(ភ្នំពេញ)៖ មន្រ្តីក្រសួងព័ត៌មាន និងអ្នកព័ត៌មានមកពីស្ថាប័នល្បីៗចំនួន ៨នៅក្នុងប្រទេសកម្ពុជា ត្រូវបានស្ថានទូតចិនប្រចាំនៅកម្ពុជា អញ្ជើញបំពេញ ទស្សនកិច្ចរយៈពេល១២ថ្ងៃនៅកាន់ខេត្តក្វាងស៊ី និងសំាងដុំ ជាខេត្តភាគខាងត្បូងរបស់ចិន ដែលជាខេត្តមានឧស្សាហកម្មដ៏រីកចម្រើនមួយរបស់ចិន។
ដំណើរទស្សនកិច្ចរយៈពេល ១២ថ្ងៃដែលធ្វើឡើងចាប់ពីថ្ងៃទី២៤ ខែកក្កដានេះ រហូតដល់ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៧ (ចេញដំណើរម៉ោង១២ថ្ងៃត្រង់នេះ) ទៅកាន់ខេត្តដ៏រីកចម្រើនមួយ របស់ប្រទេសមហាអំណាចសេដ្ឋកិច្ចលំដាប់ទី២លើពិភពលោកនេះ ត្រូវបានដឹកនាំដោយ លោក អ៊ុក គឹមសេង អនុរដ្ឋលេខា ធិការក្រសួងព័ត៌មាន និងចូលរួមដោយអ្នកព័ត៌មានមកពីទីភ្នាក់ងារព័ត៌មានជាតិ AKP, ទូរទស្សន៍ជាតិ, វិទ្យុជាតិ, អង្គភាពព័ត៌មាន Fresh News, ទូរទស្សន៍ CNC, ទូរទស្សន៍ BTV, ទូរទស្សន៍អប្សរា និងសារព័ត៌មានរស្មីកម្ពុជា។
មន្រ្តីជាន់ខ្ពស់ស្ថានទូតចិនប្រចាំនៅកម្ពុជា បានថ្លែងថា ដំណើរទស្សនកិច្ចនេះ គឺជាដំណើរទស្សនកិច្ចប្រចាំ ដែលស្ថានទូតចិនតែងបានធ្វើ ឡើងជារៀងរាល់ឆ្នាំ។ មន្រ្តីជាន់ខ្ពស់រូបនេះ បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចទៅកាន់ក្វាងស៊ី និងខេត្តសាំងដុំ គឺជាដំណើរទស្សនកិច្ចដ៏សំខាន់មួយសម្រាប់ ទំនាក់ទំនងដ៏យូរលង់រវាងកម្ពុជា-ចិន។
សំខាន់ក៏ព្រោះថា ដំណើរទស្សនកិច្ចនេះ អ្នកព័ត៌មានដែលគេប្រសិទ្ធនាមថាជានារសារនោះ នឹងអាចបង្ហាញពីការអភិវឌ្ឍ ក៏ដូចជាភាពរីក ចម្រើនលើវិស័យឧស្សាហកម្មនៅក្នុងខេត្តក្វាងស៊ី ឬក៏ខេត្តសាំងដុំ មកកាន់ប្រជាពលរដ្ឋកម្ពុជា ហើយក៏អាចបង្ហាញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជាទៅកាន់វិនិយោគិនក្នុងខេត្តក្វាងស៊ី។ ដំណើរទស្សនកិច្ចនេះ ក៏ជាឱកាសជួយរួមចំណែកពង្រីកពាណិជ្ជកម្មរវាងកម្ពុជា-ចិន តាមចក្ខុវិស័យនៃរដ្ឋាភិបាលប្រទេសទាំងពីរផងដែរ។
