(ក្រចេះ)៖ កម្លាំងនគរបាលស្រុកស្នួល ខេត្តក្រចេះ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧នេះ បានបញ្ជូនបុរសម្នាក់ដែលស្រវឹងខួបទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់ ពាក់ព័ន្ធករណីដេញកាប់ប្រពន្ធ និងកាប់ម៉ូតូរបស់អ្នកជិតខាងចោលដែលប្រពន្ធបានខ្ចីជិះ។
ជនសង្ស័យរូបនេះ ត្រូវបានកម្លាំងនគរបាលចាប់ទៅវាយខ្នោះ កាលពីរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៧ ក្រោយពេលដែលជនសង្ស័យរូបនេះ បានបង្កហិង្សាក្នុងគ្រួសារ និងបំផ្លេចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃនៅចំណុចភូមិជើងឃ្លេ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ។
លោក ចាន់ សុគីម អធិការនគរបាលស្រុកស្នួល បានឲ្យដឹងថា ករណីហិង្សានេះ បង្កឡើងដោយបុរសជាប្តីឈ្មោះ គង់ សំអឿន អាយុ៤៦ឆ្នាំ រីឯប្រពន្ធឈ្មោះ អឿន សំរស់ ហៅ ស្រីនាង អាយុ៣៧ឆ្នាំ។ បើតាមលោកអធិការ នៅពេលវាយប្រពន្ធមិនបាន ជនសង្ស័យតែមិនបានសម្រេច ក៏បញ្ចេញកំហឹងដាក់ម៉ូតូរបស់ឈ្មោះ ជិន ស៊ីគួន អាយុ៣៦ឆ្នាំ ដែលជាអ្នកជិតខាងរស់នៅ ភូមិជើងឃ្លេ ឃុំ២ធ្នូ ស្រុកស្នួល បណ្តាលឲ្យខូចខាតទាំងស្រុង។
លោកអធិកាស្រុកស្នួល បានបន្តទៀតថា ជនសង្ស័យខាងលើ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកស្នួល បញ្ជូនខ្លួនទៅស្ថាប័នអយ្យការអមសាលាដំបូងរួចរាល់ហើយ ដើម្បីយកទៅផ្តន្ទាទោសតាមនីតិវិធីច្បាប់។
ស្ត្រីរងគ្រោះបានរៀបរាប់ថា នៅថ្ងៃកើតហេតុនោះ គាត់បានខ្ចីម៉ូតូមួយគ្រឿងពីឈ្មោះ ជិន ស៊ីគួន ម៉ូតូម៉ាកហុងដាវេវ អាល់ហ្វា ពណ៌ខ្មៅ គ្មានស្លាកលេខ ដើម្បីជិះត្រឡប់ទៅផ្ទះជាមួយកូនតូចៗ០២នាក់។ លុះត្រឡប់ដល់ផ្ទះវិញ គាត់ក៏បានឃើញប្តីរបស់ខ្លួនឈ្មោះ គង់ សំអឿន កំពុងផឹកស្រាតែម្នាក់ឯងអស់០២លីត្រ(ស្រាស) ពេលនោះប្តីរបស់គាត់បានមករករឿង។
ឃើញដូច្នេះស្រ្តីរងគ្រោះ ក៏បានជិះម៉ូតូត្រឡប់មកជៀរជ័រកៅស៊ូវិញដូចធម្មតា ស្រាប់តែមួយសន្ទុះក្រោយមក ប្តីរបស់គាត់ក៏បានជិះម៉ូតូដេញតាមពីក្រោយ ដោយមានកាន់កាំបិតផ្គាក់ ហើយបានដេញកាប់ទៅលើរូបគាត់ ប៉ុន្តែគាត់ដឹងខ្លួនមុនក៏រត់គេចបានទាន់ពេល។
ពេលនោះជនសង្ស័យជាប្តី បានយកកាំបិតផ្គាក់កាប់ទៅលើ ម៉ូតូដែលប្រពន្ធជិះនោះ ធ្វើឲ្យខូតខាតទាំងស្រុង ដែលជាម៉ូតូខ្ចីពីឈ្មោះ ជិន ស៊ីគួន ហើយនៅក្រោយពេលបង្កហេតុរួច ជនសង្ស័យបានព្យាយាមរត់គេចខ្លួន ប៉ុន្តែគេចមិនផុតត្រូវសមត្ថកិច្ចតាមចាប់បានយកមកផ្តន្ទាទោសតាមច្បាប់៕