(បន្ទាយមានជ័យ)៖ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ លោក មាស ច័ន្ទពិសិដ្ឋ បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧នេះ ជនសង្ស័យចំនួន៣នាក់ ដែលត្រូវបានកម្លាំងនគរបាលខេត្តបន្ទាយមានជ័យ ចាប់ខ្លួនពាក់ព័ន្ធករណីឃុបឃិតជាមួយជនជាតិថៃ ជួញដូរអាវុធឆ្លងដែនខុសច្បាប់ បាននិងកំពុងស្ថិតក្រោមការសួរនាំ នៅអយ្យការអមសាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់។
លោក មាស ច័ន្ទពិសិដ្ឋ បានបញ្ជាក់ថា «ជនសង្ស័យទាំង៣នាក់ ត្រូវបានសមត្ថកិច្ចបញ្ជូនមកតុលាការកាលពីព្រឹកមិញ ហើយនៅពេលនេះយើងកំពុងសួរនាំ»។
លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ ដោយសង្ស័យពាក់ព័ន្ធការជួញដូរអាវុធ ដែលត្រូវបានសមត្ថកិច្ចថៃចាប់បាន។ កាលពីពេលថ្មីៗនេះ កម្លាំងសមត្ថកិច្ចថៃចាប់បានមុខសញ្ញាជួញដូរអាវុធជនជាតិថៃចំនួន៥នាក់ និងដកហូតបានវត្ថុតាងមួយចំនួន រួមមាន កាំភ្លើង DK 82mm ចំនួន២ដើម, កាំភ្លើង DK 81mm ចំនួន១ដើម,គ្រាប់ 82mmចំនួន៣គ្រាប់, ឧបករណ៍បង្កៃគ្រាប់បែក ចំនួន៣ឈុត រួមជាមួយរថយន្តចំនួន៣គ្រឿង និងទូរស័ព្ទចំនួន៦គ្រឿង ដែលជនសង្ស័យអះអាងថា ទិញពីខ្មែរ។
ក្រោយពីទទួលបានព័ត៌មាននេះហើយនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានដាក់បទបញ្ជាឲ្យលោកឧត្តមសេនីយ៍ទោ អាត់ ខែម ដឹកនាំកម្លាំងនគរបាលជំនាញការិយាល័យផែនព្រហ្មទណ្ឌ បើកការស៊ើបអង្កេតស្រាវជ្រាវលើកករណីជួញដូរអាវុធឆ្លងដែនទៅប្រទេសថៃ ក្នុងភូមិសាស្ត្រស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ជាបន្ទាន់។
ដោយសហការជាមួយកម្លាំងនគរបាលខេត្តបាត់ដំបង និងមានការដឹកនាំសម្របសម្រួលពីលោក មាស ចាន់ពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យផងនោះ ក្នុងរយៈពេល២ថ្ងៃ កម្លាំងសមត្ថកិច្ចបានឈានដល់ការចាប់ឃាត់ខ្លួនជនជាតិខ្មែរ ចំនួន៣នាក់ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ក្នុងនោះរួមមាន៖
១៖ ឈ្មោះ ជឹម លីន អាយុ៣៦ឆ្នាំ នៅភូមិឈើទាល ឃុំសេរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង ជាអ្នកទិញ និងនាំយកទៅលក់បន្តឲ្យជនជាតិថៃ ហើយក៏ធ្លាប់រកស៊ីជួញដូរអាវុធចំនួន២លើកមកហើយ។
២៖ ឈ្មោះ យឹម សាវី អាយុ៣៨ឆ្នាំ នៅភូមិភ្នំប្រាំពីរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ជាអ្នកជួយជញ្ជូនចេញឆ្លងដែន។
៣៖ ឈ្មោះ អប់ វីវៈ ហៅឡេង អាយុ៤៨ឆ្នាំ មុខរបរជាបុគ្គលិកស៊ីម៉ាក់ រស់នៅភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង៕