(កំពង់ធំ)៖ មន្រ្តីកាំកុងត្រូលសាខាខេត្តកំពង់ធំ សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត រួមជាមួយអាជ្ញាធរមូលដ្ឋាន នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧នេះ បានបន្តចុះអង្កេតទំនិញ ដែលដាក់តាំងតូបលក់នៅផ្សារក្រវ៉ា ដែលស្ថិតនៅក្នុងភូមិក្រវ៉ា ឃុំក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដោយរកឃើញទឹកក្រូចជាច្រើនម៉ាក ចាហួយដូង និងទឹកផ្លែឈើ ដែលហួសកាលបរិច្ឆេទ ខូចគុណភាព។
មន្រ្តីសាខាកាំកុងត្រូលខេត្តកំពង់ធំ បានឲ្យដឹងថា ការចុះអង្កេតទំនិញនៅផ្សារក្រវ៉ានេះ គឺធ្វើតេស្តបឋមទៅលើមុខម្ហូបមួយចំនួនដូចជា៖ សាច់គោ សាច់ជ្រូក បន្លែ ផ្លែឈើ តែរកមិនឃើញផលិតផលណាមួយមានជាតិគីមីនោះទេ តែបានរកឃើញទឹកក្រូចម៉ាក Big orange ចំណុះ៣លីត្រ ចំនួន៥ដប ផលិតនៅប្រទេសថៃ ទឹកក្រូចម៉ាក Thank Big ចំណុះ៣លីត្រ ចំនួន១០ដប ផលិតនៅប្រទេសវៀតណាម ទឹកក្រូច ម៉ាក Joddy palm ចំណុះ ២៣០ ml ចំនួន១៥៦ ដប ផលិតនៅប្រទេសថៃ ទឹកភេសជ្ជៈ ម៉ាក Nisai ចំណុះ២៥៥ ml ចំនួន ២៤កំប៉ុង ផលិត នៅប្រទេសកម្ពុជា ទឹកក្រូច ម៉ាក Deedo ចំណុះ២៥៥ ml ចំនួន៤៥ដប ផលិតនៅប្រទេសថៃ ចាហួយដូង ម៉ាក Thanh Binh ចំនួន២២កញ្ចប់ ផលិតនៅប្រទេសវៀតណាម ទឹកផ្លែឈើ ម៉ាកBig ចំណុះ១.៨លីត្រ ចំនួន ៣ដប ហួសកាលបរិច្ឆេទ និងខូចគុណភាព ដោយដកហូតយកទៅទុកដុតកំទេចចោលផង។
មន្រ្តីកាំកុងត្រូលបានឲ្យដឹងថា ទំនិញខូចគុណភាពទាំងនេះ បានធ្វើកំណត់ហេតុដកហូត យកទៅរក្សាទុក ដើម្បីធ្វើការកំទេចចោល។ ឆ្លៀតឱកាសនោះដែរ ក្រុមកាងារក៏បាន ចែកផ្សាយនូវរូបភាព Poster និងផ្សព្វផ្សាយដល់អាជីវករអ្នកលក់ដូរ និងអ្នកប្រើប្រាស់ឲ្យបានយល់ ដឹងអំពីផលវិបាកដែលបណ្តាលមកពីការបរិភោគអាហារហួសកាលបរិច្ឆេទ ប្រើប្រាស់ និងការដាក់លាយបន្ថែមសារធាតុគីមី ហាមឃាត់ចូលក្នុងម្ហូបអាហារ។
មន្រ្តីកាំកុងត្រូល ក៏បានអប់រំ និងអំពាវនាវដល់អាជីវករ អ្នកលក់ដូរទាំងអស់ឲ្យប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់ គឺលក់ដូរ និងចែកចាយតែទំនិញផលិតផលម្ហូបអាហារណា ដែលមានគុណភាព មិនប៉ះពាល់ដល់ សុខមាលភាព អ្នកប្រើប្រាស់៕