(ពោធិ៍សាត់)៖ លោកវេជ្ជបណ្ឌិត ខូយ ឌី ប្រធានមន្ទីរសុខាភិបាលខេត្តពោធិ៍សាត់ បានឲ្យដឹងថា ការប្រើប្រាស់សេវាថែទាំសុខភាព របស់ប្រជាពលរដ្ឋរយៈពេល៦ខែ ដើមឆ្នាំ២០១៧នេះ ប្រមាណជិត១២៩,៣៧៦នាក់ ក្នុងនោះស្ដ្រីសម្រាលកូនមានជិត៥ពាន់នាក់ នៅតាមមន្ទីរពេទ្យ និងមណ្ឌលសុខភាពទូទាំងខេត្ត។
លោកវេជ្ជបណ្ឌិត បានថ្លែងថា ករណីពិនិត្យជំងឺក្រៅរយៈពេល៦ខែ ដើមឆ្នាំ២០១៧នេះ មានចំនួនសរុប១១៩,៦៦១ករណី (ករណីថ្មីមានចំនួន ១១៣,០២៧) ក្នុងនោះ២៤,៥៦៤ករណី ទទួលការគាំទ្រដោយមូលនិធិសមធម៌ ដែលផ្តល់ដោយរាជរដ្ឋាភិបាល និងចំនួន៩,២៨៦ករណី (មានចាស់ជរា ព្រះសង្ឃ ជនពិការ...) ទទួលបានការលើកលែងបង់ថ្លៃសេវា តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ អ្នកជំងឺសម្រាកពេទ្យ សរុប៨,៤៤៨នាក់ ក្នុងនោះចំនួន៥៥៧នាក់ បានទទួលការគាំទ្រដោយមូលនិធិសមធម៌ ដែលផ្តល់ដោយរាជរដ្ឋាភិបាល និងចំនួន២១១នាក់ (មានចាស់ជរា ព្រះសង្ឃ ជនពិការ...) ទទួលបានការលើកលែងបង់ថ្លៃសេវា តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
លោកវេជ្ជបណ្ឌិត ខូយ ឌី បានបន្តថា ស្រ្ដីផ្ទៃពោះមកសម្រាលកូនសរុបចំនួន៤,៧៤៣នាក់ នៅក្នុងនោះសម្រាលនៅមណ្ឌលសុខភាពបានចំនួន ៣,០៤៦នាក់ ដែលក្នុងចំណោមនោះ៤៥៦នាក់ បានទទួលការគាំទ្រដោយមូលនិធិសមធម៌ ដែលផ្តល់ដោយរាជរាដ្ឋាភិបាល និង៥៩នាក់ ទទួលបានការលើកលែងបង់ថ្លៃសេវា តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
អ្នកជំងឺគ្រុនចាញ់បានទទួលការព្យាបាលនៅមូលដ្ឋានសុខាភិបាលសេវាសាធារណ: ចាប់ពីខែ មករា ដល់ខែមិថុនា ឆ្នាំ២០១៧ មានចំនួន១,៩៣២ ករណី អ្នកជំងឺធ្ងន់ធ្ងរចំនួន៧ករណី ពុំមានករណីស្លាប់ទេ។
អ្នកផ្ទុកមេរោគអេដស៍ និងអ្នកជម្ងឺអេដស៍សកម្ម កំពុងទទួលបានការថែទាំ និងព្យាបាលបន្តដោយឱសថប្រឆាំងមេរោគអេដស៍ រហូតដល់ចុងឆមាសនេះមានចំនួន១,២៦៧នាក់ (ស្រី៦៩៧នាក់) ក្នុងនោះកុមារអាយុក្រោម១៤ឆ្នាំ ចំនួន៦៨នាក់ (ស្រី ៣៥នាក់)។
លោកវេជ្ជបណ្ឌិត បានបញ្ជាក់ថា លទ្ធផលទាំងអស់នេះបានមកពីការខិតខំប្រឹងប្រែងរបស់មន្រ្តីរាជការសុខាភិបាលគ្រប់លំដាប់ថ្នាក់ អាជ្ញាធរមូលដ្ឋាន និងដៃគូរអភិវឌ្ឍន៍នានា ស្របតាមគោលនយោបាយកំណែទំរង់វិស័យសុខាភិបាល និងតាមយុទ្ធសាស្រ្ដចតុកោណរបស់រាជរដ្ឋាភិបាល៕