន្ទិលសង្ស័យជាច្រើនកំពុងកើតមានឡើងជុំវិញការលាឈប់របស់ព្រះតេជគុណ ប៊ុត ប៊ុនតិញ និងសមាជិកមួយចំនួនទៀត ពីបេសសកកម្មសាងសង់ ចេតិយ ជូនសពរបស់លោក កែម ឡី ហើយក៏មានចម្ងល់ផងដែរថា តើថវិកាប្រមូលបានតាមរយៈមូលនិធិសម្រាប់សាងសង់ចេតិយរបស់លោកបណ្ឌិត កែម ឡី ត្រូវបានគេយកទៅណា?
គេនៅចាំបានយ៉ាងច្បាស់នូវសង្ឃដីការបស់ព្រះតេជគុណ ប៊ុត ប៊ុនតិញ ព្រះសង្ឃធ្លាប់សូត្រមន្តដាក់ទំនាយនាយករដ្ឋមន្រ្តីកម្ពុជា កាលពីលោក កែម ឡី ទើបទទួលមរណភាពភ្លាមៗ ព្រោះខ្មាន់កាំភ្លើងជួបសម្លាប់បាញ់ប្រហារនោះ តាមរយៈសារព័ត៌មាននានា ព្រះអង្គបានរៀបរាប់បង្ហាញនូវគម្រោងជាច្រើនសម្រាប់ បេសកកម្មសាងសង់ចេតិយជូនសពលោកបណ្ឌិត កែម ឡី ដូចមានរៀបចំជាស្រះទឹក និងធ្វើជាបណ្ណាល័យថែមទៀតផង។
បើតាមស្តាប់ការរៀបរាប់របស់ព្រះសង្ឃគ្រងស្បង់ចីវរ ដើម្បីបម្រើនយោបាយបក្សប្រឆាំងអង្គនេះ អ្នកដែលគោរពស្រឡាញ់លោកបណ្ឌិត កែម ឡី បានបង្ហាញ ក្តីសប្បាយរីករាយខ្លាំងណាស់ ហើយសូម្បីតែដួងវិញ្ញាណក្ខន្ធរបស់លោក កែម ឡី ក៏បានស្ងប់ផងដែរ។ ព្រោះថា តាមការរៀបរាប់នោះ គឺសពរបស់លោក កែម ឡី នឹងត្រូវបានតម្កល់ក្នុងទីកន្លែងដ៏ថ្លៃថ្នូរស័ក្តិសមជាបុគ្គល ដែលមហាជនជាច្រើនគោរពស្រឡាញ់។
តែផ្ទុយទៅវិញ ទាំងព្រះតេជគុណ ប៊ុត ប៊ុនតិញ និងសមាជិកមួយចំនួន ហាក់មិនបានធ្វើអ្វីទៅតាមការលើកឡើងនោះឡើយ។ រយៈពេលប្រមាណជា១ឆ្នាំ តាំងពីថ្ងៃដែលព្រះតេជគុណ បានប្រកាសនោះកុំថាឡើយសួនច្បារ ស្រះទឹក ឬបណ្ណាល័យ សូម្បីតែចេតិយរបស់លោកបណ្ឌិត កែម ឡី មិនបានលេចចេញ ជារូបរៀងនោះឡើយ។ សពលោក កែម ឡី ដែលគេនាំគ្នាថា គោរពស្រឡាញ់ បានត្រឹមនៅក្នុងផ្នូរធ្វើពីស៊ីម៉ង់តិ៍យ៉ាងសាមញ្ញជាទីបំផុត ក្នុងគេហដ្ឋានរបស់លោកនៅក្នុងខេត្តតាកែវ។
លោក កែម រិទ្ធិសិទ្ធ ប្អូនប្រុសបង្កើតរបស់លោក កែម ឡី បាននិយាយប្រាប់ Fresh News ថា ព្រះតេជគុណ ប៊ុត ប៊ុនតិញ និងសមាជិកមួយចំនួនទៀត បានលាឈប់ពីបេសសកម្មសាងសង់ចេតិយរបស់លោកបណ្ឌិត កែម ឡី ទៅហើយ។ ក្រៅពីការលាឈប់ទៅសម្រាប់ថវិកា ដែលព្រះតេជគុណ ប៊ុត ប៊ុនតិញ និងសមាជិកមួយចំនួន បានប្រកាសកៀរគរសម្រាប់សាងសង់ចេតិយនោះ ក៏មិនដឹងថា ប្រមូលបានប៉ុន្មាន ហើយត្រូវយកទៅទីណាដែរ។
