(បន្ទាយមានជ័យ)៖ ពិតជាសាហាវយ៉ង់ឃ្នន់មែន យុវជនមួយក្រុម ដែលមានមេក្លោងជាគ្រូបង្រៀនផងនោះ បានលួចទាក់ទងស្នេហាជាមួយស្ដ្រីម្នាក់ ហើយបានរៀបចំគម្រោង សម្លាប់ប្ដីរបស់នាង រហូតបានសម្រេច ប៉ុន្ដែអំពើដ៏ថោកទាបនេះ ត្រូវបានកម្លាំងនគរបាលខេត្តបន្ទាយមានជ័យ បើកការស្រាវជ្រាវហើយឈានទៅដល់ការចាប់ខ្លួន បាន៤នាក់ ខណៈដែល៣នាក់ទៀតកំពុងរត់គេចខ្លួន។
ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧នេះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ អាត់ ខែម បានបញ្ជាក់ថា មេក្លោង និងបក្ខពួកចំនួន៤នាក់ ក្នុងចំណោម៧នាក់ ដែលបានរៀបចំផែនការសម្លាប់ជនរងគ្រោះ នៅចំណុចផ្លូវទៅចំការត្របែក ក្នុងសង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ្ឌ បន្ទាប់ពីធ្វើសកម្មភាពបាន២ម៉ោង ខណៈដែលបក្ខពួក៣នាក់ទៀត កំពុងរត់គេចខ្លួន។
លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា មេក្លោងដែលជាអ្នករៀបចំផែនការ នៃការសម្លាប់ជនរងគ្រោះនេះ គឺបានទាក់ទងប្រពន្ធជនរងគ្រោះហើយបែកគំនិត ឈានទៅដល់ការសម្លាប់ ដោយចោទជនរងគ្រោះជាអ្នកញៀនថ្នាំ រហូតហៅបក្ខពួកមកវាយសម្លាប់តែម្ដង។
លោកបានបន្ដថា មុនសម្លាប់ជនរងគ្រោះឈ្មោះ ជា រ័ត្នថុល គឺជនសង្ស័យបានរៀបចំផែនការ រហូតទៅប្រាប់អាចារ្យនៅវត្តពង្រ ដើម្បីឲ្យរៀបចំដុតជនរងគ្រោះដោយប្រាប់ថា ជាបងប្អូនរបស់ខ្លួនកើតជំងឺថ្លោម ប៉ុន្ដែមិនទាន់បានដុតផងនោះ ត្រូវបានសមត្ថកិច្ចចាប់តែម្ដង។
លោកឧត្តមសេនីយ៍ស្នងការ បានបន្ដទៀតថា ក្រោយការសួរនាំស្ដ្រីដែលជាប្រពន្ធជនរងគ្រោះ មិនមានការពាក់ព័ន្ធនោះឡើយ ពោលគម្រោងសម្លាប់ជនរងគ្រោះនេះ គឺជាផែនការរបស់ក្រុមសង្ស័យតែប៉ុណ្ណោះ ដូច្នេះស្ដ្រីរូបនេះត្រូវបានអនុញ្ញាតិឲ្យត្រឡប់ទៅផ្ទះវិញ។
សម្រាប់ជនសង្ស័យទាំង៤នាក់ កំពុងស្ថិតក្រោមការសួរនាំបន្ដទៀត នៅស្នងការដ្ឋាននគរបាល ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ចាត់ការតាមផ្លូវច្បាប់ និងតាមស្រាវជ្រាវបក្ខពួកដែលនៅសេសសល់៕