មន្រ្តីជាន់ខ្ពស់ស្ថានទូតចិនដដែលនេះ ក៏រំពឹងថា ដំណើរទស្សនកិច្ចរយៈពេល ១១ថ្ងៃនេះ អ្នកព័ត៌មានកម្ពុជា ក៏នឹងចូលរួមចែករំលែកពីវប្បធម៌ប្រពៃណីរបស់ពលរដ្ឋចិនក្នុងខេត្តក្វាងស៊ី និងខេត្តសាំងដុំ មកកាន់ប្រជាពលរដ្ឋកម្ពុជា ហើយក៏អាចផ្សព្វផ្សាយពីវប្បធម៌ប្រពៃណីរបស់កម្ពុជាទៅកាន់ពលរដ្ឋក្នុងខេត្តក្វាងស៊ី និងសាំងដុំ ដើម្បីជំរុញឲ្យទំនាក់ទំនងរវាងប្រជាជនកម្ពុជា និងចិន ដែលមានប្រវត្តិទំនាក់ទំនងដ៏យូរលង់មួយនេះកាន់តែល្អប្រសើរថែមទៀត។
ខេត្តក្វាងស៊ី ជាតំបន់ស្វយ័តមួយនៅភាគខាងត្បូងនៃប្រទេសចិនជាប់ព្រំដែនវៀតណាម។ ខេត្តក្វាងស៊ី បានក្លាយជាតំបន់ស្វយ័តមួយនៅឆ្នាំ១៩៥៨។ ក្វាងស៊ី ស្ថិតនៅលើភ្នំភាគខាងត្បូងប្រទេសចិន ហើយក៏ជាប់នឹងសមុទ្រផងដែរ។ ខេត្តក្វាងស៊ី ក៏ជាខេត្តមានអរិយធម៌ដ៏ចំណាស់របស់ចិន ហើយរឿងរ៉ាវទាក់ទងនឹងប្រវត្តិសាស្ត្ររបស់ចិនជាច្រើន។ ខេត្តក្វាងស៊ី មានទីក្រុងឈ្មោះថា ណាននីង។
បើតាមមន្រ្តីរបស់ស្ថានទូតចិន ខេត្តនេះមានចម្ងាយជាង ២ពាន់គីឡូម៉ែត្រ ពីរដ្ឋធានីប៉េកាំង មានផ្ទៃដីជិត ២៤ម៉ឺនគីឡូម៉ែត្រក្រឡា និងមានប្រជាពលរដ្ឋជាង ៤៦លាននាក់។
ដោយសារជាខេត្តស្ថិតនៅជួរភ្នំ និងសមុទ្រផងនោះ ក្វាងស៊ី ជាខេត្តមួយមានទេសភាពដ៏ស្រស់ស្អាត។ ខេត្តនេះ ក្រៅពីមានសក្តានុពលផ្នែកកសិកម្ម មានស្រូវ ពោត និងដំឡូងជ្វាហើយនោះ ក្វាងស៊ី ក៏ជាខេត្តដែលមានឧស្សាហកម្ម ដ៏រីកចម្រើនផងដែរ។ រោងចក្រផលិតរថយន្ត និងម៉ូតូជាច្រើន គឺមានវត្តមានស្ថិតនៅក្នុងខេត្តក្វាងស៊ី ដែលក្នុងនោះក្រុមហ៊ុន General Motors ក៏មានមូលដ្ឋានផលិតកម្មនៅទីនេះផងដែរ។
ក្នុងរយៈពេល ១២ថ្ងៃនៃដំណើរទស្សនកិច្ចនេះ មន្រ្តីព័ត៌មាន និងអ្នកព័ត៌មានខ្មែរ នឹងត្រូវអញ្ជើញទៅទស្សនកិច្ចនៅតាមរោងចក្រផលិតយានយន្ត និងតំបន់សេដ្ឋកិច្ចសំខាន់ៗជាច្រើននៅក្នុងខេត្តក្វាងស៊ី។ ក្រៅពីទស្សនកិច្ចនៅរោងចក្រផលិតយានយន្ត និងតំបន់សេដ្ឋកិច្ចហើយនោះ ក្រុមអ្នកព័ត៌មាន ក៏នឹងទៅទស្សនកិច្ចសិក្សាពីប្រព័ន្ធធារាសាស្រ្ត និងវារីអគ្គិសនីរបស់ចិនផងដែរ។
កាន់តែពិសេសទៀតនោះ ក្រុមអ្នកព័ត៌មាន ក៏នឹងត្រូវអញ្ជើញទៅលេងស្រុកកំណើតរបស់ទស្សនវិទូដ៏ល្បាញល្បីរបស់ចិន «ខុង ជឺ» នៅក្នុងទីក្រុង ឈាហ្វូរ។
ទាំងមន្រ្តីព័ត៌មាន និងអ្នកព័ត៌មាន ដែលអញ្ជើញទៅបំពេញទស្សនកិច្ចនៅក្វាងស៊ី សុទ្ធតែបង្ហាញចំណាប់អារម្មណ៍សុទិដ្ឋិនិយមថា ដំណើរ ទស្សនកិច្ចនេះ នឹងជាផ្នែកមួយសម្រាប់ការផ្សារភ្ជាប់ទាំងផ្នែកទំនាក់ទំនង និងសេដ្ឋកិច្ច រវាងខេត្តក្វាងស៊ី និងកម្ពុជា។
