(កំពង់ចាម)៖ បើទោះបីជាលទ្ធផលសម្រេចកន្លងទៅបានល្អហើយក្ដី លោកឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម បញ្ជាឲ្យមន្ដ្រីក្រោមឱវាទត្រូវខិតខំ បង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសក្នុងភូមិសាស្ដ្ររបស់ខ្លួនឲ្យល្អថែមទៀត។
ការថ្លែងបញ្ជាបែបនេះ របស់លោកឧត្តមសេនីយ៍មេបញ្ជាការ ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផងការងារឆមាសទី១ និងលើកទិសដៅបន្ដ ព្រមទាំងផ្សព្វផ្សាយបទបញ្ជារបស់ថ្នាក់នាំ នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧នេះ។
ក្នុងនោះក៏មានការចូលរួមពី លោកមេបញ្ជាការរង ប្រធាន-អនុប្រធានមន្ទីរ នាយរងសេនាធិការដ្ឋាន នាយការិយាល័យ មេបញ្ជាការក្រុង ស្រុក ស្នាក់ការ នាយនាយរង ចំណុះបញ្ជាការដ្ឋានអាវុធហត្ថខេត្តជាច្រើននាក់ផងដែរ។
យ៉ាងណាមិញ លោកឧត្តមសេនីយ៍ ក៏បាននាំនូវការសាកសួរសុខទុក្ខពីសំណាក់ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជូនមន្ដ្រីអាវុធទាំងអស់ផងដែរ។
ជាមួយគ្នានោះ លោកមេបញ្ជាការ ក៏បានយកបទបញ្ជារបស់លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត ដែលកំណត់ឲ្យសមត្ថកិច្ចទាំងអស់ ត្រូវខិតខំបង្ក្រាបរាល់បទល្មើសល្បែងស៊ីសងគ្រប់ប្រភេទ ឲ្យខាងតែបាន នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ព្រោះថាល្បែងស៊ីសងទាំងនោះហេីយ នាំឲ្យមានអំពើចោរកម្ម លួច ឆក់ ប្លន់ ។
ក្រៅពីការងារស្នូលទាំងនេះ លោកក៏បានឲ្យកម្លាំងសមត្ថកិច្ចត្រៀមគ្រប់លក្ខណៈជានិច្ច ក្នុងការចុះជួយប្រជាពលរដ្ឋ នៅពេលមានគ្រោះធម្មជាតិកើតឡើងជាយថាហេតុ ព្រោះថានេះជារដូវវស្សា។
លោកឧត្តមសេនីយ៍ត្រី បន្ថែមថា កម្លាំងទាំងអស់ត្រូវចូលរួមឲ្យសកម្មក្នុងការបង្ក្រាប និងផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានអំពីយុទ្ធនាការបង្ក្រាបគ្រឿងញៀន និងបទល្មើសផ្សេងៗទៀត។
លោកមេបញ្ជាការថា ទន្ទឹមនោះដែរត្រូវចូលរួមយ៉ាងសកម្ម ក្នុងការផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពទាំង៩ចំណុច និងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ឲ្យបានម៊ឺងម៉ាត់ បង្កើនការផ្តល់សេវាសន្តិសុខជូនប្រជាពលរដ្ឋឲ្យបានប្រសើរថែមទៀត៕