(ភ្នំពេញ)៖ យុវជនពេញរូបពេញរាង និងពោរពេញដោយកម្លាំង ៥នាក់ រស់នៅក្នុងឃុំព្រៃពោន ស្រុកកំពង់ត្របែក ខេត្តព្រៃវែង បាននាំគ្នាដើរសុំទានក្នុងរាជធានីភ្នំពេញ ដោយនិយាយកុហកគេថា ពួកគេជាពលករមកពីប្រទេសថៃ ហើយគ្មានលុយសម្រាប់ធ្វើដំណើរទៅស្រុកកំណើតវិញ។ ការដើរនិយាយភូតភរនេះ យុវជនទាំង ៥នាក់នេះ ក្នុងម្នាក់ៗ អាចរកបានប្រាក់ជាង ១០ម៉ឺនរៀលក្នុងមួយថ្ងៃ ហើយមួយសប្តាហ៍ពួកគេឡើងទៅផ្ទះម្តង។
បន្ទាប់ពីមានការសង្ស័យពីសកម្មភាពបោកប្រាស់របស់យុវជនទាំង ៥នាក់នេះ នៅយប់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧ មន្រ្តីអាវុធហត្ថខណ្ឌដូនពេញ បានចុះឃាត់ខ្លួនពួកគេពេលកំពុងដើរសុំទាននៅតាមផ្លូវលេខ ១៣០ កែងផ្លូវលេខ៥ សង្កាត់ផ្សារកណ្តាល១ មកសួរនាំនៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ។ ក្រោយការសួរនាំក្រុមយុវជនទាំង៥នាក់ បានសារភាពថា ពួកគេជាអ្នករស់នៅផ្ទះជាប់ៗគ្នា ក្នុងឃុំព្រៃពោន ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ដោយឃើញអ្នកភូមិជាមួយគ្នារកលុយបានច្រើនតាមរយៈការដើរសុំទាន ទើបពួកគេបានបបួលគ្នាឡើងមកភ្នំពេញ ដើម្បីដើរសុំលុយដោះស្រាយជីវភាពគ្រួសារ ទិញជីដាក់ស្រែ និងដោះស្រាយបញ្ហាផ្សេងៗទៀត។
បើតាមមន្រ្តីកងរាជអាវុធហត្ថ បានឲ្យដឹងថា ក្នុងចំណោមយុវជនទាំង ៥នាក់នេះ មានឈ្មោះ អាត ពេជ្រ ជាមេក្លោងដឹកនាំដើរសុំលុយគេនៅរាជធានីភ្នំពេញ និងជាអ្នករៀបចំពាក្យនិយាយកុហក់ បោកប្រាស់មហាជន ថាពួកខ្លួនទាំងនេះជាកម្មករទើបមកពីប្រទេសថៃ អត់លុយហូបបាយ និងអត់លុយជិះឡានឈ្នួលត្រឡប់ទៅស្រុកកំណើតវិញ ដើម្បីបានការអាណិតអាសូរ និងទទួលបានការដាក់ទាន។
យុវជនទាំង៥នាក់ បានសារភាពថា ក្នុងមួយថ្ងៃពួកគេម្នាក់ៗ អាចរកប្រាក់បានជាង ១០ម៉ឺនរៀលក្នុង ១ថ្ងៃ ហើយក្នុងមួយសប្តាហ៍ពួកគេនាំគ្នាឡើងទៅផ្ទះម្តង នៅពេលអស់លុយក៏នាំគ្នាឡើងមកភ្នំពេញដើរសុំគេបន្តទៀត។ ក្រោយពីសួរនាំយុវជនទាំង ៥នាក់នេះ បច្ចុប្បន្នកំពុងឃាត់ខ្លួនជាបណ្តោះអាសន្ន នៅទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ។
តើនណាខ្លះ ដែលគាំទ្រមុខរបរសុំទានក្នុងសង្គម?
ជាកាពិតគ្មានរបរអ្វីស្រួលរកប្រាក់ជាងការដើរសុំទាននោះទេ ព្រោះមិនបាច់មានចំណេះ មិនបាច់មានជំនាញ មិនបាច់ មានដើមទុន តែអាចរកចំណូលបានខ្ទង់ពាន់ដុល្លារក្នុងមួយខែ តែវាក៏ជះឥទ្ធិពលមិនល្អដល់សង្គមផងដែរ!