លោក អ៊ុក គឹមសេង បានថ្លែងថា ដំណើរទស្សនកិច្ចនេះ គឺជាដំណើរទស្សនកិច្ចដ៏សំខាន់មួយ ដើម្បីដកពិសោធន៍ការងារលើវិស័យមួយចំនួនដូចជា ឧស្សាហកម្ម ទេសចរណ៍ និងប្រព័ន្ធផ្សព្វផ្សាយ។ ជាពិសេសបានស្វែងយល់ពីការអភិវឌ្ឍ និងភាពរីកចម្រើនរបស់ខេត្វក្វាងស៊ី និងខេត្តសាំងដុំ។
លោក អ៊ុក គឹមសេង បានបន្ថែមថា ដំណើរទស្សនកិច្ច ដែលមានការចូលរួមពីក្រុមអ្នកព័ត៌មានមកពីស្ថាប័នផ្សេងគ្នារហូតដល់ទៅ៨ស្ថាប័ននេះ នឹងនឹងមានឱកាសប្រមែប្រមូលព័ត៌មានចងក្រងជាតអត្ថបទពីតំបន់មានសក្តានុពុលក្នុងខេត្តក្វាងស៊ី និងសាំងដុំ សម្រាប់ចែកជូនជាចំណេះដឹង និងពិសោធន៍ល្អសម្រាប់ប្រជាពលរដ្ឋកម្ពុជា។
លោក វ៉ាន់ សារាយ និពន្ធនាយករងអង្គភាពព័ត៌មាន Fresh News បានថ្លែងថា ក្នុងនាមជាអ្នកព័ត៌មានក្នុងប្រទេសកំពុងតែអភិវឌ្ឍន៍ ការទទួលបាន ឱកាសទស្សនកិច្ចទៅកាន់ខេត្តក្វាងស៊ី ដែលជាខេត្តរីកចម្រើនផ្នែកឧស្សាហកម្មរបស់ចិន គឺជាឱកាសដ៏វិសេសវិសាលសម្រាប់រូបលោក។ លោក សារាយ ចាត់ទុកជាឱកាសដ៏វិសេសវិសាល ក៏ព្រោះតែការទស្សនកិច្ចក្នុងខេត្តក្វាងស៊ី នឹងក្លាយទៅជាការផ្តល់ចំណេះដឹង និងការសិក្សាដ៏ល្អពីការអភិវឌ្ឍនៅក្នុងខេត្តនេះ រហូតក្លាយជាខេត្តមានឧស្សាហកម្មដ៏ជឿនលឿន ហើយប្រជាពលរដ្ឋមានចំណូលប្រចាំឆ្នាំរហូតដល់ជាង ២ពាន់ដុល្លារអាមេរិក។
ចំណេះដឹង និងការសិក្សាស្វែងយល់ក្នុងខេត្តដ៏រីកចម្រើនរបស់ចិនមួយនេះ នឹងក្លាយទៅជាមូលដ្ឋានក្នុងការសរសេរអត្ថបទស្តីពីកសាង និងអភិវឌ្ឍន៍នៅកម្ពុជា ដែលកំពុងស្រេកឃ្លាន និងត្រូវការការអភិវឌ្ឍឥតឈប់ឈរក្នុងពេលបច្ចុប្បន្ន។ នេះជាការបញ្ជាក់បន្ថែមរបស់លោក វ៉ាន់ សារាយ។
លោក សារាយ ក៏បានបញ្ជាក់ដែរថា ដោយសារតែឱកាសទៅកាន់ខេត្តក្វាងស៊ី របស់ចិន គឺជារឿងកម្រ ដូច្នេះលោកនឹងប្រឹងប្រែងឲ្យអស់ លទ្ធភាពចងក្រង និងសរសេរអត្ថបទឲ្យបានច្រើន ដើម្បីបង្ហាញពីទិដ្ឋភាព វប្បធម៌ អរិយធម៌ ទំនៀមទម្លាប់ ក៏ដូចជាសក្តានុពលនៃការវិនិយោគ និងភាពជឿនលឿន ផ្នែកឧហ្សាហកម្មក្នុងខេត្តក្វាងស៊ី៕