(ភ្នំពេញ)៖ ក្រុមជម្រើសជាតិក្រោមអាយុ ២៣ឆ្នាំកម្ពុជា បានបាត់បង់ឱកាសឡើងវគ្គបន្តហើយ បន្ទាប់ពីក្រុម U-23ចិន បានយកឈ្នះក្រុម U-23ជប៉ុន ដោយលទ្ធផល ២-១ នាជំនួបបញ្ចប់ពូលJ នៃវគ្គជម្រុះ AFC U-23 Championship 2018 នៅពហុកីឡដ្ឋានជាតិ មុននេះបន្តិច ។
ក្រោយបញ្ចប់ការប្រកួតខាងលើ ក្រុម U-23ចិន បានឡើងឈរកំពូលតារាងមាន ៧ពិន្ទុ ជាមួយលទ្ធផល ៣ប្រកួតឈ្នះ២ និងស្មើ១ ។ រីឯជប៉ុន ឈរលេខ២ មាន ៦ពិន្ទុ ក្រោយឆ្លងកាត់ ៣ប្រកួតឈ្នះ២ និងចាញ់១ ។ ដោយហេតុនេះ កម្ពុជា ដែលកំពុងកាន់ ១ពិន្ទុក្នុងដៃ គ្មានឱកាសឡើងវគ្គបន្តឡើយ បើទោះឈ្នះការប្រកួតចុងក្រោយ លើក្រុម U-23ហ្វីលីពីន នាវេលាម៉ោង ៦៖៣០នាទីល្ងាចនេះក៏ដោយ៕