(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្នើឲ្យក្រសួងសេដ្ឋកិច្ច និងក្រសួងសុខាភិបាល ពិភាក្សាគ្នា ដើម្បីធ្វើយ៉ាងណាធានាដល់ ដំណើរការ ប្រក្រតីរបស់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងករណីដែលជំនួយរបស់រដ្ឋាភិបាលស្វីស ឬមូលនិធិរបស់ លោក ប៊ីត រចនឺ (Beat Richner) ត្រូវបានកាត់ផ្តាច់។ (សូមស្តាប់ប្រសាសន៍សម្តេច)
ការប្រកាសរបស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងពិធីប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០១៦-២០២៥ នាវិមានសន្តិភាព នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧នេះ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «ខ្ញុំសូមស្នើជាពិសេសេ ឲ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងសុខាភិបាល សហការគ្នារៀបចំ នូវផែនការផ្តល់ការគាំទ្រចាំបាច់ទាំងឡាយ ពិសេសផ្តល់ការគាំទ្រផ្នែកខាងហិរញ្ញវត្ថុពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីធានានិរន្តរភាព នៃកិច្ចដំណើរការ របស់មន្ទីរពេទ្យគន្ធបុប្ផា នៅលើមូលដ្ឋាននៃការរក្សាវិន័យល្អ គុណភាព សេវាខ្ពស់ និងការផ្តល់ការថែទាំជូនកុមារគ្រប់ៗរូបដោយមិនគិតថ្លៃ»។
សម្តេចតេជោ បានបន្ថែមទៀតថា «ឥឡូវវេជ្ជបណ្ឌិត ប៊ីត រិចនឺ គឺគាត់មិនអាចទទួលខុសត្រូវទៅលើបញ្ហានេះបានទេ ហើយនៅពេលដែលខ្ញុំជួបជាមួយ ប្រធានាធិបតីស្វីស កាលពីដើមឆ្នាំនេះ ខ្ញុំក៏បានលើកឡើង ទៅលើការទទួលខុសត្រូវរបស់យើង ដូច្នេះរវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងក្រសួងសុខាភិបាល ត្រូវតែធានាថា មន្ទីរពេទ្យមួយនេះ បើទោះបីជាអត់ជំនួយពីស្វីស អត់ជំនួយពីខាងផ្នែកដៃគូ យើងនៅតែធានាថា មន្ទីរពេទ្យនេះនៅតែជាមន្ទីរពេទ្យ ដែលធានានូវសេវាធម្មតា ដូចពេលនេះ»។
សម្តេចបានបន្ថែមទៀតថា «យើងមានលទ្ធភាពនឹងធ្វើកិច្ចការងារនេះ ដែលជួយយ៉ាងច្រើនដល់កុមារកម្ពុជារបស់យើង យើងមិនអាចថា អត់ពីវេជ្ជបណ្ឌិត ប៊ីត រចនឺ ធ្វើឲ្យមន្ទីរពេទ្យនេះ ដួលរលំបានទេ យើងពិបាកនឹងទទួលយកបាន ហើយប្រជាជនកម្ពុជា ក៏ពិបាកនឹងយល់ថា រាជរដ្ឋាភិបាល ធ្វើកិច្ចការងារនេះបានឬមិនបាននោះ កន្លងទៅយើងបានថវិកាចូលជាបដិភាគ ឥឡូវយើងកាន់តែចូលគ្របដណ្តប់តែម្តង ក្នុងករណីដែលវេជ្ជបណ្ឌិត ប៊ីត រិចនឺ ឬមូលនិធិ ត្រូវបានកាត់ផ្តាច់»។
សូមរំលឹកថា នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧ កន្លងទៅ ស្ថាបនិក និងប្រធានមន្ទីរពេទ្យមនុស្សធម៌ដ៏ធំនៅកម្ពុជា គន្ធបុប្ផា លោកវេជ្ជបណ្ឌិត Beat Richner បានទទួលរងនូវជំងឺជាទម្ងន់ ហើយទៅសម្រាកព្យាបាលនៅប្រទេសស្វីស ហើយលោកក៏បានលាលែងពីតំណែង ដោយត្រូវប្រគល់តួនាទីជូន លោកវេជ្ជបណ្ឌិត Peter Studer ដែលជាអនុប្រធានមន្ទីរពេទ្យគន្ធបុប្ផា។
លោកវេជ្ជបណ្ឌិត Richner បានចាប់ផ្តើមបើកដំណើរការមន្ទីរពេទ្យ មនុស្សធម៌គន្ធបុប្ផាជួយព្យាបាលកុមារកម្ពុជា ដោយឥតគិតថ្លៃតាំងពីឆ្នាំ១៩៩២មកម្ល៉េះ។ គិតមកដល់ត្រឹមឆ្នាំ២០១៦ មន្ទីរពេទ្យគន្ធបុប្ផាបានចំណាយថវិការជាង ៥០០លានដុល្លារ សម្រាប់ការព្យាបាល ក្នុងនោះប្រមាណ ៤០០លានដុល្លារ បានមកពីសប្បុរសជននៅប្រទេសស្វីស និងប្រមាណ ៧ភាគរយជាការចូលរួមរបស់រាជរដ្ឋាភិបាលកម្ពុជា ៨.៨% ជាការចូលរួមរបស់រដ្ឋាភិបាលស្វីស (រដ្ឋាភិបាលស្វីស បានផ្តល់ជំនួយដល់មន្ទីរពេទ្យគន្ធបុប្ផា៤លានដុល្លារ ជារៀងរាល់ឆ្នាំ) ក្រៅពីនោះជាការចូលរួម របស់សប្បុរសជនក្នុង និងក្រៅស្រុកដទៃទៀតផងដែរ៕