ស្ទើរតែរាល់ថ្ងៃ គេតែងសង្កេតឃើញមានអ្នកដើរសុំលុយជាមនុស្សពេញកម្លាំងទាំងប្រុសទាំងស្រី តែងដើរលើកដៃសំពះសុំលុយគេ នៅតាមទីប្រជុំជនទាំងនៅក្នុង ទីក្រុងក៏ដូចជា តាមបណ្តាខេត្ត។ អ្នកដើរសុំពេញកម្លាំងទាំងនោះ ច្រើនយកលេសប្រាប់ថា ពួកគេជាកម្មករ មកពីប្រទេសថៃគ្មានលុយហូបបាយនិងគ្មាន សោហ៊ុយ ធ្វើដំណើរត្រឡប់ទៅស្រុកវិញ ។ ហើយថ្មីៗនេះចំនួនអ្នកក្លែងធ្វើជាកម្មករមកពីប្រទេសថៃដើរសុំលុយគេ ស្រាប់តែមានការកើនឡើងកាន់តែច្រើនក្នុងរាជធានី ភ្នំពេញគួរឲ្យសំគាល់ ដែលសកម្មភាពនិងពាក្យកុហក់របស់ពួកគេបានជះឥទ្ធិពលមិនល្អដល់សង្គម ធ្វើឲ្យមានការភ័ន្តប្រឡំថា ប្រទេសខ្មែរគ្មានការងារធ្វើ កម្មករចំណាកស្រុកលំបាកវេទនា រហូតធ្លាក់ខ្លួនដើរសុំលុយគេ ធ្វើឲ្យភ្ញៀវអន្តរជាតិជាពិសេសអ្នកទេសចរណ៍បរទេស មើលស្រាលស្រុកខ្មែរថា ជាប្រទេសសំបូរទៅដោយអ្នកសុំទាន តែធាតុពិតពួកគេមិនមែនជាកម្មករ ហើយក៏មិនមែនជាអ្នកទីទាល់ក្រលំបាក អត់ផ្ទះសម្បែង អត់លទ្ធភាពធ្វើការនោះដែរ គ្រាន់តែពួកគេខ្ជិលធ្វើការ ចូលចិត្តដើរបោកប្រាស់ អ្នកដ៏ទៃដើម្បីសុំលុយបានដោយស្រួលៗប៉ុណ្ណោះ បើទោះជាបច្ចុប្បន្ន ប្រាក់ឈ្នួលពលកម្មរបស់កម្មករអត់ជំនាញ នៅកម្ពុជាអាចរកបាន ពី២ម៉ឺនរៀលទៅ៤ម៉ឺនរៀលក្នុង១ថ្ងៃក៏ដោយ ក៏ពួកគេ មិនព្រមធ្វើការងារជាកម្មករដែរ ព្រោះថាមុខរបរសុំលុយក្នុងមួយថ្ងៃ អាចរកប្រាក់បានជាង១០ម៉ឺនរៀលដោយងាយស្រួល។
តើអ្នកឲ្យទានទាំងអស់ គឺអាចមានចំណូលច្រើនជាងពួកអ្នកដើរសុំដែរឬទេ? សូមក្រឡេកមើលរឿងពិតជាក់ស្តែងដូចខាងក្រោម៖
តើសកម្មភាពខាងលើនេះ យើងគួរគាំទ្រឲ្យមានក្នុងសង្គមដែរឬទេ? ដោយវាជាសិទ្ធសេរីភាពរបស់ពួកគាត់ ហើយក៏គ្មានច្បាប់ឯណាហាមមិនឲ្យដើរសុំលុយគេនោះទេ តែបើយើងគ្រប់គ្នាចូលរួមលុបបំបាត់ ដោយមិនធ្វើទាន តាមរូបភាពទាំងនេះ នោះពួកគាត់ពិតជាលែងមានកម្លាំងចិត្តនឹងដើរសុំលុយគេទៀតជាក់ជាមិនខាន ហើយសង្គមយើង ក៏នឹងមានភាពថ្លៃថ្នូរថែមមួយកម្រិតទៀតផងដែរ។ បើយើងចង់ធ្វើទាន គួរផ្តល់ទៅដល់ មន្ទីរពេទ្យគន្ធបុប្ផា ដែលតែងតែជួយព្យាបាលកុមារ មិនរើសមុខនិងមិនគិតលុយ មណ្ឌលកុមារកំព្រា ព្រះសង្ឃដូនជីចាស់ព្រឹទ្ធាចារ្យនៅក្នុងវត្ត ចាស់ជរាទុរគត៌ពុំមានទីពឹងដែលប្រឹងតស៊ូ រស់នៅដោយកម្លាំង ញើសឈាមពួកគាត់ និងសិស្សក្រីក្រដែលចេះតស៊ូរៀនសូត្រ ទើបទានរបស់យើង បានជាកុសល់ដល់ខ្លួនផង និងជាប្រយោជន៍ដល់សង្គមជាតិផង៕