(ភ្នំពេញ)៖ គណៈកម្មការផ្តល់ភាពស្របច្បាប់ដល់ពលករកម្ពុជា នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧នេះ បានចេញសេចក្តីប្រកាសមួយ ដោយអះអាងថា រាជរដ្ឋាភិបាលថៃ ពេលនេះ បានសម្រេចសម្រួលឱ្យមានយន្តការផ្តល់ភាពស្របច្បាប់ ដល់ពលករកម្ពុជាហើយ ដោយចែកចេញជា៣ដំណាក់កាល។
តាមការប្រកាសរបស់ គណៈកម្មការផ្តល់ភាពស្របច្បាប់ដល់ពលករកម្ពុជា បានឱ្យដឹងថា ដំណាក់កាល និងនីតិវិធី នៃយន្តការផ្តល់ភាពស្របច្បាប់ដល់ ពលករកម្ពុជានេះ មាន៣ដំណាក់កាល ដូចខាងក្រោម៖
ដំណាក់កាលទី១៖ ចាប់ពីថ្ងៃទី២៤ ខែកក្កដា ដល់ ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៧ គឺជាដំណាក់កាល សម្រាប់និយោជកថៃ ទៅចុះឈ្មោះពលករកម្ពុជា មិនស្របច្បាប់ ដែលកំពុងធ្វើការនៅក្នុងរោងចក្រសហគ្រាសរបស់ខ្លួន ជាមួយមន្រ្តីក្រសួងការងារថៃ នៅការិយាល័យស្រង់ទិន្នន័យពលករបរទេស ទាង៩៧ការិយាល័យ។
ដំណកាក់កាលទី២៖ ចាប់ពីថ្ងៃទី០៨ ខែសីហា ដល់ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៧ គឺជាដំណាក់កាលសម្រាប់ពលករកម្ពុជា ទៅបង្ហាញខ្លួននៅការិយាល័យ ទាំង៩៧កន្លែងនោះ។
ដំណាក់កាលទី៣៖ ចាប់ពីថ្ងៃទី០៩ ខែកញ្ញា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ គឺជាដំណាក់កាលដែលពលករខ្មែរ ត្រូវធ្វើការបញ្ជាក់អត្តសញ្ញា ស្នើសុំ Stay Permit និង Work Permit ពីគណៈកម្មការផ្តល់ភាពស្របច្បាប់ មន្រ្តីអន្តោរប្រវេសថៃ និងមន្រ្តីក្រសួងការងារថៃ។ ក្នុងដំណាក់កាលនេះ ពលករមិនត្រូវផ្លាស់ប្តូរនិយោជក ឬទីកន្លែងធ្វើការ ឬឈប់ដោយគ្មានការអនុញ្ញាតពីនិយោជក និងក្រសួងការងារថៃឡើយ។
គណៈកម្មការផ្តល់ភាពស្របច្បាប់ដល់ពលករកម្ពុជា ក៏បានអំពាវនាវឱ្យពលករខ្មែរ នៅប្រទេសថៃទាំងអស់ រួសរាន់ពន្យល់ថៅកែរបស់ខ្លួនឱ្យទៅចុះឈ្មោះ នៅការិយាល័យស្រង់ទិន្នន័យពលករបរទេស ទៅតាមដំណាក់កាល និងនីតិវិធីខាងលើ ដើម្បីប្រែខ្លួនពីពលករមិនទាន់ស្របច្បាប់ ទៅជាពលករស្របច្បាប់ និងទទួលបានអត្តប្រយោជន៍ ជាច្រើនទៀត៕