(ភ្នំពេញ)៖ គ្រូបរទេសម្នាក់ដែលបង្រៀននៅសាលាអន្តរជាតិ GOLDEN BRIDGE ដែលនាំកូនសិស្សអាយុ៥ឆ្នាំ ទៅរួមភេទដល់ផ្ទះ រហូតមកដល់ព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧នេះ បាននិងកំពុងស្ថិតក្រោមការសួរនាំ និងស្រាវជ្រាវ របស់នគរបាលនៅឡើយ ដើម្បីឈានទៅដល់ការចាត់ការតាមច្បាប់។

លោកឧត្តមសេនីយ៍ឯក ប៉ុល ភិធេយ្យ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ក្រសួងមហាផ្ទៃ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧នេះ បានប្រាប់អង្គភាពព័ត៌មាន Fresh News ថា កម្លាំងនគរបាលរបស់លោក បាននិងកំពុងធ្វើការស្រាវជ្រាវនៅឡើយ មិនទាន់ចប់នោះទេ ពីព្រោះត្រូវការស្រាវជ្រាវឲ្យម៉ត់ចត់។

សូមបញ្ជាក់ថា កម្លាំងនគរបាលនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ក្រសួងមហាផ្ទៃនៅល្ងាចថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ បានចុះទៅឃាត់ខ្លួនបុរសជនជាតិបរទេសម្នាក់ អាចជាជនជាតិអង់គ្លេស ដែលបង្រៀននៅសាលាអន្ដរជាតិ GOLDEN BRIDGE International School ស្ថិតនៅសាខាខណ្ឌទួលគោក បន្ទាប់ពីបែកធ្លាយរឿងអាស្រូវជនបរទេសរូបនេះ បាននាំក្មេងស្រីជាសិស្ស សាលាអាយុទើប៥ឆ្នាំ នាំទៅរួមភេទដល់ផ្ទះ។

មន្ដ្រីនគរបាលបានប្រាប់ថា ជនសង្ស័យត្រូវបានចាប់ខ្លូន ខណៈពេលចេញពីសាលារៀន ហើយជនបរទេសរូបនេះមានឈ្មោះ Mark Andrew Smith។

ការចុះទៅឃាត់ខ្លួនបុរសជនជាតិបរទេសរូបនេះ បន្ទាប់ពីធ្លាយព័ត៌មាន និងបានបង្ហោះចែកចាយនៅលើបណ្ដាញសង្គម ​Facebook របស់ស្ដ្រីវ័យចំណាស់ម្នាក់មានគណនីឈ្មោះ «Vriya MC» ដែលបានរៀបរាប់ពីហេតុការណ៍មួយនេះ បន្ទាប់ពីឪពុកម្ដាយក្មេងស្រីរងគ្រោះបានប្រាប់ទៅស្ដ្រីរូបនេះ ប៉ុន្ដែពួកគេមិនហ៊ានដាក់ពាក្យបណ្ដឹង​ទៅសមត្ថកិច្ច គ្រាន់តែបានទៅជួបជាមួយនាយកសាលាដែលជាជនជាតិខ្មែរ។

បើយោងតាមស្ដ្រីម្ចាស់គណនី Facebook រូបនេះ មិនបានបញ្ចេញឈ្មោះសាលានោះឡើយ គ្រាន់តែអះអាងថា ជាសាលាអន្ដរជាតិដ៏ធំមួយនៅភ្នំពេញ។ ស្ដ្រីរូបនេះ បានស្ដាប់ចម្លើយក្មេងស្រីរងគ្រោះថា គ្រូជនជាតិបរទេសបាននាំនាងទៅផ្ទះរបស់គាត់ រួចបានប្រើអណ្ដាតលិតលើប្រដាប់ភេទរបស់នាង រហូតមានបញ្ហាទើបឪពុកម្ដាយឆ្ងល់ ក៏បានទូរស័ព្ទទៅដល់លោកស្រី៕