(តាកែវ)៖ ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០១៧នេះ មានប្រជាពលរដ្ឋចំនួន១៨៩៧៩នាក់ បានទៅទទួលសេវាពិនិត្យសុខភាពនិងព្យាបាល សុខភាពនៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកទូទាំងខេត្តតាកែវ ដោយគិតពីខែមករា ដល់ខែមិថុនា ករណីប្រជាពលរដ្ឋមក ពិនិត្យពិគ្រោះជម្ងឺក្រៅ មានចំនួនសរុប៣៩២៤៦៤ករណី (ក្នុងនោះករណីថ្មីមានចំនួន ៣៥៥៦៩៨ករណី) ។។
លោកវេជ្ជបណ្ឌិត នុត ស៊ីណាត ប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងនៅរសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧នេះថា សម្រាប់រយៈពេល៦ខែដើមឆ្នាំ២០១៧នេះ នៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែករបស់រដ្ឋនៅ ខេត្តតាកែវ បានពិនិត្យពិគ្រោះជំងឺក្រៅ មានចំនួនសរុបជិត៤សែនករណីយ។ ចំនួនពិគ្រោះជម្ងឺខាងលើការប្រើប្រាស់សេវា ដោយប្រជាពលរដ្ឋក្រីក្រ ដែលមានការគាំទ្រពីកម្មវិធីមូលនិធិសមធម៌ ដែលផ្ដល់ដោយរាជរដ្ឋាភិបាល និងដៃគូរអភិវឌ្ឍន៍មាន ចំនួន៤៦២៣៣ករណី។ ទទួលបានការលើកលែងលើការបង់ថ្លៃសេវា តាមគោលនយោបាយរបស់រាជរដ្ឋាភិបាលមានចំនួន ៣១ករណីយ៏។ ដោយឡែកអាត្រាស្លាប់មានតែ០,២២ភាគរយប៉ុណ្ណោះនៃអ្នកជំងឺដែលមកសម្រាកព្យាបាលជិត២ម៉ឺននាក់។
លោកវេជ្ជបណ្ឌិត នុត ស៊ីណាត បានបន្តថា ចំណែកស្រ្តីមកសំរាលបុត្រនៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកវិញមានចំនួន ១៩០៣នាក់ ក្នុងចំណោមស្រ្តីខាងលើមានស្រ្តីចំនួន៥៧៧នាក់ ដែលជាស្រ្តីក្រីក្រដែលត្រូវបានជួយពីមូលនិធិសមធម៌ដែល រាជរដ្ឋាភិបាលកម្ពុជា និងដៃគូអភិវឌ្ឍន៏ជាអ្នកផ្ដល់ថវិការ។ ចំនួនប្រជាពលរដ្ឋមកពិគ្រោះជំងឺ និងសម្រាកព្យាបាលនៅមន្ទីរពេទ្យរដ្ឋ ក្នុងរយៈពេល៦ខែដើមឆ្នាំ២០១៧នេះ មានការកើនឡើងច្រើនបើប្រៀបធៀបនឹងរយៈពេលដូចគ្នា និងឆ្នាំ២០១៦កន្លងមក។
លោកប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ រំពឹងថាក្នុងរយៈពេលពេញមួយឆ្នាំ២០១៧នេះ កំណើនប្រជាពលរដ្ឋដែលចូលមកពិគ្រោះ សម្រាកព្យាបាលនៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែករបស់រដ្ឋពិតជាមានការកើនឡើងជាក់ជាពុំខានព្រោះបច្ចុប្បន្ន សេវារបស់រដ្ឋមានឧបករណ៍ទំនើប និងមានគ្រូពេទ្យឯកទេស សម្រាប់ព្យាបាលអ្នកជំងឺហើយម្យ៉ាងទៀតអាកប្បកិរិយារបស់គ្រូពេទ្យ ចំពោះអ្នកជំងឺក៏មានការប្រែប្រួលជាងមុនដែលពោលគ្រូពេទ្យតែងតែយកចឹត្តទុកដាក់ និងប្រើប្រាស់សំដីសមរម្យអ្នកជំងឺ ដូចនៅមន្ទីរពេទ្យឯកជននានាដូច្នោះដែរ៕