(តាកែវ)៖ លោក ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ នាព្រឹកថ្ងៃទី២៣ ខែកក្ដដា ឆ្នាំ២០១៧នេះ បានដឹកនាំសមត្ថកិច្ចពាក់ព័ន្ធ ចុះទៅពិនិត្យមើលទីតាំងតំបន់អភិរក្សខាងលើ និងបានជួបជាមួយប្រជាពលរដ្ឋជាង ១០០នាក់ នៅក្នុងភូមិសង្គមមានជ័យ ឃុំកំពង់ក្រសាំង ស្រុកបូរីជលសារ ដើម្បីពន្យល់ពួកគាត់ឲ្យបានយល់ដឹងពីដីតំបន់អភិរក្សរបស់រដ្ឋ ដែលត្រូវបានហាមដាច់ខាតមិនឲ្យមានការរំលោភបំពាន។
ការចុះជួបប្រជាពលរដ្ឋនេះ ធ្វើឡើងបន្ទាប់ពីប្រជាពលរដ្ឋបាននាំគ្នាចូលកាន់កាប់ទន្ទ្រានទីតាំងដីខាងលើ ដោយខុសច្បាប់។
លោកអភិបាលខេត្តបានថ្លែងថា តំបន់អភិរក្សបឹងព្រែកល្ពៅដែលមានផ្ទៃដីប្រមាណ ៨ពាន់ហិកតានេះ ត្រូវតែការពារឲ្យបានជាដាច់ខាត ពិសេសតំបន់ស្នូល ដែលមានផ្ទៃដីជាង ៩០០ហិកតា។ កន្លងមក ដីនេះត្រូវបានប្រជាពលរដ្ឋមួយចំនួនតូច បានមកទន្រ្ទានឈូសឆាយដោយមានការញុះញង់ពីពួកមេខ្យល់ខិលខូចមួយចំនួន ដែលពួកមេខ្យល់ទាំងនោះ អាជ្ញាធរបានកាត់សម្គាល់ទុករួចហើយ។
លោកបានសង្កត់ធ្ងន់ថា «បងប្អូនដែលមានដីអាស្រ័យផលពីមុន សូមបន្តអាស្រ័យផលតទៅទៀតចុះ អាជ្ញាធរមិនបានដកហូតដីបងប្អូនទេ តែជៀសវាងដាច់ខាតការទៅឈូសឆាយទន្រ្ទានដីរបស់រដ្ឋថ្មីៗនេះថែមទៀត បើបងប្អូននៅតែបន្តការឈូសឆាយទន្រ្ទានដីរបស់រដ្ឋ អាជ្ញាធរនឹងមានចំណាត់ការតាមផ្លូវច្បាប់ជាក់ជាពុំខាន»។
លោក ឡាយ វណ្ណៈ បានណែនាំឲ្យអាជ្ញាធរភូមិ ឃុំត្រូវស្រង់ស្ថិតិឲ្យបានច្បាស់លាស់ ចំពោះប្រជាពលរដ្ឋណាដែលអត់ដីធ្វើស្រែចញ្ចឹមជីវិត ហើយផ្ញើមកអាជ្ញាធរខេត្ត ដើម្បីខេត្តស្នើបន្តទៅក្រសួងបរិស្ថាន និងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីកាត់ដីគម្របព្រៃមួយផ្នែកណាមួយ ចែកជូនប្រជាពលរដ្ឋសម្រាប់ធ្វើស្រែចញ្ចឹមជីវិត។
លោកអភិបាលខេត្ត ក៏បានលើកឡើងពីការជួលដីឲ្យវៀតណាមចូលមកធ្វើស្រែ ដោយបញ្ហានេះ អាជ្ញាធរខេត្តបានជូនសេចក្ដីជូនដំណឹង និងបានហៅម្ចាស់ដីដែលមានដីច្រើនហិកតា នៅតាមព្រំដែនមកប្រាប់ជាច្រើនដងហើយ ដោយបានហាមដាច់ខាតមិនឲ្យមានការជួលដីទៅឲ្យវៀតណាមធ្វើនោះទេ ហើយបញ្ហានេះ មេប៉ុស្តិ៍នៅតាមព្រំដែនទាំងអស់ ត្រូវតែឃ្លាំមើល និងមិនត្រូវអនុញ្ញាតឲ្យជនជាតិវៀតចូលមក ឬនាំសម្ភារគ្រឿងចក្រមកភ្ជួររាស់ ឬច្រូតស្រូវនៅក្នុងដីខ្មែរនោះទេ៕