(បាត់ដំបង)៖ មានរឿងអាស្រូវមិនប្រក្រតីមួយ ដែលប្រព្រឹត្តដោយមន្ត្រីគយនៅច្រកទ្វារព្រំដែនអូររំដួល ដោយសារតែមន្ត្រីគយរូបនោះចាប់រថយន្ត អត់បង់ពន្ធនាំចូល របស់មន្ត្រីយោធាផ្នែកទំនាក់ទំនងព្រំដែនម្នាក់ រួចហើយយកជិះទៅច្រៀងខារ៉ាអូខេ ចៃដន្យមន្ត្រីយោធាជាម្ចាស់នៅទីនោះដែរ ពេលឃើញរថយន្តរបស់ខ្លួន ត្រូវមន្ត្រីគយយកមកជិះបែបនេះ ផ្ទុះកំហឹង ក៏តាមទៅវាយកមន្ត្រីគយរូបនោះ មួយដៃចំភ្នែកឡើងប៉ោងខៀវតែម្ដងទៅ។
ករណីនេះត្រូវគេអះអាងថា បានកើតឡើងកាលពីម៉ោងជាង១០យប់ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧កន្លងទៅនេះ នៅក្នុងបន្ទប់ខារ៉ាអូខេលេខ៤៤ យីហោ «ជីវ៉េល» ស្ថិតក្នុងភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។ ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ជនបង្កជាម្ចាស់រថយន្តអត់ពន្ធមានឈ្មោះ ផាន យុទ្ធឋាន ហៅគីប ជាមន្ត្រីយោធាពាក់ស័ក្ដិ៥ មានតួនាទី ជាប្រធានការងារទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ ប្រចាំច្រកអូររំដួល ស្រុកភ្នំព្រឹក ។ រីឯជនរងគ្រោះឈ្មោះ ឈួន ឃីសាក់ ភេទប្រុស អាយុ៤៧ឆ្នាំ ជាមន្ត្រីគយប្រចាំច្រករំដួល ស្រុកភ្នំព្រឹក (រងរបួសប៉ោងភ្នែកម្ខាង )។
សមត្ថកិច្ចនៅមូលដ្ឋានបានបញ្ជាក់ថា នៅមុនពេលកើតហេតុវេលាម៉ោងខាងលើ ជនបង្កដែលជាមន្ត្រីយោធានោះបានដើរចូលទៅក្នុង បន្ទប់ខារ៉ាអូខេរបស់ជនរងគ្រោះដែលកំពុងផឹកស៊ី ច្រៀងលេងសប្បាយ ស្រាប់តែជនបង្កបានចាប់ជនរងគ្រោះ វ៉ៃមួយដៃចំភ្នែកខាងឆ្វេង បណ្តាលឱ្យហើមប៉ោងតែ តែម្ដងទៅបង្កអោយមានមារភ្ញាក់ផ្អើល ដល់មិត្តភក្តិទៅជាមួយទាំងសងខាង បានចូលទៅជួយឃាត់ទាន់ និងទាញជនបង្កហេតុនាំចេញទៅក្រៅ បន្ទប់វិញ។ មួយសន្ទុះក្រោយមកក្រុមជនបង្ក បានយកវត្ថុរឹង (មិនដឹងថាជាវត្ថុអ្វី) វ៉ៃទៅលើរថយន្តដែលជនរងគ្រោះជិះមកនោះ បណ្តាលឱ្យបែកស្តុបក្រោយខាងឆ្វេងអស់០១ បន្ទាប់មកជនបង្កក៏ឡើងជិះរថយន្តគេចខ្លួនបាត់តែម្តង ចំណែកជនរងគ្រោះក៏បានមកដាក់ពាក្យបណ្តឹង នៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំរៀងទាំងយប់។
ពាក់ព័ន្ធករណីនេះត្រូវបានគេនិយាយថា គឺដោយសារមន្ត្រីគយខាងលើដែលជាជនរងគ្រោះ បានចាប់រថយន្តចង្កូតស្តាំមួយគ្រឿង របស់មន្ត្រីយោធា បង្កដែលនាំចូលពីប្រទេសថៃ ដោយអត់បង់ពន្ធកាលពីថ្ងៃមុន ហើយមន្ត្រីគយរូបនោះបានយករថយន្តនោះ មកប្រើប្រាស់ផ្ទាល់ខ្លួនឯង ទើបធ្វើឱ្យមន្ត្រីយោធាឃើញក្តៅចិត្តមានគំនុំខឹងយ៉ាងខ្លាំង ទើបមានឱកាសបង្កហិង្សាបែបនេះ នៅក្នុងបន្ទប់ខារ៉ាអូខេខាងលើនេះតែម្តង។
លោក មុយ សាលិត មេបញ្ជាការអាវុធហត្ថស្រុកកំរៀង បានបញ្ជាក់ថា ជនរងគ្រោះពិតជាបានដាក់ពាក្យបណ្តឹង មកអាវុធហត្ថស្រុកពិតប្រាកដមែន ហើយកម្លាំងលោកពុំបានឃាត់ខ្លួនជនបង្កទេ និងបានបញ្ជូនសំណុំរឿងទៅទីបញ្ជាការអាវុធហត្ថខេត្តដើម្បីចាត់ការបន្តរួចហើយ តែឮថារវាងភាគីបង្ក និងភាគីរងគ្រោះ បានសម្រួលគ្នាបញ្ចប់រឿងហើយ។ ពាក់ព័ន្ធករណីនេះការិយាល័យនិពន្ធព័ត៌មាន Fresh News មិនអាចធ្វើការទាក់ទងសាកសួរព័ត៌មាន ទៅមន្ត្រីគយ និងមន្ត្រីយោធាខាងលើបានឡើយ ព្រោះមិនមានលេខទូរស័ព្ទ សំរាប់ធ្វើការទាក់ទង។
ប៉ុន្តែសាធារណជនបាននាំគ្នា ធ្វើការរិះគន់ថាមន្ត្រីគយមិនគួរអាងខ្លួន ជាសមត្ថកិច្ចខាងប្រមូលពន្ធ បែរជាទៅចាប់រថយន្តរបស់គេ ហើយយកមកជិះជាលក្ខណៈឯកជនដើរផឹកស៊ី ច្រៀងខារ៉ាអូខេបែបនេះទេ ព្រោះជារថយន្តកម្មសិទ្ធិរបស់គេ គ្រាន់តែម្ចាស់មិនទាន់ចូលទៅបង់ពន្ធ និងពិន័យដើម្បីយកទៅប្រើប្រាស់វិញតែប៉ុណ្ណោះ។ ចំណែកមន្ត្រីយោធា មិនគួរអាងខ្លួនមានបុណ្យស័ក្ដិ មានសិទ្ធិអំណាច នៅតាមព្រំដែន នៅតែប្រព្រឹត្តល្មើសច្បាប់នាំចូលរថយន្តមិនបង់ពន្ធប្រឆាំង នឹងនយោបាយគៀងគចំណូលពន្ធគយនោះឡើយ៕
រថយន្តអត់បង់ពន្ធនាំចូលរបស់មន្ត្រីយោធា ដែលគយចាប់ ហើយយកជិះទៅច្រៀងខារ៉ាអូខេ
មន្រ្តីយោធា ជាម្ចាស់រថយន្តអត់ពន្ធ និងជាអ្នកបង្កហឹង្សាឈ្មោះផាន យុទ្ធឋាន ហៅគីប