(រតនគីរី)៖ ផ្លែចេកអំបូងលឿង ដែលដាំនៅលើទឹកដីខេត្តរតនគីរី លើផ្ទៃដីប្រមាណ១ពាន់ហិកតា បាននាំចេញជាផ្លូវការ ជាលើកដំបូង។
លោក ហ៊ាន វណ្ណហ៊ន អគ្គនាយកនៃអគ្គនាយកដ្ឋាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសសេរលើ Facebook របស់ខ្លួនក្នុងឱកាសរូបលោកចុះ ធ្វើទស្សនកិច្ចនៅចំការចេក នាស្រុកកូនមុំ ខេត្តរតនគីរីថា ការនាំចេញលើកទី១នេះ មានបរិមាណចំនួន១០០តោន ហើយក្រុមហ៊ុនដែលបាននាំចេញចេកនេះ ឈ្មោះ ក្រុមហ៊ុន ហុង អាញ់ អណ្ដូងមាស។
អគ្គនាយករូបនេះបានបញ្ជាក់ថា ផ្លែចេកអំបូងរបស់ខេត្តរតនគីរីនេះ ត្រូវបាននាំចេញទៅប្រទេសវៀតណាម រួចបន្ដទៅនាំទៅកាន់ប្រទេសចិន។ ចំការចេកចំនួន១ពាន់ហិកតា កំពុងត្រូវបានប្រមូលផលឡើងបណ្ដើរៗ ខណៈក្រុមហ៊ុននេះ មានដីដាំផ្លែឈើសម្រាប់នាំចេញរហូតដល់១ម៉ឺនហិកតា។
លោក ហ៊ាន វណ្ណហ៊ន បានបញ្ជាក់ទៀតថា ចេកសម្រាប់នាំចេញទាំងនោះ ជាប្រភេទចេកអំបូងលឿង ដែលជាពូជនាំចូលអាចរក្សាទុក បានរហូតដល់៣ខែ បន្ទាប់ពីប្រូលផលដោយរក្សាទុក ក្នុងបន្ទប់ត្រជាក់ដែលជាគុណភាពចម្បង សម្រាប់បម្រើការនាំចេញ៕