(ភ្នំពេញ)៖ ដោយមានការយកចិត្តទុក្ខដាក់ ទៅលើសុវត្ថិភាពចំណីអាហារ ពីប្រធានប្រតិភូទទួលបន្ទុកអគ្គនាយកដ្ឋានកាំកុងត្រូល និងលោកប្រធានសាខាផែស្ងួតចុងទីភ្នំពេញ នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧នេះ លោក គង់ វុទ្ធី អនុប្រធានសាខាកាំកុងត្រូល ដឹកនាំមន្ត្រីក្រោមឱវាទ សហការជាមួយមន្ទីរពាណិជ្ជកម្ម គណៈកម្មការផ្សារហេងបេងជ្រី ចុះត្រួតពិនិត្យទំនិញម្ហូបអាហារវេចខ្ចប់ស្រេច និងធ្វើតេស្តរកសាធាតុគីមីចំណីអាហារក្នុងផ្សារ រកឃើញទំនិញមានសារធាតុគីមីសរុប២៨,៣គីឡូក្រាម។
លោក គង់ វុទ្ធី អនុប្រធានមន្ត្រីសាខាកាំកុងត្រូលរាជធានីភ្នំពេញ បានធ្វើការណែនាំក្រុមអាជីវករ ដាក់តាំងលក់ផលិតផលឲ្យត្រូវតាមលក្ខណៈបច្ចេកទេស ដោយញែកចេញពីគ្នា រវាងគ្រឿងប្រើប្រាស់ដែលមានផ្ទុកសារធាតុពុល និងម្ហូបអាហារ ហាមការដាក់តាំងផលិតផលភេសជ្ជៈ ត្រូវកំដៅថ្ងៃ និងការដាក់លក់ផលិតផលហួសកាលបរិច្ឆេទជាដើម។
លោកបញ្ជាក់ថា ប្រតិបត្តិការចុះពិនិត្យទំនិញចំនួន៨៩មុខ នៅក្នុងផ្សារហេងបេងជ្រី ក្នុងមូលដ្ឋានខណ្ឌព្រែកព្នៅ ជាលទ្ធផលបានរកឃើញសារធាតុគីមីហាមឃាត់ បូរ៉ាក់ ក្នុងទំនិញចំនួន៥មុខរួមមាន បបែលក្រៀមទម្ងន់១២,៧គីឡូក្រាម, យីហ៊ឺក្រៀមចំនួន០,៨គីឡូក្រាម, បង្គាចំនួន៨,៥គីឡូក្រាម ដែលមានសារធាតុហ័្វរម៉ាលីន និងផ្កាគូឆាយដែលមានកាក់សំណល សម្លាប់សត្វល្អិតចំនួន៥,៣គីឡូក្រាម, ជ្រក់មមាញ, ជ្រក់ត្រពាំងជូចំនួន ១គីឡូក្រាម សរុបទំនិញទាំងអស់៥មុខនេះ ចំនួន២៨,៣គីឡូក្រាម ហើយត្រូវបានមន្ដ្រីជំនាញដកហូតយកទៅដុតចោលភ្លាមៗតែម្តង។
ជាមួយគ្នានោះ ក្រុមការងារលោក ក៏បានអញ្ជើញអាជីវករ ទៅធ្វើកិច្ចសន្យាបញ្ឈប់ការលាយបន្ថែម នៅសារធាតុគីមីហាមឃាត់ ធ្វើការណែនាំអាជីវករ និងផ្អាកមិនឲ្យលក់បណ្តោះអាសន្ន។
មន្ត្រីកាំកុងត្រូលក៏បានអំពាវនាវដល់ អាជីវករ អ្នកចែកចាយ លក់ដុំ លក់រាយ អ្នកផលិត នាំចូលចែកចាយ ត្រូវតែមានប្រភពច្បាស់លាស់សិនមុននឹងទទួលលក់ ហើយបញ្ជប់ការលាយបន្ថែមនូវសារធាតុគីមីហាត់ ទៅលើផលិតផលម្ហូបអាហារ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។
គេសង្កេតឃើញថា ក្នុងប្រតិបត្តិការខាងលើនេះ គឺប្រជាពលរដ្ឋ ក៏ដូចជាអាជីវករផ្សារបានសម្តែង នូវទឹកចិត្តរីករាយ និងគាំទ្រចំពោះសកម្មភាពរបស់មន្ត្រីកាំកុងត្រូល ដែលតែងតែចុះពិនិត្យទំនិញផ្សេងៗ តាមបណ្តាផ្សារ ហាង និងស្តាម៉ាត នានាក្នុងរាជធានីភ្នំពេញ រកសារធាតុគីមី ដើម្បីការពារសុវត្ថិភាពម្ហូបអាហារ ក៏ដូចជាការពារសុខភាពរបស់ពលរដ្ឋផងដែរ៕