(ភ្នំពេញ)៖ របាយការណ៍របស់មន្ទីរពេទ្យកុមារជាតិ ដែលអង្គភាព Fresh News ទទួលបាននៅរសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧នេះ បានបញ្ជាក់ថា រយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧(សប្តាហ៍ទី៣) មានអ្នកជំងឺ ៧,១១២៨នាក់ បានចូល និងចេញពិនិត្យព្យាបាលជំងឺ នៅមន្ទីរពេទ្យកុមារជាតិ។
របាយការណ៍ដដែលបានបញ្ជាក់ថា ក្នុងរយៈពេល៧ថ្ងៃនេះ មានអ្នកជំងឺមកទទួលសេវាពិនិត្យព្យាបាល ផ្នែកពិគ្រោះជំងឺក្រៅមានចំនួន ២,៣៨០នាក់, អ្នកជំងឺអនុញ្ញាតឲ្យចូលសម្រាកព្យាបាល ៣៥៩នាក់ ក្នុងនោះមានជំងឺទារកតូចៗគ្រប់ប្រភេទ ៥៦នាក់, អត្រាប្រើប្រាស់គ្រែសរុបមាន ១៣០ភាគរយ, អ្នកជំងឺក្រីក្រត្រូវបានអនុញ្ញាតសម្រាកព្យាបាលដោយមិនបង់ប្រាក់ ២៤ភាគរយ, ចំនួនវះកាត់សរុប ៥៥នាក់, ការព្យាបាលដោយចលនា ៤០៨នាក់, កុមារបានទទួលថ្នាំបង្ការ ៦៨៦នាក់, កុមារព្យាបាលធ្មេញ អញ្ចាញធ្មេញ និងក្រអូមមាត់ ១១នាក់, កុមារមានផ្ទុកមេរោគអេដស៍ ត្រូវបានទទួលថ្នាំពន្យារ ៦៤នាក់, ជំងឺរបេងកំពុងទទួល ការព្យាបាល ១០នាក់, កុមារមានផ្ទុកមេរោគអេដស៍ មកពិគ្រោះជំងឺឱកាសនិយម ២៤៥នាក់, ថតឆ្លុះវិភាគដោយកាំរស្មីអិច ១៨៨នាក់, ពិនិត្យវិភាគដោយអេកូ ១៦៤នាក់, ចំនួនតេស្ដបានវិភាគនៅមន្ទីរពិសោធន៍មាន ២,៥០៨នាក់។ សរុបទាំងអស់ ៧,១១២នាក់។
មន្ទីរពេទ្យកុមារជាតិបានឲ្យដឹងផងដែរថា មន្ទីរពេទ្យមានទទួលវះកាត់ កុមារឆែបមាត់ជើងខ្វេពីកំណើត ដោយពុំមានបង់ប្រាក់។
ក្នុងសប្ដាហ៍នេះ លោកនាយកមន្ទីរពេទ្យកុមារជាតិ និងគណៈកម្មការបច្ចេកទេសមន្ទីរពេទ្យកុមារជាតិ បានចូលរួមក្នុងពិធីពិនិត្យប្រគល់ និងទទួលអាគាតមិត្តភាពកម្ពុជា-កូរ៉េ ដែលបានបញ្ចប់ការជួសជុល និងសាងសង់បន្ថែមមកឲ្យមន្ទីរពេទ្យកុមារជាតិ ដើម្បីគ្រប់គ្រង និងប្រើប្រាស់សម្រាប់សេវាសុខភាពកុមារនៅកម្ពុជា៕