(ភ្នំពេញ)៖ ជាថ្មីម្តងទៀត អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ បានប្រកាសជាថ្មីម្ដងទៀត ឲ្យបងប្អូនប្រជាពលរដ្ឋ ដែលមានសន្លឹកអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរគំរូថ្មីរបើកខូចទាំងអស់ សូមមេត្ដាធ្វើការទំនាក់ទំនងជាមួយប៉ុស្ដិ៍នគរបាលរដ្ឋបាល ឬអធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ ដែលខ្លួនកំពុងរស់នៅ ដើម្បីសុំប្ដូរថ្មីជូនវិញ ដោយមិនតម្រូវឲ្យបង់ថ្លៃអាករ និងបង់ថ្លៃសេវាឡើយ។
ក្នុងសេចក្ដីប្រកាសព័ត៌មានបានបញ្ជាក់ឲ្យដឹងថា «អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ និងក្រុមហ៊ុនផ្គត់ផ្គង់សម្ភារ សម្រាប់ផលិតអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ បានសហការគ្នាធ្វើការត្រួតពិនិត្យលើគុណភាពសន្លឹកអត្ដសញ្ញាប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី ដែលបានបោះពុម្ភចែកជូនប្រជាពលរដ្ឋប្រើប្រាស់ ក្នុងអំឡុងឆ្នាំ២០១៤ បានរកឃើញថា មានសន្លឹកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី មួយចំនួនគុណភាពមិនគ្រប់តាមស្ដង់ដា ដែលជាហេតុបណ្ដាលឲ្យរបើកខូចជាអន្លើ»។
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានឲ្យដឹងទៀតថា ចំពោះករណីដែលប្រជាពលរដ្ឋបានបំពេញ បែបបទសុំផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែររួចហើយលើសពី៣០ថ្ងៃ នៃថ្ងៃធ្វើការមិនទាន់បានទទួលអត្តសញ្ញាប័ណ្ណ អាចស្វែងរកព័ត៌មានតាមរយៈគេហទំព័ររបស់ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មដែលមានអាសយដ្ឋាន www.idc.gdi.gov.kh ឫប្រព័ន្ធបណ្ដាញសង្គម Facebook ដែលមានអាសយដ្ឋាន www.facebook.com/gdi.gov.kh រួចទំនាក់ទំនងមកនាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ តាមរយៈទូរស័ព្ទលេខ៖ ០១២ ២៥៨ ៨៥៨/ ០១២ ៨៨០ ៩៩០/ ០១៦ ៨០ ៨០ ២០ ដើម្បីដោះស្រាយជូន។
ជាមួយគ្នានេះ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក៏បានអំពាវនាវដ៏ទទួចដល់ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ ដែលមានអាយុចាប់ពី១៥ឆ្នាំ ឡើងមិនទាន់មានអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរគំរូថ្មី មេត្តាអញ្ជើញទៅបំពេញបែបបទសុំផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី នៅតាមស្ថានីយចល័តនៃភូមិ ឃុំ សង្កាត់ ដែលខ្លួនរស់នៅ ឫនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ និង/ឬនៅអធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ តាមការជូនដំណឹងរបស់អាជ្ញាធរមានសមត្ថកិច្ចឲ្យបានគ្រប់ៗគ្នា៕