(ភ្នំពេញ)៖ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧នេះ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារ សភាពការណ៍សណ្តាប់ធ្នាប់សាធារណៈ និងកិច្ចប្រតិបត្តិការ និងលើកទិសដៅការងារសម្រាប់ឆមាសទី២ ឆ្នាំ២០១៧ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងមានការចូលរួមពីនាយកដ្ឋាន និងស្នងការនគរបាល ចំណុះឲ្យអគ្គស្នងការនគរបាលជាតិទាំងអស់។

យោងតាមរបាយការណ៍របស់ អគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា នៅឆមាសទី១ ឆ្នាំ២០១៧នេះ គ្រោះថ្នាក់សង្គមបានកើតឡើងចំនួន ៣,៥៧៧ករណី ចុះ១១៥ករណី ស្មើនឹង៣%ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៦ បណ្តាលឲ្យមនុស្សស្លាប់២,១១៧នាក់ ថយចុះ៤៧នាក់ និងរបួស៣,៦៩៥នាក់ ថយចុះ៨៥៥នាក់។

ក្នុងចំណោមគ្រោះថ្នាក់សង្គមដែលកើតឡើងទាំង៣៥៧៧លើក ក្នុងនោះរួមមាន៖

* គ្រោះថ្នាក់ចរាចរណ៍១៩០៧លើក ស្លាប់៩៣១នាក់ និងរបួស៣០០៦នាក់។
* គ្រោះថ្នាក់អាវុធជាតិផ្ទុះ (គ្រាប់មីន-គ្រាប់បែក) ១៥លើក ស្លាប់៦នាក់ និងរបួស២១នាក់។
* គ្រោះអគ្គិភ័យ៣០៩លើក ស្លាប់៩នាក់ និង៦៩នាក់របួស បំផ្លាញតូបលក់ដូរ២៣៦ និងផ្ទះ៣៣០ខ្នង។
* ខ្យល់ព្យុះចំនួន ១៤៩លើក ស្លាប់មនុស្ស២នាក់ និង៤០នាក់របួស ប៉ើងដំបូលផ្ទះ២០០១ខ្នង និងរលំផ្ទះ១៩២ខ្នង។
* រន្ទះបាញ់ ចំនួន៦៩លើក ស្លាប់មនុស្ស៤៥នាក់ និង៣៨នាក់របួស។
* ទឹកជំនន់ ២លើក គ្មានអ្នកស្លាប់ និងអ្នករបួសឡើង។
* អំពើអត្តឃាត ៣២៧លើក ស្លាប់៣២០នាក់ និង៧នាក់របួស។
* គ្រោះថ្នាក់់សង្គមផ្សេងៗ ៧៩៩លើក ស្លាប់៨០៤លើក របួស៥១៤នាក់៕