(ភ្នំពេញ)៖ យុវជន២នាក់ ជិះម៉ូតូម៉ាក CBR ក្នុងល្បឿនមួយយ៉ាងលឿន បានទៅបុកគូទរថយន្តមួយគ្រឿង ម៉ាកកូរ៉េដឹកស៊ីម៉ត៍ របស់ក្រុមហ៊ុនរាជសីហ៍ឡូជីស្ទិក(RS) ដែលកំពុងជាប់ផុង ចតនៅក្បែរចិញ្ចើមផ្លូវពេញទំហឹង បណ្តាលឲ្យស្លាប់ម្នាក់ និងម្នាក់ទៀតរងរបួសធ្ងន់ ត្រូវរថយន្តគ្លីនិកឯកជនសុធារិទ្ធបែកចាន ដឹកយកទៅសង្គ្រោះបន្ទាន់ភ្លាមៗ។
ហេតុការណ៍ដ៏រន្ធត់ខាងលើ បានកើតឡើងនៅយប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៧នេះ ស្ថិតនៅលើកំណាត់ផ្លូវជាតិ៤ មុខកន្លែងកញ្ចុះលក់សាច់ក្រកអាំង ស្ថិតក្នុងភូមិគល់ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
មន្ត្រីនគរបាល ដែលបានចុះទៅកាន់កន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះដែលបានស្លាប់មានឈ្មោះ ទិន ទី អាយុ២១ឆ្នាំ មុខរបរធ្វើការរោងចក្រ និងស្នាក់នៅម្តុំបែកចាន មានស្រុកកំណើត ភូមិក្រាំងក្អុក ឃុំកំពង់សឹង ស្រុកព្រះស្តេច ខេត្តព្រៃវែង ជិះម៉ូតូម៉ាក CBR ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ១DE-០៦៩១ និងជនរងគ្រោះម្នាក់ទៀត នៅមិនទាន់ស្គាល់ ឈ្មោះនៅឡើយទេ ដោយជិះក្នុងទិសដៅពីកើតទៅលិច។
តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះខាងលើ បានធ្វើដំណើរតាមផ្លូវជាតិ៤ ក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនមួយយ៉ាងលឿន ខណៈមកដល់ ចំណុចកើតហេតុ បានទៅបុករថយន្តមួយគ្រឿង ម៉ាកកូរ៉េដឹកស៊ីម៉ត៍ របស់ក្រុមហ៊ុនរាជសីហ៍ឡូជីស្ទិក(RS) ដែលជាប់ផុងចតនៅក្បែរចិញ្ចើមផ្លូវពេញទំហឹង បណ្តាលឲ្យជនរងគ្រោះ បាក់កនិងផុងថ្ងាស់ស្លាប់ភ្លាមៗ នៅនឹងកន្លែង ចំណែកមិត្តភក្តិម្នាក់ទៀតរងរបួសធ្ងន់ ត្រូវរថយន្តគ្លីនិកឯកជនសុធារិទ្ធបែកចាន ដឹកទៅសង្គ្រោះបន្ទាន់ផងដែរ។
ក្រោយកើតហេតុមានប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានយកទូរស័ព្ទនៅហោប៉ៅជនរងគ្រោះ ខលប្រាប់សាច់ញាតិមកមើល បន្ទាប់មកសមត្ថកិច្ចជំនាញចរាចរក្រុង បានធ្វើការវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរជើងគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ចំណែកសពជនរងគ្រោះ ត្រូវបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ នៅស្រុកកំណើតតាមប្រពៃណី៕