* បើតាមលោកយាយម្តាយរបស់បណ្ឌិត កែម ឡី និងលោក កែម រិទ្ធិសិទ្ធ បានឲ្យដឹងថា លោកមិនដែលទទួលបានថវិកាសូម្បីមួយរៀលពីគណៈកម្មការសម្រាប់ដំណើរការសាងសង់ចេតិយនោះឡើយ។
លោក កែម រិទ្ធិសិទ្ធ ក៏បានបង្ហើបរឿងរ៉ាវឆ្អែតចិត្តជាច្រើនទៀត ដែលលោកសូមកុំឲ្យទម្លាយពាក់ព័ន្ធនឹងសពបងប្រុសរបស់លោក ត្រូវបានមនុស្សជាច្រើនចាត់ចែង លើសពួកគាត់ជាក្រុមគ្រួសារ ជាប្អូនប្រុស ជាបងស្រី និងជាម្តាយនោះ។ ប្អូនប្រុសបង្កើតរបស់លោក កែម ឡី គឺលោក កែម រិទ្ធិសិទ្ធ បានថ្លែងទទូចទៅដល់ ប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស កុំមានការលាបពណ៌ជុំវិញ ការស្លាប់របស់លោកបណ្ឌិត កែម ឡី និងកុំចោទថា អ្នកនេះអ្នកនោះជាអ្នកនៅពីក្រោយនៃ ការសម្លាប់លោកបណ្ឌិត កែម ឡី ហើយក៏សូមឲ្យបញ្ឈប់ការ និយាយថា រូបលោក និងក្រុមគ្រួសារកំពុងធ្វើជំនួញលើសពលោកបណ្ឌិត កែម ឡី ផងដែរ។
មហាជនកំពុងកើតការងឿងឆ្ងល់យ៉ាងខ្លាំងថា ក្រោយពីព្រះតេជគុណ ប៊ុត ប៊ុនតិញ និងសមាជិកដទៃទៀត ប្រកាសពីដំណើរការសាងសង់ចេតិយ គឺមានសប្បុរសជនមិនតិចទេ បានចូលថវិកា ដើម្បីសាងសង់ចេតិយជូនសពលោក កែម ឡី ដែលពួកគេគោរពស្រឡាញ់ តែហេតុអ្វីបែរជាថវិកានេះ មិនបានដល់ក្រុមគ្រួសារសម្រាប់ដំណើរការ សាងសង់ចេតិយទៅវិញ។
តើថវិកានោះទៅណា ឬមួយព្រះតេជគុណ ប៊ុត ប៊ុនតិញ យកថវិកាដែលរកបានក្រោមស្លាកសាកសពលោកបណ្ឌិត កែម ឡី ទៅធ្វើអ្វីជំនួសវិញ?
រឿងរ៉ាវទាំងអស់នេះ មានតែដួងវិញ្ញាណក្ខន្ធលោកបណ្ឌិត កែម ឡី ទេ ទើបដឹងការពិត ហើយប្រសិនបើជនណាយកថវិការបស់សប្បុរស ដែលមានសទ្ធា សាងសង់ចេតិយលោកបណ្ឌិត កែម ឡី សូមឲ្យលោកបណ្ឌិតទៅតាមទារពីជនខិលខូចទាំងអស់នោះចុះ។
តែទោះជាយ៉ាងណាសូមវិញ្ញាណក្ខន្ធលោកបណ្ឌិត បានស្ងប់ចុះព្រោះថា ពេលនេះនាយករដ្ឋមន្រ្តីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដែលត្រូវបានមនុស្សស្វែងរក ផលចំណេញ ផ្នែកនយោបាយនាំគ្នាលាបពណ៌នោះ បានចេញមុខជួយសាងសង់ចេតិយជូនលោកហើយ លោកបណ្ឌិតនឹងលែងរងាទៀតហើយ ព្រោះលោកបានរងាជាងមួយឆ្នាំមកហើយ ព្រោះតែគណៈកម្មការ។ ការមុខជួយសាងសង់ចេតិយនេះ មិនត្រឹមតែដួងវិញ្ញាណក្ខន្ធលោកបានស្ងប់នោះទេ សូម្បីតែម្តាយរបស់លោក គឺលោកយាយ ភោគ សេ ក៏គាត់បានរីករាយផងដែរ ព្រោះគាត់បានឃើញកូនគាត់មានទីកន្លែងមួយ ដ៏សមរម្យក្នុងជីវិតចុងក្រោយរបស់លោក៕
ពីប្រជាពលរដ្ឋដែលគោរពស្រឡាញ់លោកបណ្ឌិត កែម ឡី