(ភ្នំពេញ)៖ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ហៅកាត់ថា (GMAC) បានប្រកាសនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧នេះថា ខ្លួននឹងសហការជាមួយរដ្ឋាភិបាលកម្ពុជា ដាក់ញត្តិទៅរដ្ឋាភិបាលអាមេរិក ដើម្បីស្នើសុំប្រព័ន្ឋអនុគ្រោះពន្ធ (GSP) សម្រាប់ការនាំចេញស្បែកជើង ពីប្រទេសកម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន GMAC ដែល Fresh News ទើបទទួលបាននៅល្ងាចថ្ងៃនេះ។
លោក កាំង ម៉ូនីកា អគ្គលេខាធិការរង នៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជា បានបញ្ជាក់ឲ្យដឹងថា រដ្ឋាភិបាលអាមេរិកនឹងពិនិត្យលើ គោលនយោបាយពាណិជ្ជកម្ម GSP របស់ពួកគេ ដែលក្នុងនោះផលិតផលស្បែកជើង នឹងត្រូវបានយកមកពិភាក្សា។
លោកបានថ្លែងថា ឧស្សាហកម្មស្បែកជើង និងសម្លៀកបំពាក់របស់កម្ពុជា បាននិងកំពុងនាំចេញក្រោមកម្មវិធី MFN ទៅសហរដ្ឋអាមេរិក ដែលតម្រូវឲ្យមានការបង់ពន្ធនាំចូលតិចជាង៣៥ភាគរយ ខណៈរដ្ឋាភិបាលរបស់ពួកគេកំណត់ពន្ធខ្ពស់ ដើម្បីការពារឧស្សាហកម្មក្នុងស្រុករបស់ខ្លួន។ ផលិតផលស្បែកជើងជាច្រើនប្រភេទ គឺមានភាពរស៉ើបសម្រាប់ការនាំចូល ប៉ុន្តែសព្វថ្ងៃនេះ ភាគច្រើនបំផុតនៃប្រភេទទាំងនោះ គឺត្រូវបានផលិតនៅបរទេស។
លោកថ្លែងថា «ខ្ញុំគិតថា វាជាពេលវេលាសមស្របមួយ សម្រាប់រដ្ឋាភិបាលអាមេរិក ពិនិត្យកម្មវិធី GSP សម្រាប់ប្រទេសក្រីក្រដូចជាប្រទេសយើង។ GSP របស់អាមេរិកត្រូវបានផ្តល់ទៅឲ្យប្រទេសក្រីក្រ តាំងពីឆ្នាំ១៩៧៤ ប៉ុន្តែផលិតសម្លៀកបំពាក់ និងស្បែកជើង មិនដែលត្រូវបានរួមបញ្ចូល នៅក្នុងកម្មវិធីនេះទេ»។
លោកបន្ថែមថា «នាពេលថ្មីៗនេះ តាមដែលខ្ញុំដឹង រដ្ឋាភិបាលអាមេរិកនឹងពិចារណាផ្តល់ GSP សម្រាប់ស្បែកជើង។ នេះហើយជាមូលហេតុដែលយើង ត្រូវខិតខំឲ្យអស់ពីសមត្ថភាព ដើម្បីដាក់ញត្តិរបស់យើង ទៅរដ្ឋាភិបាលរបស់ពួកគេ ដើម្បីពិចារណាផ្តល់ឲ្យយើងផងដែរ»។
លោកបន្តថា៖ «ច្បាស់ណាស់ ការដំឡើងប្រាក់ឈ្នួលអប្បបរមា ក៏ជាបន្ទុកផងដែរសម្រាប់និយោជក ដែលនឹងធ្វើឲ្យបាត់បង់សមត្ថភាព ប្រកួតប្រជែងរបស់ខ្លួនបន្តិចម្តងៗ ប៉ុន្តែប្រសិនបើយើងអាចទទួលបានGSPនេះ សម្រាប់ស្បែកជើងដោយរួចពន្ធនិងកូតា វានឹងជាការជួយដ៏ធំមួយសម្រាប់ សមត្ថភាពប្រកួតប្រជែងរបស់យើង នៅក្នុងឧស្សាហកម្មស្បែកជើង»។
គួររំលឹកផងដែរថា កាលពីខែកក្កដាឆ្នាំមុន សមាគមន៍កាត់ដេរកម្ពុជា ក៏បានធ្វើការខិតខំប្រឹងប្រែងក្នុងការស្នើរសុំ ក្នុងការទទួលបានការអនុគ្រោះពន្ឋ (GSP) លើប្រភេទទំនិញកាបូបយួរអ្នកដំណើរផងដែរ។
លោកកាំង ម៉ូនីកាបានថ្លែងថា កម្ពុជានៅមានក្តីសង្ឃឹម និងពេលច្រើនទៀតដោយសាររដ្ឋាភិបាលអាមេរិក នឹងបញ្ចប់ការពិនិត្យរបស់ខ្លួនរហូតដល់ចុងខែធ្នូឆ្នាំនេះ៕