(បន្ទាយមានជ័យ)៖ ឃាតកដ៏ឃោឃៅ រំលោភសម្លាប់នារីវ័យក្មេងម្នាក់ ទុកសពចោលកណ្តាលវាលស្រែ ក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានហើយ នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧នេះ។ នេះបើតាមការបញ្ជាក់របស់ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ អាត់ ខែម។
លោកឧត្តមសេនីយ៍ អាត់ ខែម បានបញ្ជាក់ថា ជនសង្ស័យរូបនេះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅក្នុងក្រុងសេរីសោភណ្ឌ បន្ទាប់ពីរូបគេធ្វើដំណើរមកពីស្រុកអូរជ្រៅ ហើយនៅពេលនេះ សមត្ថកិច្ចកំពុងនាំខ្លួនជនសង្ស័យ យកទៅសួរនាំនៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីរៀបចំនីតិវិធីចាត់ការតាមច្បាប់។
សូមជម្រាបថា នារីវ័យក្មេងអាយុ១៨ឆ្នាំម្នាក់ ត្រូវបានជនល្មើសរំលោភរួចសម្លាប់ចោល កណ្តាលវាលស្រែ នៅក្នុងភូមិលង្គ័ ឃុំតាគង់ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧។
បន្ទាប់ពីទទួលបានការរាយការណ៍ពីករណីនេះ លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកម្លាំងចុះទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវស្វែងរកភស្តុតាង តាមចាប់ជនល្មើសមកកាត់ទោសតាមច្បាប់៕