(សៀមរាប)៖ មន្ត្រីសាខាកាំកុងត្រូលខេត្តសៀមរាប និងអាកាសយានដ្ឋានអន្តរជាតិសៀមរាប សហការជាមួយមន្ទីរពាណិជ្ជកម្ម និងរដ្ឋបាលស្រុកអង្គរជុំ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧នេះ បានបន្តចុះពិនិត្យ និងផ្សព្វផ្សាយ អំពីគុណភាព និងសុវត្ថិភាពម្ហូបអាហារ ស្ថិតនៅផ្សារចារឈូក និងនៅតាមផ្ទះ ស្ថិតក្នុងឃុំចារឈូក ស្រុកអង្គរជុំ ខេត្តសៀមរាប។
មន្ត្រីសាខាកាំកុងត្រូលខេត្តសៀមរាប បានឲ្យដឹងថា បន្ទាប់ពីបានពិនិត្យ ដោយប្រើតេស្តឃីត Test Kit ទៅលើម្ហូបអាហារមួយចំនួនដែលកំពុងដាក់តាំងលក់ នៅក្នុងផ្សារខាងលើ រួចមក ជាលទ្ធផល គឺទទួលបានលទ្ធផលល្អ ដោយពុំបានរកឃើញវត្តមានសារធាតុគីមីហាមឃាត់ នៅក្នុងផលិតផលម្ហូបអាហារដែលបានពិនិត្យទាំងនោះឡើយ។
មន្ត្រីសាខាកាំកុងត្រូល បានបន្ដថា ដោយឡែកចំពោះការពិនិត្យ មើលលើផលិតផលកំប៉ុង និងដប និងផលិតផលវិចខ្ចប់រួច ដែលកំពុងដាក់តាំងលក់នៅតាមផ្ទះមួយចំនួន ស្ថិតក្នុងឃុំចារឈូក ស្រុកអង្គរជុំរួចមក លទ្ធផលពិនិត្យឃើញមានផលិតផលមួយចំនួន ប្រែប្រួលខូចគុណភាព ច្រែះស៊ឺ ហួសកាលបរិច្ឆេទកំណត់ប្រើប្រាស់ ហើយត្រូវបានសាខា ធ្វើកំណត់ហេតុដកហូតយកមករក្សាទុក ដើម្បីស្នើសុំ គោលការណ៍កំទេចចោលនៅពេលក្រោយ។
មន្ត្រីសាខាកាំកុងត្រូល បានបញ្ជាក់ថា ផលិតផលខូចគុណភាពដែលបានដកហូតរួមមាន៖ ទឹកក្រូចដបជ័រចម្រុះ, ភេសជ្ជៈ Aquarius, ទឹកស៊ីអ៊ីវ, ចាហ៊ួយរសជាតិផ្លែឈើ, ទឹកដោះគោស្រស់កំប៉ុង និងមេដំបែរ សរុបមានទម្ងន់១០៧គីឡូក្រាម។
ទន្ទឹមនោះ ក្រុមការងារ ក៏បានចែកផ្សាយនូវរូបភាព Poster និង ផ្សព្វផ្សាយដល់អាជីវករអ្នកលក់ដូរ និងអ្នកប្រើប្រាស់ ឲ្យបានយល់ដឹងអំពីផលវិបាក ដែលបណ្តាលមកពីការបរិភោគអាហារហួសកាលបរិច្ឆេទ ប្រើប្រាស់ និងការដាក់លាយបន្ថែមសារធាតុគីមីហាមឃាត់ចូលក្នុងម្ហូបអាហារផងដែរ៕