(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី អភិបាលរងខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៧នេះ បានអញ្ជើញបើកវិញ្ញាសាប្រឡងក្របខ័ណ្ឌលេខាធិការរដ្ឋបាល នៃក្រសួងមហាផ្ទៃ នៅវិទ្យាល័យ ហ៊ុន សែន បល្ល័ង្ក។
លោកស្រីអភិបាលរងខេត្ត បានណែនាំដល់បេក្ខជន បេក្ខនារីឲ្យត្រូវអនុវត្តទៅតាមបទបញ្ជាផ្ទៃក្នុងឲ្យបានល្អ ជាពិសេសក្នុងការប្រឡងត្រូវប្រឹងប្រែងអស់ពីសមត្ថភាព។
លោកស្រីបានឲ្យដឹងថា វិញ្ញាសាប្រលងនេះ ត្រូវបានរៀបចំដោយគណៈកម្មការកណ្តាល នៃគណៈរៀបចំការប្រឡងរបស់ក្រសួងមហាផ្ទៃ និងដោយមានការចាត់តាំងពីមន្ត្រីក្រសួងមហាផ្ទៃ នាំយកវិញ្ញាសាមកប្រឡងនេះ ត្រូវបានបេក្ខជន បេក្ខនារី និងគណៈកម្មប្រយោគចូលរួមជាសក្សី ដើម្បីបញ្ជាក់ថា វិញ្ញាសានេះពិតជាពុំមានរហែក ឬបែកធ្លាយពិតប្រាកដមែន។
លោកស្រីក៏បានផ្តាំផ្ញើដល់បេក្ខជន បេក្ខនារីទាំងអស់ ដែលត្រូវប្រឡង ត្រូវអនុវត្តតាមទៅបទបញ្ជាផ្ទៃក្នុងឲ្យបានល្អ មិនត្រូវលួចចម្លង ឬមានបំណងចម្លង មិនត្រូវពិភាក្សា ឬចម្លងគ្នាឡើយ មិនត្រូវគូសសញ្ញាសម្គាល់លើក្រដាស់វិញ្ញាសា និងឧបករណ៍អេឡិចត្រូនិច មិនត្រូវយកចូលក្នុងបន្ទប់ប្រឡងបានឡើយ។
ម្យ៉ាងទៀត លោកស្រីក៏បានជំរុញ និងលើកទឹកចិត្តដល់បេក្ខជន បេក្ខនារីទាំងអស់ ត្រូវប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ហើយអ្នកដែលបានពិន្ទុល្អជាងគេ ទើបអាចចូលបម្រើក្នុងក្របខ័ណ្ឌមន្ត្រីលេខាធិការរដ្ឋបាលសាលាខេត្តកំពង់ធំ។
ប្រធានគណៈកម្មាធិការមេប្រយោគប្រចាំមណ្ឌលប្រលងខេត្តកំពង់ធំ បានឲ្យដឹងថា បេក្ខជន បេក្ខនារី ដែលបានដាក់ពាក្យប្រឡង ក្នុងក្របខណ្ឌមន្ត្រីលេខាធិការរដ្ឋបាល ក្រសួងមហាផ្ទៃ មានចំនួន ២៩១នាក់ មានចំនួន ១មណ្ឌលប្រឡង ស្មើនឹង៦បន្ទប់ ការប្រឡងនេះត្រូវបានប្រព្រឹត្តទៅតែរយៈពេលមួយព្រឹកប៉ុណ្ណោះ លើវិញ្ញាសារចំនួន០២៖ ទី១.ចំណេះដឹងទូទៅ ចំណេះដឹងកិច្ចការរដ្ឋបាល និងគណិតវិទ្យា ទី២.វិញ្ញាសាតែងសេចក្តី ឬការសរសេរលិខិតរដ្ឋបាល៕