(កណ្តាល)៖ កម្លាំងជលផលចតុមុខ និងផ្នែកបាសាក់ បានសហការជាមួយជលផលខេត្តកណ្តាល បានចាក់លែងកូនត្រីចម្រុះ ជាង២១៥គីឡូក្រាម និងដុតកម្ទេចចោល នូវឧបករណ៍នេសាទខុសច្បាប់ ប្រភេទមាត់លូស្បៃមុងចំនួន២៣០មាត់ និងប្រភេទរបាំងព្រួលស្បៃមុង ប្រវែង២៣០០ម៉ែត្រ បន្ទាប់ពីចុះបង្ក្រាបបទល្មើសនេសាទ ក្នុងសហគមន៍ក្អមសំណរ ស្រុកលើកដែក និងសហគមន៍ព្រែកជ្រៃ ស្រុកកោះធំ ខេត្តកណ្តាល។

លោក វិត ធារិទ្ធិ នាយខណ្ឌជលផលខេត្តកណ្តាល បានថ្លែងប្រាប់ភ្នាក់ងារ Fresh News តាមទូរស័ព្ទនៅសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧នេះ ថា ក្រោយពីកម្លាំងមូលដ្ឋានបានរាយការណ៍ មានក្រុមអ្នកនេសាទខុសច្បាប់ កំពុងលួចចូលនេសាទក្នុងដែនសហគមន៍ក្អមសំណរ និងសហគមន៍ព្រែកជ្រៃ ទើបលោកបានឲ្យកម្លាំងរបស់សហការ ជាមួយនឹងកម្លាំងនៃអធិការចតុមុខ និងផ្នែកបាសាក់ចុះមកសហការ ជាមួយកម្លាំងមូលដ្ឋានចុះទៅបង្ក្រាប ដោយកម្លាំងសារលើកមាត់លូរស្បៃមុងបាន២៣០មាត់លូ និងរបាំងព្រួលស្បៃមុង២៣០០ម៉ែត្រ យកទៅដុតកំទេចចោល ក្នុងនោះក៏បានចាក់លែងកូនត្រីគ្រប់ ប្រភេទ២១៥គីឡូក្រាមផងដែរ។

លោក វិត ធារិទ្ធិ បានបន្តថា ចំពោះការចុះបង្ក្រាបបទល្មើសនេសាទ លោកមានកម្លាំងពីរផ្នែក គឺផ្នែករការកោង និងផ្នែកបាសាក់ ហើយកម្លាំងទាំងពីរនេះ តែងតែដឹកនាំកម្លាំងតាមបណ្តាស្រុក ចុះបង្ក្រាបជានិច្ច ដោយចុះ ទៅសហការជាមួយគណៈបញ្ជាការ ឯកភាពស្រុកនីមួយៗ ដែលយើងត្រូវចុះទៅបង្ក្រាប ហើយយើងមានគោលការណ៍ច្បាស់លាស់ មុននឹងទៅបង្ក្រាបដោយមានកម្លាំងនៅតាមមូលដ្ឋានបានផ្តល់ទីតាំង យ៉ាងច្បាស់លាស់បំផុតប្រៀបបីដូចជា ផែនទីមួយដែលយើងកាន់ជាប់ដីចុះទៅធ្វើដូច្នេះទើបយើងចុះទៅមិនខុស។

លោក វិត ធារិទ្ធិ បានបញ្ជាក់ថា ចំពោះកម្លាំងនៅតាមមូលដ្ឋានវិញ គឺលោកជួបវិលជុំដោយក្នុង១សប្តាហ៍ជួបពួកគាត់ម្តងដើម្បីពន្យល់ដល់ពួកគាត់ ឲ្យយល់ពីកិច្ចការទប់ស្កាត់បទល្មើសនេសាទ និងវិធីសាស្រ្តស្រាវជ្រាវ រួមទាំងយុទ្ធវិធីក្នុងការចុះបង្ក្រាបផងដែរ ដើម្បីកុំឲ្យមានបញ្ហាពេលចុះបង្ក្រាបនោះ។

ជាមួយគ្នានេះ លោកក៏សូមកោតសរសើរដល់កម្លាំងរបស់លោកទាំងអស់ ដែលខិតខំក្នុងការសហការទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើស នេសាទខុសច្បាប់ ហើយលោកសូមឲ្យកម្លាំងបន្តយកចិត្តទុកដាក់បន្ថែមទៀត ធ្វើយ៉ាងណាឲ្យធនធានមច្ឆាជាតិកាន់តែមានកំណើនពី១ឆ្នាំទៅ១ឆ្នាំ៕