(ភ្នំពេញ)៖ ស្ត្រីជាឈ្នួលបម្រើក្រីក្រម្នាក់ ធ្វេសប្រហែសបណ្តាល ឲ្យកុមារីអាយុជិតមួយខួប រងរបួសប្រដាប់ភេទ ត្រូវបានចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ លោក សាយ សារុន សម្រេចឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្ន។ នេះបើតាមការបញ្ជាក់របស់លោក ហួរ ម៉េងវ៉ាង អធិការរងនគរបាលខណ្ឌមានជ័យ ថ្លែងប្រាប់ភ្នាក់ងារសារព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២៤ ខែកក្កដានេះ។
ការសម្រេចរបស់ចៅក្រមរូបនេះធ្វើឡើង នៅរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៧ បន្ទាប់ពីស្ត្រីជាឈ្នួលបម្រើរូបនោះ ត្រូវបានព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ លោកស្រី កែវ សុគន្ធា ចោទប្រកាន់ជនសង្ស័យពីបទ «បង្កឲ្យមានរបួសដោយអចេតនា» តាមមាត្រា២៣៦នៃក្រមព្រហ្មទណ្ឌ។
មជ្ឈដ្ឋានមួយចំនួនដែលដឹងរឿងនេះច្បាស់អះអាងថា ស្ត្រីរូបនេះគ្មានចេតនាទេ ក្នុងការធ្វើឲ្យក្មេងស្រីរងរបួសបែបនេះទេ ហើយដោយសារតែដើមបណ្តឹង មិនព្រមបញ្ចប់រឿង ទើបនគរបាលបញ្ជូនស្ត្រីរូបនេះមកដើម្បីចាត់ការតាមតាមច្បាប់។
សូមជម្រាបថា ហេតុការណ៍នាំឲ្យមានការប្តឹងផ្តល់នេះ កើតឡើងកាលពីព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
ស្ត្រីឈ្មោះ តូ ចាន់ណា សារភាពនៅចំពោះមុខសមត្ថកិច្ចថា ខ្លួនគ្មានចេតនាធ្វើឲ្យក្មេងស្រីតូច រងគ្រោះរងរបួសបែបនេះនោះទេ ដោយមុនដំបូងឡើយ ខ្លួនបានមើលថែក្មេងស្រីឲ្យដេកនៅក្នុងអង្រឹង តែខណៈនោះក្មេងស្រីរងគ្រោះ បានបត់ជើងធំដាក់អង្រឹងប្រឡាក់ខ្លួន ទើបគាត់លើកក្មេងរងគ្រោះមកបន្ទប់ទឹក ងូតទឹកលាងសម្អាតជាមួយនឹងសាប៊ូ ខណៈនោះស្រាប់តែគាត់រអិលដួល ក៏បណ្តាលឲ្យដៃរបស់គាត់ ដែលកំពុងកាន់លាង ជ្រុលលូកចូលប្រដាប់ភេទក្មេងរងគ្រោះ បណ្តាលឲ្យមុតនឹងក្រចកដៃរបស់គាត់ ទើបមានឈាមហូរបែបនេះ។ តែភ្លាមៗគាត់មិនហ៊ានប្រាប់ឪពុកម្តាយ ក្មេងនោះទេ ព្រោះខ្លាចគេខឹងរករឿងគាត់ ទើបគាត់ព្យាយាមលាក់និងទូរស័ព្ទហៅឲ្យមកយកកូនបែបនេះ៕