(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អញ្ជើញជាអធិបតីភាព ប្រកាសសម្ពោធដាក់ឲ្យ ប្រើប្រាស់ជាផ្លូវការ «ក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០១៦-២០២៥» នាវិមានសន្តិភាព។
ឯកសារក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥ គ្របដណ្តប់លើវិស័យសំខាន់ ចំនួន២ គឺប្រព័ន្ធជំនួយសង្គម និងប្រព័ន្ធសន្តិសុខសង្គម ដែលបានឆ្លុះបញ្ចាំងអំពីការយកចិត្តទុកដាក់យ៉ាងខ្ពស់ របស់រាជរដ្ឋាភិបាលទៅលើការគាំពារសន្តិសុខប្រាក់ចំណូលរបស់ប្រជាពលរដ្ឋគ្រប់រូប និងជាពិសេស គឺការផ្តោតការយកចិត្តទុកដាក់ជាចម្បងលើការកាត់បន្ថយភាពក្រីក្រ និងការលើកកម្ពស់ ជីវភាពរបស់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ៕