(ព្រះវិហារ)៖ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧នេះលោក សួស យ៉ារ៉ា តំណាងរាស្រ្តមណ្ឌលព្រះវិហារ មកពីគណបក្សប្រជាជនកម្ពុជា និងលោក អ៊ុន ចាន់ដា អភិបាលខេត្ត បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ប្រទេសកូរ៉េខាងត្បូង មកពីខេត្តឃ្យុងសាងប៉ុកដូ ចុះព្យាបាលជំងឺជូនពលរដ្ឋចំនួនចំនួន៣ពាន់នាក់ នៅខេត្តព្រះវិហារ។
លោក សួស យ៉ារ៉ា បានថ្លែងថា «សុខទុក្ខរបស់ប្រជាជន ជាសុខទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន ចឹងកម្មវិធីពេទ្យក្នុងនាមលោកជាតំណាងរាស្ត្រ តំណាងរបស់ គណបក្សប្រជាជនកម្ពុជា តំណាងឲ្យប្រជាជនទូទាំងខេត្តព្រះវិហារ ហើយក៏ជាតំណាងរាស្ត្រនៅក្នុងរដ្ឋសភាមិនដែលភ្លេចពីករណីកិច្ច និងករយកចិត្តទុកដាក់ចំពោះសុខភាពប្រជាជនទេ»។ «ចឹងពុកម៉ែរបងប្អូន ក្នុងមួយឆ្នាំៗ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តចំនួន៣ក្រុម ដែលចុះមកខេត្តព្រះវិហារ ក្រុមទីមួយ គឺក្រុមលោកហ៊ុន ម៉ាណែត ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ ក្រុមទី២ គឺក្រុមរបស់លោក ហ៊ុន ម៉ានី ដែលមានក្រុមយុវជន ស ស យ ក និងក្រុមគ្រូពេទ្យជាច្រើនទៀត និងក្រុមទី៣ គឺក្រុមគ្រូពេទ្យអន្តរជាតិ ហើយក្រុមអន្តរជាតិ មានតែនៅកន្លែងនេះទេដែលមានមួយឆ្នាំម្តង នៅការិយាល័យ១តំណាងរាស្ត្រ ពិនិត្យដោយមិនគិតថ្លៃ ពិនិត្យដោយការទទួលខុសត្រូវ ពិនិត្យតាមជំនាញ ហើយថ្នាំពេទ្យទាំងអស់មានប្រសិទ្ធិភាព ដូច្នេះសូមប្រើអោយត្រូវតាមការណែនាំរបស់គ្រូពេទ្យ។
លោក សួស យ៉ារ៉ា បានបន្តថា «ដូច្នេះថ្ងៃនេះមានថ្នាំពេទ្យល្អ មានគ្រូពេទ្យល្អសូមឲ្យថ្នាំពេទ្យទាំងអស់នេះបម្រើសុខភាពពុកម៉ែបម្រើ សេចក្តីស្រឡាញ់នៅក្នុងគ្រួសារហើយ និងត្រឡប់ទៅវិញដោយទឹកមុខញញឹមទាំងអស់គ្នា បើមានចំណុចខុសឆ្គងសូមកុំប្រកែប្រកាន់ ព្រោះរយះពេល២ថ្ងៃ ពិនិត្យជំងឺ៣ពាន់នាក់ ដូចនេះចំនួននេះច្រើនណាស់ តែទោះជាយ៉ាងណាលោកឲ្យក្រមុគ្រូពេទ្យធ្វើការ ពិនិត្យឲ្យទាល់តែអស់ដល់ម៉ោង៩ ឬ១០យប់ក៏ដោយ។
ការពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋនោះរួមមាន៖ ជំងឺទូទៅ ជំងឺផ្លូវចិត្ត ជំងឺទូទៅផ្នែកកុមារ ជំងឺរោគស្ត្រី ជំងឺឬសដូងបាត ជំងឺសួត ក្រពះ ពោះវៀន ជំងឺផ្លូវដង្ហើម ជំងឺប្រដាប់រំលាយអាហារ ជំងឺសើស្បែក ជំងឺព្រូន ជំងឺស្លេកស្លាំង ជំងឺសន្លាក់ឆ្អឹង ជំងឺរលាកថ្លើម ជំងឺកាមរោគ ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម ជំងឺភ្នែក សុខភាពមាត់ធ្មេញ ជំងឺទឹកនោមផ្អែម ជំងឺបេះដូង លើសឈាម ជំងឺត្រចៀក ច្រមុះ បំពង់ករ ជំងឺតម្រងនោម អេកូសាស្ត្រ...។ល។
ការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនេះ គឺជាស្មារតីមនុស្សធម៌សុទ្ធសាធ ដែលស្តែងចេញពីសេចក្តីស្រឡាញ់បងប្អូន ប្រជាពលរដ្ឋ ក្នុងនាមជាឈាមជ័រ ខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួបរួមគ្នាតែមួយ អនាគតតែមួយ ពោលគឺការព្យាបាលមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយណាមួយឡើយ សំដៅចូលរួមកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋមួយចំណែក។ បញ្ហាសុខភាព គឺជាមូលដ្ឋានគ្រឹះដើម្បីឆ្ពោះទៅរក ភាពជោគជ័យសុភមង្គល ជូនគ្រួសារ និងសង្គមជាតិ។
លោក អ៊ុន ចាន់ដា បានថ្លែងអំណរគុណ ដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ប្រទេសកូរ៉េ ក្នុងកម្មវិធីពិនិត្យសុខភាពប្រចាំឆ្នាំរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ខេត្តឃ្យុងសាងប៊ុកដូ ដែលនេះជាលើកទី២ហើយ និងបានឆ្លុះបញ្ចាំងឲ្យឃើញពីកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំង២ ក្រោមការដឹកនាំរបស់ថ្នាក់ដឹកនាំនៃបរទេសទាំង២កម្ពុជា-កូរ៉េ។
លោក អ៊ុន ចាន់ដា បានបន្តថា ក្នុងនាមថ្នាក់ដឹកនាំខេត្ត លោកសូមអរគុណដល់ក្រុមគ្រូពេទ្យ ដែលបានយកអស់កំលាំងកាយចិត្ត ជួយព្យាបាលជម្ងឺជូនប្រជាពលរដ្ឋនៅខេត្តព្រះវិហារ ប្រកបដោយប្រសិទ្ធភាព ធ្វើអោយប្រជាពលរដ្ឋទទួលយកបាន ហើយនៅឆ្នាំក្រោយយើងនិងជួបគ្នាម្តងទៀត៕